កំពូលតារាចម្រៀង K-Pop G-Dragon បានចេញអាល់ប៊ុមពេញទី ៣ របស់ខ្លួនមានចំណងជើងថា “Übermensch” នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះ ព្រមជាមួយ MV សម្រាប់បទចម្រៀងនាំមុខ “Too Bad” ដែលមានតារារ៉េបអាមេរិក Anderson .Paak ចូលរួមច្រៀង និងសមាជិកក្រុម aespa Karina ចូលរួមសម្ដែង។

“Übermensch” ជាអាល់ប៊ុមពេញដំបូងរបស់ G-Dragon ក្នុងរយៈពេល ១១ ឆ្នាំនិង ៥ ខែចុងក្រោយគិតចាប់តាំងពីអាល់ប៊ុម “Coup d’Etat” បានចេញកាលពីខែ កញ្ញា ឆ្នាំ ២០១៣ និងជាអាល់ប៊ុមដំបូងផងដែររបស់លោកចាប់តាំងពីចាកចេញពី YG និងចូលក្នុងផលិតកម្មថ្មី Galaxy Corporation និងផលិតកម្មអាមេរិក EMPIRE ។ អាល់ប៊ុមនេះមានបទចម្រៀងសរុបចំនួន ៨ បទ ដែលរួមទាំងបទ “Power” និង “Home Sweet Home” ដែលត្រូវបានចេញមុនគេកាលពីឆ្នាំមុនផងដែរ។


“Too Bad” គឺជាបទចម្រៀងបែបហ៊ីបហបរំលេចដោយសំឡេងចង្វាក់ភ្លេងគួរឱ្យរំភើប។ វីដេអូចម្រៀងនៃបទនេះដែលចូលរួមសម្តែងដោយ Karina សមាជិកក្រុម aespa ទទួលបានការចាប់អារម្មណ៍ខ្លាំងខណៈមានអ្នកចូលទស្សនាលើស ១ លានដងនៅលើ YouTube ក្នុងរយៈពេលពីរម៉ោងដំបូងនៃការចេញផ្សាយ។
ក្រោយចេញអាល់ប៊ុមនេះ G-Dragon នឹងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកទោលរបស់ខ្លួនឈ្មោះ “Übermensch in Korea” ជាមួយការសម្ដែងចំនួន ២ ថ្ងៃនៅពហុកីឡដ្ឋាន Goyang ក្នុងទីក្រុង Goyang ខេត្ត Gyeonggi ប្រទេសកូរ៉េនៅថ្ងៃទី ២៩ និង ៣០ ខែមីនា ខណៈកាលវិភាគសម្ដែងនៅក្រៅប្រទេសមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ ៕
























Account
Security
Favourite Content