កាន់តែជិតដល់ថ្ងៃដែលកិច្ចសន្យារបស់ BLACKPINK និង YG ផុតកំណត់ អ្នកគាំទ្រកាន់តែជ្រួលច្របល់ក្នុងចិត្ត ខណៈពាក្យចចាមអារ៉ាមជាច្រើនបន្តផ្ទុះឡើងនៅលើបណ្តាញសង្គម។
BLACKPINK បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៦ ហើយឥឡូវនេះក៏បានក្លាយជាក្រុមចម្រៀងស្រី Kpop ដែលមានឥទ្ធិពលលេខ ១លើពិភពលោក។ មកទល់នឹងពេលនេះ ពួកគេបានបង្ហាញមុខអស់រយៈពេល ៧ ឆ្នាំហើយ ហើយកិច្ចសន្យាជាមួយ YG Entertainment នឹងផុតកំណត់នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣។ នៅក្នុងវិស័យ Kpop មានបណ្ដាសាមួយហៅថា “បណ្តាសា៧ឆ្នាំ” ពោលគឺក្រុមជាច្រើនមិនអាចបន្តរួមគ្នាបានទេ ដោយសារការមិនបន្តកុងត្រាជាមួយផលិតកម្មចាស់ ហេតុដូច្នេះហើយទើបអ្នកគាំទ្រខ្វល់ខ្វាយពីអនាគតរបស់ BLACKPINK។
នៅថ្ងៃទី ១២ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា Lisa មិនទាន់បានឈានដល់កិច្ចព្រមព្រៀងដើម្បីបន្តកុងត្រាទេ។ ដូច្នេះហើយ វាអាចទៅរួចដែលថា ការប្រគំតន្ត្រីទេសចរណ៍ Born Pink នឹងក្លាយជាលើកចុងក្រោយដែលអ្នកគាំទ្របានឃើញសមាជិកទាំងបួនសម្តែងរួមគ្នា។ ដូច្នេះ តើអ្វីដែលបណ្ដាលឲ្យមានព័ត៌មានអាក្រក់ជាបន្តបន្ទាប់អំពីការចុះកុងត្រាឡើងវិញរបស់ពួកគេ ហើយតើអនាគតរបស់ BLACKPINK នឹងមានអ្វីកើតឡើង?

🟥ហេតុផលពីក្រោយពាក្យចចាមអារ៉ាមថា BLACKPINK មិនបន្តកុងត្រា
👉 ហេតុផលទី១៖ ល្បិចដាក់សម្ពាធពីផលិតកម្ម
ហេតុផលដែលអាចទៅរួចមួយគឺពាក្យចចាមអារ៉ាមនេះត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុន YG Entertainment ផ្ទាល់តែម្ដងដើម្បីដាក់សម្ពាធលើសមាជិក។ ការចរចាកិច្ចសន្យារវាងសិល្បករ និងក្រុមហ៊ុន គឺជាដំណើរការដ៏វែងឆ្ងាយ ហើយប្រសិនបើអ្វីៗដំណើរការល្អ ការប្រកាសជាសាធារណៈនឹងធ្វើឡើងមុនពេលបញ្ចប់កិច្ចសន្យា។
ការបញ្ជាក់ពីអនាគតរបស់ក្រុមនាពេលឆាប់ៗនេះនឹងនាំមកនូវសន្តិភាពផ្លូវចិត្តដល់អ្នកគាំទ្រនិងម្ចាស់ភាគហ៊ុន ហើយក្រុមហ៊ុនអាចបង្កើតផែនការអភិវឌ្ឍន៍រយៈពេលវែងសម្រាប់សិល្បករផង។ ជាឧទាហរណ៍ BTS បានបន្តកិច្ចសន្យាជាមួយ HYBE Labels តាំងពីឆ្នាំ ២០១៨ ដែលមានរយៈពេល ២ ឆ្នាំមុនពេលកិច្ចសន្យាផុតកំណត់ ឬ TWICE ជាមួយផលិតកម្ម JYP បានប្រកាសថាក្រុមនេះបានបន្តកុងត្រាតាំងពីខែមិថុនាឆ្នាំ ២០២២ ពោលគឺ ៤ខែមុនពេលផុតកំណត់កុងត្រាចាស់។


ងាកមក BLACKPINK ស្ថានភាពកិច្ចសន្យាថ្មីរបស់ពួកគេនៅតែជាសញ្ញាសួរ ទោះបីជានៅសល់តិចជាង ១ ខែក៏ដោយ។ ព័ត៌មានខ្លះថាភាគីទាំងពីរមិនទាន់រកសំឡេងរួមបានទេ ដូច្នេះហើយទើប YG បញ្ចេញដំណឹងមិនល្អខ្លះពាក់ព័ន្ធ BLACKPINK ដើម្បីឱ្យអ្នកគាំទ្រសោកស្តាយនៅពេលក្រុមដែលខ្លួនពេញចិត្តត្រូវបំបែកជួរ ហើយក៏ជាការដាក់សម្ពាធធ្វើឱ្យសមាជិក BLACKPINK មានអារម្មណ៍ថាពួកគេកំពុងធ្វើឱ្យអ្នកគាំទ្រសោកសៅ នាំឱ្យមានករណីដែលពួកគេអាច “បិទភ្នែកស៊ីញ៉េ” លើកិច្ចសន្យាថ្មីទោះបីជាមានលក្ខខណ្ឌមិនគ្រប់គ្រាន់ក៏ដោយ។
លើសពីនេះ ការដែល YG មិនបានចាត់វិធានការដើម្បីការពារ Jennie ក្នុងករណីដែលពួក Hacker ទម្លាយរូបថតឯកជន ក៏ដូចជាការអនុញ្ញាតឲ្យ anti-fan និងអ្នកគាំទ្របំពុល បង្កការភ័យខ្លាចដល់សមាជិកក្នុងបណ្ដាញសង្គមជាបន្តបន្ទាប់ ក៏ចាត់ទុកថាជាការដាក់សម្ពាធលើក្រុមដែរ។
👉 ហេតុផលទី២៖ គូប្រជែង
ក្រៅពីនេះក៏មានមតិថា ពាក្យចចាមអារ៉ាមនោះជាស្នាដៃរបស់គូប្រជែង YG Entertainment។ គូប្រកួតប្រជែងជាច្រើនប្រើ “គ្រោងការណ៍កខ្វក់” ផ្សព្វផ្សាយពាក្យចចាមអារ៉ាមដើម្បីទម្លាក់កេរ្តិ៍ឈ្មោះរបស់ YG និងកាត់បន្ថយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ព្រោះ BLACKPINK គឺជាក្រុមសំខាន់របស់ក្រុមហ៊ុន។
តាមពិតទៅ មានក្រុមហ៊ុនជាច្រើនដែលបើកភ្លើងខៀវឱ្យ Jisoo, Jennie, Rosé និង Lisa ប្រសិនបើពួកគេមិនបន្តកុងត្រាជាមួយ YG។ មានព័ត៌មានចុះផ្សាយថាក្រុមហ៊ុននៅក្នុងប្រទេសចិនស្នើតម្លៃខ្លួនចំនួន ១០០ ពាន់លានវ៉ុន (ជិត ៨០លានដុល្លារ) ដើម្បីអញ្ជើញ Lisa មកនៅក្រោមដំបូលពួកគេ។ Jisoo, Rosé និង Jennie ក៏ត្រូវបានគេនិយាយថាងាយស្រួលស្វែងរកកន្លែងថ្មីដែរព្រោះពួកគេសុទ្ធតែជាតារាកំពូលដែលមានឥទ្ធិពលខ្លាំងក្នុងវិស័យតន្ត្រី ភាពយន្ត និងម៉ូដ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ YG ត្រូវចំណាយយ៉ាងហោចណាស់ ២០ ពាន់លានវ៉ុន (១៥,៨ លានដុល្លារ) សម្រាប់សមាជិកម្នាក់ៗដើម្បីអាចរក្សាពួកគេ។

👉 ហេតុផលទី ៣៖ ការប្រកួតប្រជែងផ្ទៃក្នុង
“ការរត់គេច” របស់សិល្បករជាបន្តបន្ទាប់ទៅកាន់ THE BLACK LABEL បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍។សារព័ត៌មាន Korea Herald ធ្លាប់បានរាយការណ៍ផ្តាច់មុខថា BLACKPINK នឹងដើរតាមគន្លងរបស់សិស្សច្បង Taeyang ដោយផ្លាស់ប្តូរក្រុមហ៊ុនគ្រប់គ្រងពី YG Entertainment ទៅ THE BLACK LABEL។ ទោះបីជា YG មិនបានបញ្ជាក់រឿងនេះក៏ដោយ ប៉ុន្តែអ្នកគាំទ្រនៅតែមានការព្រួយបារម្ភ។
THE BLACK LABEL គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយផលិតករ Teddy ។ កាលពីមុន THE BLACK LABEL គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ YG Entertainment។ ទោះយ៉ាងណា ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២០ THE BLACK LABEL គ្រាន់តែជាក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយ YG ប៉ុណ្ណោះ។ មានន័យថាចំនួនភាគហ៊ុនដែល YG កាន់កាប់នៅក្នុង THE BLACK LABEL បានថយចុះត្រឹមតែប្រហែល 25-50% ប៉ុណ្ណោះ។ ដូច្នេះវាមិនមែនជាក្រុមហ៊ុនបុត្រសម្ព័ន្ធទៀតទេ ប៉ុន្តែក្លាយជាគូប្រជែងដ៏ធំរបស់ YG ខ្លួនឯង។
ប្រសិនបើ BLACKPINK ពិតជាចាកចេញមែននោះ YG នឹងទទួលរងការខាតបង់ដ៏ធំ។ ឥឡូវនេះ ពួកគេនឹងនៅសល់តែក្រុម TREASURE, BABY MONSTERS ដែលត្រៀមបង្ហាញខ្លួន និង WINNER ដែលកំពុងរវល់បំពេញកាតព្វកិច្ចយោធា។ ដូច្នេះហើយគេជឿថា YG នឹងខិតខំ យ៉ាងខ្លាំងដើម្បីរក្សា BLACKPINK ដែលជាគ្រាប់ពេជ្ររបស់ពួកគេ។


🟥តើអនាគតរបស់ BLACKPINK ទៅជាយ៉ាងណា?
ទោះបីជាការចាកចេញពី YG គឺជាអ្វីដែលអ្នកគាំទ្រមិនចង់បាន ប៉ុន្តែប្រសិនបើវាពិតជាកើតឡើង BLINKs ក៏មិនចាំបាច់គិតអវិជ្ជមានពេកនោះដែរ។ កាលពីមុន តារាដែលចាកចេញពីផលិតកម្មគឺមានន័យថាចាកចេញពីក្រុម ប៉ុន្តែឥឡូវករណីនេះលែងជារឿងគួរបារម្ភទៀតហើយ បន្ទាប់ពីករណីរបស់ SNSD។
ក្នុងឆ្នាំ ២០១៧ មហាជនមានការភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានដែលថា Tiffany, Sooyoung និង Seohyun បានចាកចេញពីផលិតកម្ម SM Entertainment បន្ទាប់ពីធ្វើការជាមួយគ្នាអស់រយៈពេល ១០ ឆ្នាំ និងគិតថានេះជាចុងបញ្ចប់នៃក្រុមចម្រៀងនារីជាតិ ប៉ុន្តែចុងក្រោយ SNSD នៅតែអាចត្រលប់មកវិញជាមួយនឹងសមាជិក ៩ នាក់ពេញ ដោយបានចេញអាល់ប៊ុមគម្រប់ខួប ១៥ ឆ្នាំ ហើយថែមទាំងបានសម្តែងក្នុងកម្មវិធី SM Town Concert ទៀតផង។

ភាពជោគជ័យរបស់ SNSD បានបង្កើតការសន្និដ្ឋានសម្រាប់ក្រុមជាបន្តបន្ទាប់ដែលសមាជិកខ្លះបានប្ដូរទៅក្រុមហ៊ុនផ្សេង តែនៅតែអាច Comeback ជាមួយគ្នាដូចជា 2PM, KARA, EXID… ។ ដរាបណាសមាជិកអាចរៀបចំកាលវិភាគផ្ទាល់ខ្លួន និងមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុនចាស់ ពួកគេនៅតែអាចមានសកម្មភាពជាមួយក្រុមចាស់ និងអភិវឌ្ឍខ្លួនក្នុងវិស័យផ្សេងទៀតក្នុងពេលតែមួយ។



YG ផ្ទាល់ក៏ទំនងមិនមែនជាក្រុមហ៊ុនដែលបិទផ្លូវសិល្បករដែលបានចាកចេញពីក្រុមហ៊ុនខ្លួនដែរ។ ក្នុងឆ្នាំ ២០២២ ក្រុម 2NE1 បានជួបជុំគ្នាយ៉ាងអស្ចារ្យនៅលើឆាក Coachella ប៉ុន្តែអ្នកគាំទ្រក៏មានការព្រួយបារម្ភអំពីបញ្ហាផ្លូវច្បាប់ ដោយសារតែ YG នៅកាន់កាប់ឈ្មោះក្រុម និងការរក្សាសិទ្ធិបទចម្រៀង។ ផ្ទុយពីក្តីបារម្ភរបស់អ្នកគាំទ្រ YG បានឆ្លើយតបថាពួកគេមិនមានជម្លោះនឹងការសម្តែងរបស់ 2NE1 ទេ។ Lee Hi និង AKMU ត្រូវបានផ្តល់សិទ្ធិឱ្យប្រើប្រាស់ Channel YouTube ទោះបីជាពួកគេចាកចេញពីក្រុមហ៊ុនក៏ដោយ ហើយក្រុម iKON ក៏ត្រូវបានផ្តល់សិទ្ធិពេញលេញក្នុងការប្រើឈ្មោះក្រុមបន្ទាប់ពីកិច្ចសន្យាផុតកំណត់។
ខណៈព័ត៌មានអំពីសមាជិកដែលចាកចេញពី YG គឺនៅមិនអាចបញ្ជាក់បានទាំងស្រុង អ្នកគាំទ្រនៅតែសង្ឃឹមថា BLACKPINK នឹងបន្តកិច្ចសន្យារបស់ពួកគេ និងឆ្ពោះទៅរកភាពជោគជ័យមួយកម្រិតទៀតទាំងអស់គ្នា ៕
























Account
Security
Favourite Content