ភាពយន្ត “Fast X” ដែលជាវគ្គទី១០នៃស៊េរីភាពយន្តប្រណាំងឡានដ៏ល្បី “Fast & Furious” បានបិទបញ្ចប់សប្ដាហ៍ដំបូងជាមួយចំណូលរហូតដល់ ៣១៩លានដុល្លារពីការបញ្ចាំងជុំវិញពិភពលោក ប៉ុន្តែចំណូលនេះនៅមិនទាន់អាចឱ្យភាពយន្តស្រង់ដើមបានវិញនៅឡើយទេ។

យោងតាមសារព័ត៌មាន Variety ភាពយន្តរឿង Fast X អាចរកចំណូលបាន ៣១៩ លានដុល្លារ ពីការបញ្ចាំងទូទាំងពិភពលោក ដោយក្នុងនោះ ការបញ្ចាំងនៅអាមេរិកដែលជាទីផ្សារក្នុងស្រុកអាចរកបាន ៦៧,៥ លានដុល្លារ ខណៈចំណូលពីទីផ្សារក្រៅស្រុកគឺប្រមាណ ២៥១លានដុល្លារ។
ចំណូលខាងលើធ្វើឱ្យខ្សែភាពយន្តនេះក្លាយជាភាពយន្តដែលរកចំណូលនៅសប្ដាហ៍ដំបូងបានច្រើនបំផុតលំដាប់ទី២ប្រចាំឆ្នាំ២០២៣នេះ ពោលគឺបន្ទាប់ពីភាពយន្តThe Super Mario Bros ដែលអាចរកបាន ៣៧៧ លានដុល្លារនៅសប្ដាហ៍ដំបូង។
ទោះបីជាប្រាក់ចំណូលល្អប្រសើរជាងការរំពឹងទុកក៏ដោយ ប៉ុន្តែភាពយន្ត Fast X បានកត់ត្រាប្រាក់ចំណូលធ្លាក់ចុះនៅអាមេរិកខាងជើង បើប្រៀបធៀបនឹងវគ្គ៩ ដែលចេញកាលពីឆ្នាំ២០២១ អាចរកចំណូលនៅសប្ដាហ៍បើកឆាកបាន ៧០លានដុល្លារនៅអាមេរិក បើទោះជាកាលនោះមានការរឹតត្បិតដោយសារជំងឺកូវីដ១៩ក៏ដោយ។


អ្នកជំនាញនិយាយថា ភាពយន្ត Fast X ត្រូវបន្តរកចំណូលឱ្យបានច្រើនបែបនេះយ៉ាងហោចមួយឬពីរសប្ដាហ៍ទៀតដើម្បីអាចស្រង់ដើម និងរកប្រាក់ចំណេញបាន ដោយសាររឿងនេះជាគម្រោងដែលចំណាយដើមទុនផលិតច្រើនគឺរហូតដល់ ៣៤០លានដុល្លារ ដោយមិនទាន់គិតថ្លៃធ្វើទីផ្សារ និងការបែងចែកចំណូលជាមួយរោងកុននោះទេ។
ខណៈដែលទទួលបានការចាប់អារម្មណ៍ច្រើន ប៉ុន្តែភាពយន្តដែលសម្ដែងដោយ Vin Diesel និងមានការចូលរួមពីតារាសាច់ដុំ Jason Momoa ដើរតួជាគូប្រជែងនេះ ក៏ទទួលបានមតិរិះគន់ជាច្រើនដែរពីទស្សនិកជន និងអាចទទួលបានពិន្ទុវិជ្ជមានប្រមាណ ៥៧% ប៉ុណ្ណោះលើវិបសាយវាយតម្លៃភាពយន្ត Rotten Tomatoes ៕



























Account
Security
Favourite Content