ថ្វីត្បិតជាខ្សែភាពយន្ដដែលផលិតក្នុងស្រុក ប៉ុន្តែពេលនេះរឿង Death’s Game កំពុងទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់នៅទូទាំងពិភពលោក ដោយនេះបានបង្ហាញពីការប្រកួតប្រជែងរបស់ក្រុមហ៊ុន Tving នៅលើឆាកអន្តរជាតិ។

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន Tving បានប្រកាសថារឿង Death’s Game Part 2 ដែលបានចាក់ផ្សាយនៅ Amazon Prime Video នៅថ្ងៃទី៥ ខែមករា កន្លងទៅនេះបានហក់ឡើងដល់ចំណាត់ថ្នាក់លេខ ២ ក្នុងពិភពលោកសម្រាប់កម្មវិធីទូរទស្សន៍លើគេហទំព័រ Prime Video ។

យោងតាម FlixPatrol ដែលជាវេទិកាបណ្ដុំអ្នកទស្សនាទូទាំងពិភពលោកក៏បានបង្ហាញថារឿង Death’s Game ទទួលបានតំណែងមួយក្នុងលំដាប់កំពូលរឿងទាំង ១០ ក្នុងចំណោម ៧១ ប្រទេស។ ប្រជាប្រិយភាពដែលគួរឱ្យសាទរមួយនេះមិនត្រឹមតែនៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះក៏មានប្រទេសបារាំង និងប្រទេសម៉ិកស៊ិកផងដែរ។ សូម្បីតែអ្នកជំនាញផ្នែកឧស្សាហកម្មភាពយន្ដកុនក៏ចាត់ទុកភាពជោគជ័យរបស់ Death’s Game ថាជាភស្ដុតាងមួយនៃការប្រកួតប្រជែងជាសកលផងដែរ។

សមិទ្ធផលដ៏ធំរបស់ Tving នៅពេលនេះហាក់ដូចជាកំពុងបង្ហាញពីការប្រកួតប្រជែងមាតិកាដើម ឬ original content នៅលើទីផ្សារក្នុងពិភពលោក។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Tving បានទាក់ទាញកំណើនអតិថិជនគួរឱ្យកត់សម្គាល់គឺរហូតដល់ ៦០% ក្នុងរយៈពេល ២ សប្ដាហ៍ក្រោយចាក់បញ្ចាំងខ្សែភាពយន្ដ Death’s Game និង EXchange 3។
ប្រជាប្រិយភាព និងភាពជោគជ័យរបស់រឿង Death’s Game ពេលនេះត្រូវបានគេព្យាករណ៍ថាអាចឈានដល់កម្រិតកំពូលមួយដូចទៅនឹងរឿង Penthouse ដែលទទួលបានពានរង្វាន់នៅមហោស្រពអន្តរជាតិ Cannes និងដណ្ដើមបានតំណែងកំពូលនៅក្នុងប្រភេទកម្មវិធីទូរទស្សន៍ក្នុង ២៦ ប្រទេសរួមមានចក្រភពអង់គ្លេស កាណាដា អ៊ីតាលី ម៉ិកស៊ិក និងអូស្ត្រាលី ក្រោយចាក់ផ្សាយនៅលើ Paramount+។

គួរបញ្ជាក់ផងដែរថា Death’s Game គឺជាខ្សែភាពយន្ថភាគដែល Choi Yi Jae សម្តែងដោយ Seo In Guk ត្រូវបានគេផ្ដល់ឱកាសចំនួន ១២ ដងដើម្បីរត់គេចពីសេចក្ដីស្លាប់។ ប្រសិនបើគេមិនអាចគេចផុតពីសេចក្ដីស្លាប់ នោះគេនឹងត្រូវធ្លាក់ទៅឋាននរកដើម្បីរងទុក្ខជារៀងរហូត៕























Account
Security
Favourite Content