តុលាការសហរដ្ឋអាមេរិកកាត់ក្ដីឱ្យ Ed Sheeran ជាអ្នកឈ្នះ ក្រោយ Structured Asset Sales (SAS) ចោទប្រកាន់ថា តារាចម្រៀងសញ្ជាតិអង់គ្លេសរូបនេះបានរំលោភកម្មសិទ្ធិបញ្ញាទៅលើបទ Let’s Get It On របស់ Marvin Gaye។


ក្រុមហ៊ុន SAS ដែលមានភាគហ៊ុនរួមក្នុងកម្មសិទ្ធិបញ្ញារបស់បទចម្រៀងដ៏ល្បីល្បាញមួយនេះ បានចោទប្រកាន់ថា Ed Sheeran ថាបានលួចចម្លង cord និងចង្វាក់ពីបទរបស់ Marvin Gaye សម្រាប់ចម្រៀង Thinking Out Loud ។
ឆ្លើយតបនឹងបញ្ហានេះ កាលពីថ្ងៃទី១ ខែវិច្ឆិកាកន្លងទៅ តុលាការឧទ្ធរណ៍បានបើកសវនាការ និងសម្រេចថា Ed Sheeran ជាបុគ្គលបរិសុទ្ធ និងជាភាគីឈ្នះលើសំណុំរឿងខាងលើ។ តុលាការបានឱ្យហេតុផលថា បទចម្រៀងដែលបានចេញផ្សាយតាំងតែពី ១០ឆ្នាំមុន ពោលគឺតាំងតែពីខែតុលា ឆ្នាំ ២០១៤ មិនបានល្មើសនឹងច្បាប់កម្មសិទ្ធិបញ្ញាឡើយ គ្រាន់តែចម្រៀងមួយបទនេះមានធាតុផ្សំផ្នែកតន្ត្រីដូចគ្នាតែប៉ុណ្ណោះ។

តុលាការបានអធិប្បាយបន្ថែមថា នេះជារឿងធម្មតា ព្រោះបទល្បីៗជាច្រើនក៏មានភាពស្រដៀងគ្នាទៅនឹងបទមុនៗដែរ។ បើទោះបីជា cord និងចង្វាក់មួយចំនួនអាចនឹងធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ថាដូចគ្នាក៏ពិតមែន តែនេះមិនមែនហេតុផលសមរម្យសម្រាប់ការប្ដឹងផ្ដល់គ្នានោះទេ។
គួររំឭកផងដែរថា នេះមិនមែនជាលើកទីមួយទេ សម្រាប់បទចម្រៀងដែលបានជាប់ចំណាត់ថ្នាក់លេខ ២នៅលើ Billboard Hot 100 ទទួលរងការចោទប្រកាន់ទៅលើរឿងដដែលនេះ ព្រោះកាលពីខែឧសភាកន្លងមក កូនស្រីរបស់ Ed Townsend ដែលជាអ្នកសហនិពន្ធជាមួយនឹង Marvin Gaye ក៏ធ្លាប់ចេញមុខប្ដឹងផ្ដល់លោករួចទៅហើយដែរ។ សម្រាប់គ្រានោះ តុលាការក៏បានកាត់ក្ដីឱ្យ Ed Sheeran ជាជនបរិសុទ្ធដែរ៕
























Account
Security
Favourite Content