ស្ថានីយទូរទស្សន៍របស់រដ្ឋាភិបាលចិន CCTV បានផ្ញើសំណើអញ្ជើញតារាខេប៉ុបប្រុសចំនួន ៥ក្រុម រួមមាន BTS, SEVENTEEN, Stray Kids, EXO និង Treasure ឱ្យមកធ្វើកម្មវិធីប្រគំតន្រ្តីខ្នាតយក្សក្នុងប្រទេសរបស់ខ្លួន ដែលអាចចាត់ទុកជាកម្មវិធីខេប៉ុបលំដាប់ជាតិដំបូងបង្អស់ ក្រោយប្រទេសចិនបានហាមប្រាមវប្បធម៌របស់កូរ៉េខាងត្បូង ដោយប្រយោលតាំងតែពីឆ្នាំ ២០១៦។


យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NoCut កម្មវិធីប្រគំតន្ត្រីខេប៉ុបនេះ គ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុងធំៗរបស់ចិនចំនួន ៦ រួមមានទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ សិនជិន ឆុងឈីង និង ឆឹងទូ។ កម្មវិធីដែលជាផ្នែកមួយនៃគម្រោងវប្បធម៌កូរ៉េ-ចិនមួយនេះ នឹងចាក់ផ្សាយនៅលើទូរទស្សន៍ CCTV ជាមួយនឹងការរំពឹងទុកថា នឹងមានអ្នកចូលរួមប្រមាណ ៣ម៉ឺននាក់ក្នុងទីក្រុងនីមួយៗ។
យោងតាមសារព័ត៌មាន Sportskeeda ការកាត់បន្ថយការរឹតបន្តឹងនេះ អាចជាវិធីសាស្ត្រការទូតមួយរបស់ប្រទេសចិន ព្រោះជាក់ស្ដែង មានការរំពឹងទុកថា នៅចុងឆ្នាំ ២០២៥នេះ ប្រធានាធិបតី Xi Jinping នឹងធ្វើដំណើរទៅទស្សនកិច្ចនៅក្នុងទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង តាមរយៈកិច្ចប្រជុំកំពូល APEC។

លទ្ធផលនៃការវិលត្រឡប់ដោយបើកចំហររបស់តន្ត្រីខេប៉ុបនៅក្នុងទឹកដីប្រទេសមហាអំណាចមួយនេះ បានជះឥទ្ធិពលល្អដល់ឧស្សាហកម្មខេប៉ុបតាំងតែពីដើមឆ្នាំ ២០២៥មកម៉្លេះ។ ជាក់ស្ដែង តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមានការកើនឡើងគួរឱ្យកត់សម្គាល់។ តួយ៉ាង តម្លៃភាគហ៊ុនរបស់ SM Entertainment បានកើនឡើងរហូតដល់ទៅ ៦៨ភាគរយ ស្របពេលដែល HYBE បានកើនឡើងប្រមាណ ២៨ភាគរយ។
ទន្ទឹមគ្នានេះ អ្នកវិភាគទីផ្សារក៏បានព្យាករដែរថា ការណ៍ដែលប្រទេសចិនកាត់បន្ថយការរឹតបន្តឹងមាតិកាវប្បធម៌កូរ៉េខាងត្បូងក្នុងប្រទេសរបស់ខ្លួន នឹងធ្វើឱ្យទីភ្នាក់ងារកម្សាន្តរបស់កូរ៉េខាងត្បូង អាចបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់ទៅ ៣០ភាគរយ៕























































Account
Security
Favourite Content