ក្រុមចម្រៀងជួរមុខខេប៉ុប BTS កំពុងពង្រីកការវិលត្រឡប់មកវិញដ៏មានឥទ្ធិពលរបស់ខ្លួនទៅកាន់កម្រិតសកល ដោយចាប់ដៃគូជាមួយ Netflix និង HYBE សម្រាប់ការប្រគំតន្ត្រីផ្សាយផ្ទាល់ទូទាំងពិភពលោក និងខ្សែភាពយន្តឯកសារខ្នាតធំមួយ។

នៅព្រឹកថ្ងៃអង្គារនេះ Netflix និង HYBE បានប្រកាសថា BTS នឹងឡើងសម្ដែងក្នុងកម្មវិធីប្រគំតន្ត្រីមានចំណងជើងថា “BTS Comeback Live: ARIRANG” ដែលនឹងចាក់ផ្សាយផ្តាច់មុខលើ Netflix នៅថ្ងៃទី ២១ ខែមីនា វេលាម៉ោង ៨ យប់ ម៉ោងនៅកូរ៉េខាងត្បូង ត្រូវនឹងម៉ោង ១០ យប់នៅកម្ពុជា។ ការប្រគំតន្ត្រីនេះនឹងត្រូវផ្សាយផ្ទាល់ជូនទស្សនិកជននៅក្នុងប្រទេសជាង ១៩០។
ការសម្ដែងនេះនឹងធ្វើឡើងនៅទីលាន Gwanghwamun ដែលជាទីតាំងជានិមិត្តរូបបំផុតមួយរបស់ទីក្រុងសេអ៊ូល ចំពេលជាមួយនឹងការចេញផ្សាយអាល់ប៊ុមថ្មីរបស់ BTS គឺអាល់ប៊ុម ARIRANG។ ដើម្បីអបអរសាទរការវិលត្រឡប់មកវិញជាប្រវត្តិសាស្ត្រនេះ Netflix និង HYBE បានរួមកម្លាំងគ្នាដើម្បីនាំយកខណៈពេលដ៏រំភើបនេះទៅកាន់ទស្សនិកជនទូទាំងពិភពលោកបែប Real-time។
អាល់ប៊ុមពេញទី ៥ របស់ BTS ដែលនឹងចេញផ្សាយខាងមុខនេះ គឺឆ្លុះបញ្ចាំងពីប្រភពដើម និងអត្តសញ្ញាណដែលកំពុងវិវត្តរបស់ក្រុម។ បន្ទាប់ពីការចេញផ្សាយអាល់ប៊ុម BTS មានគម្រោងចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកដ៏ធំសម្បើមគឺ “BTS WORLD TOUR ‘ARIRANG’ (2026–2027)” ដែលមានការសម្ដែងចំនួន ៨២ ជុំ ក្នុង ៣៤ តំបន់ រួមមានអាស៊ី អាមេរិកខាងជើង អាមេរិកឡាទីន អឺរ៉ុប និងមជ្ឈិមបូព៌ា។


ក្រៅពីការប្រគំតន្ត្រីផ្សាយផ្ទាល់ Netflix ក៏នឹងបញ្ចេញខ្សែភាពយន្តឯកសារខ្នាតធំមួយមានចំណងជើងថា “BTS: The Return” នៅថ្ងៃទី ២៧ ខែមីនា។ ភាពយន្តនេះដើរតាមដំណើររបស់ក្រុម BTS ក្នុងការត្រឡប់មកកាន់វិស័យតន្ត្រីវិញ បន្ទាប់ពីការផ្អាកអស់រយៈពេល ៣ ឆ្នាំ និង ៩ ខែ ដោយនឹងផ្តល់នូវទិដ្ឋភាពជិតស្និទ្ធ និងពិតៗអំពីដំណើរការការងារច្នៃប្រឌិតរបស់ក្រុម។
ការផ្សាយផ្ទាល់នៃកម្មវិធី “BTS Comeback Live: ARIRANG” ក៏ជាការកត់សម្គាល់នូវសមិទ្ធផលថ្មីសម្រាប់ Netflix ផងដែរ ដោយនេះគឺជាព្រឹត្តិការណ៍ផ្សាយផ្ទាល់ដំបូងបង្អស់របស់បណ្តាញនេះដែលត្រូវបានផលិតនៅក្នុងប្រទេសកូរ៉េ និងផ្សាយទៅកាន់ទូទាំងពិភពលោក ដែលសបញ្ជាក់ពីការពង្រីកខ្លួនយ៉ាងធំធេងនៃកម្មវិធីផ្សាយផ្ទាល់របស់ Netflix។ ព្រឹត្តិការណ៍នេះដើរតាមលំដាប់នៃមាតិកាផ្សាយផ្ទាល់ដែលកំពុងកើនឡើង រួមមាន WWE Raw, NFL Christmas Gameday, Paul vs Tyson, Canelo vs Crawford, និង Six Kings Slam។
ទន្ទឹមនឹងនេះ Netflix ក៏បានប្រកាសពីផែនការពង្រីកកម្មវិធីផ្សាយផ្ទាល់របស់ខ្លួនបន្ថែមទៀត ជាមួយនឹងការផ្សាយនាពេលខាងមុខពាក់ព័ន្ធនឹង MLB, FIFA Women’s World Cup, និងកម្មវិធីពានរង្វាន់ Screen Actors Guild Awards ផងដែរ ៕























Account
Security
Favourite Content