បើនិយាយថាភ្នែក និងត្រចៀករបស់មនុស្សទូទាំងពិភពលោកពេលនេះគឺស្ថិតនៅលើ BLACKPINK ក៏មិនខុសខណៈស្នាដៃចុងក្រោយរបស់ពួកគេបានបង្ហាញភាពជោគជ័យជាបន្តបន្ទាប់។ ទន្ទឹមនឹងការចាប់ផ្តើមនៃដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកថ្មីរបស់ខ្លួន ក្រុមចម្រៀងនេះបានចេញបទថ្មីមានចំណងជើងថា “JUMP” ដែលពេលនេះបានឡើងដល់ចំណាត់ថ្នាក់លេខ១ នៃតារាងពិភពលោករបស់ Spotify ។

ខណៈ Spotify គឺជាវេទិកាស្ដាប់ (Stream) បទចម្រៀងដ៏ធំបំផុតរបស់ពិភពលោក តួលេខចូលស្ដាប់ដ៏គួរឱ្យកត់សម្គាល់នៃបទ “JUMP” បានបង្កើតប្រវត្តិសាស្ត្រ ដោយធ្វើឱ្យ BLACKPINK ក្លាយជាសិល្បករ K-pop ដំបូងដែលមានបទចម្រៀងចំនួន ៣ ឈានដល់លេខ ១ នៅលើវេទិកានេះ។
យោងតាមផលិតកម្ម YG Entertainment កាលពីថ្ងៃទី ១៤ ខែកក្កដា បទចម្រៀង “JUMP” បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាងចម្រៀងប្រចាំថ្ងៃរបស់ Spotify ។ កន្លងមក ក្រុមនេះបានឈរនៅលើកំពូលតារាងដូចគ្នាជាមួយនឹងបទ “Pink Venom” និង “Shut Down” ដែលជាបទ Pre release និងបទសំខាន់ពីអាល់ប៊ុមខ្នាតពេញរបស់ពួកគេក្នុងឆ្នាំ ២០២២។
មិនតែប៉ុណ្ណោះ វីដេអូចម្រៀងសម្រាប់បទ “JUMP” ក៏ទទួលបានចំនួនទស្សនាយ៉ាងច្រើនផងដែរ ពោលគឺលើសពី ៥០ លានដង ក្នុងរយៈពេលត្រឹមតែបីថ្ងៃបន្ទាប់ពីការចេញផ្សាយ។ នៅក្នុងប្រទេសជាច្រើន វីដេអូនេះបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើ ‘តារាងវីដេអូចម្រៀងពេញនិយមប្រចាំថ្ងៃរបស់ YouTube’ ។


ទន្ទឹមនឹងកំណត់ត្រាថ្មីលើ Spotify ថ្មីៗនេះ BLACKPINK ក៏ត្រូវបានប្រកាសថាបានក្លាយជា តារាចម្រៀងខេប៉ុបស្រីដំបូងបង្អស់ដែលមានអាល់ប៊ុមលក់ដាច់ច្រើនជាង ១ លានច្បាប់នៅសហរដ្ឋអាមេរិក ខណៈដែលអាល់ប៊ុម ‘The Album’ របស់ពួកគេអាចឈានដល់តួលេខនេះនៅក្នុងទីផ្សារតន្ត្រីដ៏ធំបំផុតរបស់ពិភពលោក។
អាល់ប៊ុម ‘THE ALBUM’ របស់ BLACKPINK គឺជាអាល់ប៊ុមខ្នាតពេញដំបូងរបស់ពួកគេដែលបានចេញផ្សាយនៅឆ្នាំ ២០២០ និងមានបទចម្រៀងពិសេសៗដែលបង្ហាញពីទំនុកចិត្ត និងថាមពលរបស់ក្រុម។ អ្នកវិភាគជាច្រើនបានសរសើរ ‘The Album’ សម្រាប់ឥទ្ធិពលជាសាកល ដោយបានបង្ហាញខ្លួនក្នុងចំណាត់ថ្នាក់ខ្ពស់នៅលើតារាងតន្ត្រីអន្តរជាតិ និងបំបែកកំណត់ត្រាលក់សម្រាប់ក្រុមចម្រៀងនារីនៅក្នុងប្រទេសកូរ៉េខាងត្បូង។
បច្ចុប្បន្ន BLACKPINK កំពុងមមាញឹកក្នុងដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកថ្មី ‘DEADLINE’ ដែលរួមមានកម្មវិធីចំនួន ៣១ ឆាកនៅ ១៦ ទីក្រុងទូទាំងពិភពលោក។ បន្ទាប់ពីបានសម្ដែងបើកឆាកមុនគេនៅ Goyang និងបញ្ចប់កម្មវិធីដ៏ជោគជ័យក្នុងទីក្រុង Los Angeles សមាជិកទាំង ៤ គ្រោងនឹងសម្តែងនៅទីក្រុងផ្សេងៗបន្តទៀតដូចជា ឈីកាហ្គោ, តូរ៉ុនតូ, ញូវយ៉ក, ប៉ារីស, មីឡាន, បារសេឡូណា, ឡុងដ៍, Kaohsiung, Bulacan, សិង្ហបុរី, ហ្សាការតា, បាងកក, តូក្យូ និង ហុងកុង ៕

























Account
Security
Favourite Content