CORTIS ក្រុមចម្រៀងប្រុសថ្មីពី Big Hit Music បានចេញវីដេអូចម្រៀងទោលរបស់ពួកគេមានចំណងជើងថា “GO!” នៅយប់ថ្ងៃទី ១០ ខែសីហា។ នេះគឺជាការចេញបទចម្រៀងលើកដំបូងរបស់ពួកគេមុនពេលបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយ។ រយៈពេលមិនដល់២០ម៉ោងក្រោយចេញផ្សាយ វីដេអូចម្រៀងនេះមានអ្នកចូលទស្សនាលើសពី ១.៨ លានដង។

“GO!” គឺជាបទចម្រៀងហ៊ីបហបលាយឡំជាមួយចង្វាក់ភ្លេង Minimal Trap Beat។ សមាជិកទាំងប្រាំនាក់រួមមាន MARTIN, JUHOON, SEONGHYEON, KEONHO, និង JAMES ក៏បានចូលរួមក្នុងការផលិតបទចម្រៀងនេះដែរ ដែលធ្វើឱ្យការបង្ហាញខ្លួនរបស់ក្រុមពួកគេកាន់តែទទួលបានការចាប់អារម្មណ៍មួយកម្រិតទៀត។
ក្រៅពីនេះ CORTIS ក៏គ្រោងនឹងចេញបទចម្រៀងមួយបទទៀតគឺបទ “What You Want” នៅថ្ងៃទី ១៨ ខែសីហា ខណៈអាល់ប៊ុមខ្នាតតូចដំបូងរបស់ពួកគេមានចំណងជើងថា “Color Outside the Lines” នឹងចេញនៅថ្ងៃទី ៨ ខែកញ្ញា។
CORTIS គឺជាក្រុមថ្មីដំបូងរបស់ BIGHIT MUSIC ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ពោលគឺចាប់តាំងពី TXT បានចេញកាលពីប្រាំមួយឆ្នាំមុន ថែមទាំងមានក្រុមចម្រៀងប្រុសលំដាប់ពិភពលោកដូចជា BTS ជាសិស្សច្បងរួមទ្រនំផងដែរ។ ក្រុមហ៊ុន Big Hit បានកំណត់និយមន័យឈ្មោះ CORTIS ថាជាក្រុម Creator ដែលជំរុញ និងបង្កើតតន្ត្រីរបស់ពួកគេទាំងអស់ដោយខ្លួនឯង និងដោយភាពស្មោះត្រង់។ ដូច្នេះអ្នកគាំទ្រខេប៉ុបកុំភ្លេចរង់ចាំមើលទាំងអស់គ្នា ថាតើក្រុមចម្រៀងថ្មីនេះអាចឈានដល់ភាពល្បីល្បាញកម្រិតសកលដូចរៀមច្បងរបស់ពួកគេដែរឬយ៉ាងណា ៕





























Account
Security
Favourite Content