ភាពយន្តបែបភីងភីង «Barbie» ដែលដឹកនាំដោយលោកស្រី Greta Gerwig ឃើញជោគជ័យដ៏ត្រចះត្រចង់ និងកំពុងបន្តការចាក់បញ្ចាំង បូករួមជាមួយនឹងការលក់សំបុត្របានជាង ១,០៣ ពាន់លានដុល្លារពីជុំវិញពិភពលោក។ នេះបើយោងតាមក្រុមហ៊ុន Warner Bros ។
លោក Jeff Goldstein ប្រធានផ្នែកចែកចាយក្នុងស្រុករបស់ក្រុមហ៊ុន Warner Bros បាននិយាយថា នៅក្នុងប្រវត្តិ ១០០ ឆ្នាំរបស់ស្ទូឌីយោ គ្មានភាពយន្តណាអាចលក់សំបុត្របានលឿនដូច្នេះទេ ព្រោះបើគិតត្រឹមថ្ងៃអាទិត្យនេះ Barbie ទើបនឹងបានចាក់បញ្ចាំងក្នុងរោងកុនបានរយៈពេល ១៧ ថ្ងៃប៉ុណ្ណោះ។

និយាយដោយឡែក បើគិតក្រោយជំងឺកូវីត១៩ មានតែភាពយន្តចំនួន ៥ប៉ុណ្ណោះដែលអាចរកចំណូលបានខ្ទង់ពាន់លានដុល្លារ រួមមានខ្សែភាពយន្ត Super Mario Brothers រឿង Spider-Man: No Way Home រឿង Top Gun: Maverick រឿង Jurassic World Dominion និងរឿង Avatar។ សម្រាប់ឆ្នាំ ២០២៣នេះ Barbie កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ២ ជាភាពយន្តរកចំណូលបានច្រើនបំផុត តាមពីក្រោយភាពយន្តតុក្កតា Super Mario Bros ខណៈអ្នកគាំទ្រភាគច្រើនជឿថា Barbie អាចហក់ឡើងទៅលេខ១ ឆាប់ៗ។
ដ្បិតថាត្រូវប្រជែងខ្លាំងជាមួយភាពយន្ត Oppenheimer តែ «Barbie» នៅតែទាក់ទាញអ្នកទស្សនាបានច្រើន។ «Barbie» ជោគជ័យជាសាកល និងជាប់លេខ១ នៃការលក់សំបុត្រនៅក្នុងទីផ្សារភាពយន្តធំៗមួយចំនួនរបស់ពិភពលោក រួមទាំងចក្រភពអង់គ្លេស ម៉ិកស៊ិក និងអូស្ត្រាលី។

គួរជម្រាបថា «Barbie» ចំណាយទុនក្នុងការផលិតអស់ប្រមាណ ១៤៥លានដុល្លារអាមេរិក។ ក្រៅពីទាញចំណូលបានស្ទើរគុណនឹង ១០ នៃទុន ផលិត «Barbie» ក៏បានបំបែកកំណត់ត្រាជាភាពយន្តខ្នាតធំដែលមានអ្នកដឹកនាំរឿងជាស្ត្រី ដំបូងបង្អស់រកចំណូលបានលើសពី ១ពាន់លានដុល្លារផងដែរ៕

























Account
Security
Favourite Content