ក្រុមចម្រៀងខេប៉ុប ATEEZ កំពុងត្រៀមខ្លួនឡើងសម្ដែងលើឆាកតន្ត្រីលំដាប់ពិភពលោកនៅឯមហោស្រពតន្ត្រីនិងសិល្បៈដ៏ល្បីល្បាញគឺ ‘Coachella Valley Music and Arts’ ដែលធ្វើឡើងនៅតំបន់ Coachella Valley រដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃទី ១២ និង ១៩ ខែមេសា។


បង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ‘Coachella Valley Music and Arts Festival’ គឺជាមហោស្រពតន្ត្រីធំបំផុតលើពិភពលោក និងបានទាក់ទាញអ្នកចូលរួមជាង ២ សែននាក់ជារៀងរាល់ឆ្នាំ។ ជារឿយៗ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាឆាកសម្ដែងក្នុងក្តីសុបិនសម្រាប់តារាចម្រៀងជាច្រើន។ វត្តមាន ATEEZ នៅក្នុងកម្មវិធីដ៏ល្បីល្បាញនេះ គឺជាសក្ខីភាពមួយដែលពង្រឹងឋានៈរបស់ពួកគេក្នុងនាមជាសិល្បករ K-pop លំដាប់កំពូល។

ជាក្រុម K-pop បុរសដំបូងគេដែលនឹងឡើងសម្ដែងនៅមហោស្រព Coachella ក្រុម ATEEZ នឹងត្រូវឡើងសម្ដែងឆាកតែមួយជាមួយសិល្បករអន្តរជាតិល្បីៗជាច្រើនដូចជាក្រុមខេប៉ុបនារី Le Sserafim ក្រុមចម្រៀងជប៉ុន YOASOBI និង ATARASHII GAKKO តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងអាមេរិក Lana Del Rey តារារ៉េប និងផលិតករអាមេរិក Tyler the Creator និង Doja Cat ជាដើម។

បន្ថែមពីលើការបង្ហាញខ្លួនលើកដំបូងនៅ Coachella ATEEZ កំពុងត្រៀមខ្លួនសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ ២០២៤ របស់ពួកគេគឺ ‘TOWARD THE LIGHT: WILL TO POWER’ ដែលគ្រោងនឹងចាប់ផ្តើមឆាកដំបូងនៅពហុកីឡដ្ឋាន Jamsil Indoor ទីក្រុងសេអ៊ូល នៅថ្ងៃទី ២៧ និង ២៨ ខែមករា។ ការប្រគំតន្ត្រីទេសចរណ៍នេះត្រូវបានរំពឹងថានឹងទាក់ទាញទស្សនិកជនទូទាំងពិភពលោក និងពង្រឹងកេរ្តិ៍ឈ្មោះរបស់ ATEEZ ក្នុងនាមជាសិល្បករល្បីលំដាប់សកលលោក ៕























Account
Security
Favourite Content