ការសិក្សាថ្នាក់សកលបានបង្ហាញថា Anime ឬ គំនូរជីវចលពីប្រទេសជប៉ុន មិនមែនគ្រាន់តែជាមាតិកាកម្សាន្តប៉ុណ្ណោះទេ ក៏ប៉ុន្តែមនុស្សកើតក្នុងជំនាន់ Z បានចាត់ទុកវាជាផ្នែកមួយនៃវប្បធម៌ ដែលជះឥទ្ធិពលដល់ការគិត និងជីវិតរស់នៅប្រចាំថ្ងៃ។

ក្នុងកិច្ចសហការរវាង វេទិកាទស្សនាមាតិកាអនឡាញ Crunchyroll និងក្រុមស្រាវជ្រាវជាតិ (NRG) ក្រោមគម្រោងដែលមានឈ្មោះថា “តើ Anime ក្លាយជាកម្លាំងជំរុញផ្នែកវប្បធម៌នៅទូទាំងពិភពលោកដោយរបៀបណា?” បានចង្អុលបង្ហាញថា Anime មិនមែនគ្រាន់តែជាប្រភេទភាពយន្តតុក្កតាដែលមាន ត្រឹមមនុស្សមួយក្រុមតូចចូលចិត្តដូចមុនទៀតថា តែវាបានក្លាយជាបាតុភូតផ្នែកវប្បធម៌មួយដែលបានឆ្លងព្រំដែនពីប្រទេសកំណើត ទៅកាន់សកលលោក ជាពិសេសនៅក្នុងចំណោម Gen Z។
ការស្ទង់មតិពីមនុស្ស ២៩ ០០០នាក់ក្នុងប្រទេសធំៗដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ឥណ្ឌា ប្រេស៊ីល និងម៉ិកស៊ិក បានបង្ហាញលទ្ធផលថា មនុស្សជំនាន់ Z (អាយុ ១៣-២៨ ឆ្នាំ) ចំនួន ៥៤ភាគរយគឺជាអ្នកគាំទ្រ Anime ស្របពេលដែល មនុស្សជំនាន់ Millennials (អាយុ ២៩-៤៤ ឆ្នាំ) ចំនួន ៤២ភាគរយ និង ២៤ភាគរយនៃ មនុស្សជំនាន់ X (អាយុ ៤៥-៥៤ឆ្នាំ) ក៏ជាអ្នកចូលចិត្តគំនូរជីវចលនេះដូចគ្នា។

ខណៈដែលតួលេខនេះ បានបង្ហាញថា Anime កំពុងតែមានប្រជាប្រិយភាពក្នុងចំណោមមនុស្សស្ទើរតែគ្រប់វ័យ ប្រមាណ ៦០ភាគរយនៃបុគ្គលទាំងនេះ ចូលចិត្តចែករំលែកមាតិកាខាងលើជាមួយនឹងសមាជិកគ្រួសារ និងមិត្តភក្ដិ និងប្រមាណជា ៥០ភាគរយប្រាប់ថា ខ្លួនចូលចិត្តចូលរួមក្នុងសកម្មភាពនានានៅលើបណ្ដាញសង្គម និងទស្សនាតុក្កតានេះជាមួយនឹងអ្នកដទៃ។ នេះភស្តុតាងមួយបន្ថែមទៀត ដែលអាចបញ្ជាក់ថា បច្ចុប្បន្ន Anime ក៏ជាភាសាសង្គមមួយ ដែលអាចយកមកប្រើប្រាស់ដើម្បីភ្ជាប់ទំនាក់ទំនងនៅក្នុងសហគមន៍ផងដែរ។
Gen Z បានប្រាប់ពីហេតុផលស្នូលចំនួន ៣ នៅពីក្រោយការចូលចិត្តតុក្កតាជប៉ុននេះថា វាជាគំនូរជីវចលដែលមានគុណភាពខ្ពស់ តួអង្គមានភាពរស់រវើក និងទំនាក់ទំនងដែលដក់ជាប់ក្នុងចិត្ត និងភាពច្នៃប្រដិត្ឋខ្ពស់នៅក្នុងសាច់រឿង។

សង្កត់ធ្ងន់លើលទ្ធផលខាងលើ ប្រធានផ្នែកទីផ្សារនៃ NRG បាននិយាយថា Anime មិនមែនគ្រាន់តែជាប្រភេទភាពយន្តមួយបែបដូចពីមុនទៀតទេ តែវាបានក្លាយជាភាសាសកលមួយដែលយុវវ័យអាចយល់គ្នាបាន និងអាចបំពេញតម្រូវចិត្តរបស់ទស្សនិកជនបានយ៉ាងចម្រុះបែប។
ជាមួយនឹងភាពល្បីល្បាញកម្រិតពិភពលោក ដែលអាចទម្លុះទាំងឧបសគ្គផ្នែកភាសា និងវប្បធម៌ Anime គឺជាកម្លាំងផ្នែកវប្បធម៌មួយ ដែលនឹងមានឥទ្ធិពលទៅលើគ្រប់យ៉ាង ចាប់តាំងពីការតុបតែងខ្លួន តន្រ្តី អត្តសញ្ញាណ និងកាបញ្ចេញមតិរបស់មនុស្សជំនាន់ Z៕

























































Account
Security
Favourite Content