«នាឡិកាដាស់វិញ្ញាណ» ឬ « The clock : Spirit Awakening » ជាខ្សែភាពយន្តដ៏ល្បីល្បាញរបស់ផលិតកម្ម LD Entertainment កាលចុងឆ្នាំ ២០១៩ ពោលគឺមុនពេលកូវីដ-១៩ រាតត្បាតសកលលោក រួមទាំងប្រទេសកម្ពុជា។

គួរឱ្យភ្ញាក់ផ្អើលខ្លាំង ថ្មីៗនេះផលិតកម្ម LD Entertainment បាននាំយករឿង «នាឡិកាដាស់វិញ្ញាណ» ឬ «The Clock» មកចាក់បញ្ចាំងឡើងវិញតាមបណ្តារោងភាពយន្តទំនើបក្នុងប្រទេសកម្ពុជា ដើម្បីឱ្យអ្នកខកខានមិនទស្សនា មានឱកាសទស្សនាសាច់រឿងលងបន្លាចដ៏គួរឱ្យខ្លាចមួយនេះ។ បច្ចុប្បន្នរឿងនេះបានទម្លាក់ចូលក្នុង APP Angkor DC ហើយ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នករស់នៅក្នុង និងក្រៅប្រទេសបានទស្សនាស្នាដៃផលិតរបស់កូនខ្មែរ។
អ្វីដែលសំខាន់ ច្រើនឆ្នាំកន្លងទៅ លៀក លីដា ចាងហ្វាង LD Entertainment និងអ្នកនិពន្ធ លោក នួន ម៉ូលីន ទើបតែដាច់ចិត្តទម្លាយមូលហេតុពីក្រោយការសម្រេចចិត្តចំណាយទុនយ៉ាងច្រើនផលិតរឿង «នាឡិកាដាស់វិញ្ញាណ» ទាំងដឹងច្បាស់ថា បើផលិតចេញទៅត្រូវខាត ឬនិយាយសាមញ្ញថា ចំណូលមិនស្មើដើម។
តាមរយៈការ live នៅរសៀលថ្ងៃទី៨ ខែឧសភា ម្សិលមិញ ចាងហ្វាង LD Entertainment ឱ្យដឹងយ៉ាងខ្លីថា ការដែលលោកហ៊ានដាក់ទុនយ៉ាងច្រើនផលិតរឿង «នាឡិកាដាស់វិញ្ញាណ» ឬ « The clock : Spirit Awakening » ទាំងដឹងថាចំណូលរកមកវិញមិនស្មើដើមទុនដែលវិនិយោគទៅ ដោយសារលោកជឿជាក់លើសាច់រឿងទាំងមូល ជារឿង horror drama លក្ខណៈសេដខ្លាំងមែនទែន សូម្បីក្រុមការងារ post production នៅម៉ាឡេស៊ី ក៏ស្រក់ទឹកភ្នែកតាមសាច់រឿងនេះដែរ។ ក្នុងនាមជាផលិតករលោកជឿជាក់រឿងនេះជាស្ពានមួយដែលយើងអាចទៅប្រកួតនៅក្រៅប្រទេសបាន និងជាស្ពានមួយដែលអាចនាំកុនខ្មែរទៅក្រៅប្រទេស។

សូមជម្រាបផងដែរថា ចាងហ្វាង LD Entertainment បានចំណាយទុនអស់ជាង ៤០ ម៉ឺនដុល្លារ ក្នុងការផលិតខ្សែភាពយន្តរឿង «នាឡិកាដាស់វិញ្ញាណ» ឬ « The clock : Spirit Awakening»។ ស្នាដៃភាពយន្តរន្ធត់ដ៏ល្អមួយនេះ ធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនពីមហោស្រពភាពយន្តជាតិលើទី៦ ប្រចាំឆ្នាំ ២០១៩ រួមមាន៖ ពានរង្វាន់ «ភាពយន្តឆ្នើម», ពានរង្វាន់ «អ្នកដឹកនាំរឿងឆ្នើម», ពានរង្វាន់ «អ្នកដំឡើងរូបភាពឆ្នើម», ពានរង្វាន់ «អ្នកផ្គុំសំឡេងឆ្នើម», ពានកិត្តិយស «តួសម្តែងនារី» និងពានកិត្តិយស «តួសម្តែងបុរស»។

កន្លងមក លោក លៀក លីដា ធ្លាប់ប្រកាសឱ្យដឹងថា ផលិតកម្មមានគម្រោងនាំយករឿងនេះទៅចាក់បញ្ចាំងក្រៅប្រទេសនាបណ្តាប្រទេសអាស៊ាន ៦ តែដោយសាររឿង «នាឡិកាដាស់វិញ្ញាណ» ផលិតឡើងចំពេលកូវីដ-១៩ ទើបត្រូវពន្យារពេលរហូតដល់ចុងឆ្នាំ ២០២២ ទើបភាពយន្តខ្មែរនេះបានលេចវត្តមានក្នុងរោងភាពយន្តប្រទេសឥណ្ឌូនេស៊ី។
ទោះមានភាពយឺតយ៉ាវក្នុងការចាក់បញ្ចាំង តែរឿង «នាឡិកាដាស់វិញ្ញាណ» ដឹកនាំផលិតដោយ លោក លៀក លីដា បានជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមភាពយន្ត ជិត ២០០ រឿងមកពីបណ្ដាប្រទេសផ្សេងគ្នាលើពិភពលោក ពីកម្មវិធី «Horror Bowl Movie Awards» នៅក្នុងប្រទេសឥណ្ឌា ថែមទាំងឈ្នះបានពានរង្វាន់សំខាន់ៗ ៣ ពីកម្មវិធី «Horror Bowl Movie Awards» របស់ឥណ្ឌាទៀតផង៕


























Account
Security
Favourite Content