មិនអាចប្រកែកបានថា វិស័យចម្រៀងប៉ុបរបស់ប្រទេសកូរ៉េខាងត្បូង មិនមែនគ្រាន់តែទទួលបានភាពជោគជ័យនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ តែតន្ត្រីប្រភេទនេះបានទទួលការពេញនិយមពីសំណាក់អ្នកស្ដាប់មកពីជុំវិញពិភពលោក។ ក្រោមមូលហេតុនេះហើយ យុវវ័យមកពីបណ្ដាប្រទេសផ្សេងៗក៏មានគោលបំណងចង់ក្លាយជាតារា K-pop មួយរូបផងដែរ។ ជាក់ស្ដែង ជនជាតិចិនទាំង ៩រូបនេះ បានឆ្លងដែនទៅទទួលភាពជោគជ័យមិនធម្មតា ក្នុងនាមជា តារា K-pop។
១. The8 សមាជិក SEVENTEEN

The8 ឬមានឈ្មោះពេញថា Xu Minghao ជាសមាជិកមួយរូបរបស់ក្រុមចម្រៀងបុរស SEVENTEEN។ ក្រៅពីអាជីពជាអ្នកចម្រៀង តារាប្រុសវ័យ ២៦ ឆ្នាំរូបនេះក៏ជាតារាបង្ហាញម៉ូដ និងសិល្បករក្បាច់គុនដ៏ល្បីល្បាញមួយរូបផងដែរ។
កើត និងធំធាត់នៅក្នុងប្រទេសចិន Xu Minghao បានលេចមុខជាលើកដំបូងនៅក្នុងកម្មវិធីទូរទស្សន៍របស់ចិនជាច្រើនដង ដូចជាកម្មវិធី Day Day Up ជាដើម។ ក្រោយមក លោកក៏ចូលរួមប្រកួតនៅក្នុងកម្មវិធី Shanghai World Dance Competition លើកទី៦ និងទទួលបានចំណាត់ថ្នាក់លេខ ៨ ដែលជាចំណុចចាប់ផ្ដើមនៃឈ្មោះ The8។ នៅក្នុងឆ្នាំ ២០១៥ សិល្បកររូបនេះបានចូលរួមជាមួយនឹងក្រុមចម្រៀង SEVENTEEN និងទទួលបានភាពជោគជ័យនៅក្នុងវិស័យខេប៉ុប ជាមួយនឹងបទល្បីៗជាច្រើនដូចជា Super, God of Music និង Very Nice ជាដើម។
២. Jun សមាជិក SEVENTEEN

Jun ជាសមាជិករបស់ក្រុម SEVENTEEN ម្នាក់ទៀតដែលមានដើមកំណើតនៅក្នុងប្រទេសចិនដីគោក។ មុននឹងប្រឡូកក្នុងវិស័យសិល្បៈក្នុងប្រទេសកូរ៉េខាងត្បូង តារាប្រុសរូបនេះបានចាប់ផ្ដើមអាជីពសម្ដែងរបស់ខ្លួនតាំងតែវ័យ ២ខួបមកម៉្លេះ តាមរយៈពាណិជ្ជកម្មមួយ។ បន្ទាប់ពីនេះ Jun ក៏ចូលរួមសម្ដែងនៅក្នុងភាពយន្តផ្សេងៗរបស់ប្រទេសចិន ដូចជារឿង The Pye Dog ដែលបាននាំយកពានរង្វាន់ពីកម្មវិធី Hong Kong Film Directors’ Guild មកជូនលោក។
តារាពហុជំនាញរូបនេះ បានបង្ហាញខ្លួនជាសមាជិករបស់ SEVENTEEN ជាលើកដំបូង កាលពីឆ្នាំ ២០១៥ តែបច្ចុប្បន្នលោកបានផ្អាកសកម្មភាពរបស់ខ្លួនក្នុងការងារជាក្រុមមួយរយៈ ដោយបែរមកពង្រឹងការងារជាសិល្បករទោលនៅក្នុងប្រទេសកំណើតរបស់ខ្លួន។
៣. NingNing សមាជិក aespa

ក្នុងនាមជាអ្នកចម្រៀងគោលរបស់ក្រុម NingNing តែងទទួលបានការកោតសរសើរពីបច្ចេកទេសសំឡេងនៅពេលច្រៀងផ្ទាល់ និងការប្រើប្រាស់តុងសំឡេងខ្ពស់។ ទាំងនេះប្រហែលមិនមែនជារឿងចម្លែកទេ ព្រោះសមាជិកក្រុម aespa រូបនេះបានឡើងច្រៀងក្នុងកម្មវិធីទូរទស្សន៍ល្បីៗនៅក្នុងប្រទេសកំណើតរបស់ខ្លួនតាំងតែអាយុ ៥ឆ្នាំមកម៉្លេះ រហូតអាចទាក់ទាញបុគ្គលិក S.M. Entertainment ហៅឱ្យចូលផលិតកម្មរបស់ខ្លួន។
ក្រោយចំណាយពេលហ្វឹកហាត់ប្រមាណ ៥ឆ្នាំ តារាស្រីវ័យ ២២ឆ្នាំរូបនេះបានចូលជាសមាជិកទី ៣របស់ក្រុម aespa នៅក្នុងឆ្នាំ ២០២០។ មិនត្រឹមតែជោគជ័យនៅក្នុងការងារជាក្រុមប៉ុណ្ណោះទេ NingNing ក៏មានឱកាសបកស្រាយនូវចម្រៀងសម្រាប់ភាពយន្តភាគផងដែរ ដូចជាបទនៅក្នុងរឿង Our Blues និង The Midnight Studio ជាដើម។
៤. Yuqi សមាជិក (G)I-DLE

Yuqi ដែលមានដើមកំណើតនៅក្នុងទីក្រុង ប៉េកាំង មានឱកាសក្លាយខ្លួនជាតារាខេប៉ុបតាមរយៈកម្មវិធី Cube Star World Audition Beijing Station កាលពីឆ្នាំ ២០១៥។ រំលងទៅអស់រយៈពេល៣ឆ្នាំ ទើបតារាស្រីវ័យ ២៥ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងនាមជាសមាជិករបស់ក្រុមចម្រៀងស្រី (G)I-DLE របស់ផលិតកម្ម Cube Entertainment។
ក្នុងនាមជាតារាចម្រៀង តារារ៉េប និងអ្នកនិពន្ធ Yuqi មិនមែនគ្រាន់តែជោគជ័យនៅក្នុងសកម្មភាពជាក្រុមនោះទេ តែនាងក៏ទទួលបានប្រជាប្រិយភាពតាមរយៈអាល់ប៊ុមទោលរបស់ខ្លួនផងដែរ ដូចជាអាល់ប៊ុម A Page ដែលបានចេញផ្សាយកាលពីឆ្នាំ ២០២១ ជាដើម។
៥. Renjun សមាជិក NCT

កើតនៅក្នុងឆ្នាំ ២០០០ ឯចិនដីគោក Renjun បានឈានចូលវិថីខេប៉ុបតាមរយៈ Shenyang SM Global Audition កាលពីឆ្នាំ ២០១៥។ ក្រោយពីហ្វឹកហាត់អស់រយៈពេល ១ឆ្នាំ Renjun បង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិក NCT Dream ជាមួយនឹងបទ Chewing Gum។
ថ្វីបើទស្សនិកជនស្គាល់ Renjun ថាជាតារាម្នាក់ដែលមានការសម្ដែងពេញដោយកម្លាំងក៏ពិតមែន តែបច្ចុប្បន្នលោកបានផ្អាកសកម្មភាពក្នុងវិស័យសិល្បៈមួយរយៈ ដើម្បីផ្តោតលើការព្យាបាលបញ្ហាថប់បារម្ភ (anxiety) ដែលលោកកំពុងតែជួបប្រទះ។
៦. Chenle សមាជិក NCT

ដោយមានប្រជាប្រិយភាពក្នុងនាមជាតារាចម្រៀងតាំងតែពីវ័យក្មេង នៅក្នុងទឹកដីកំណើតរបស់ខ្លួន នៅក្នុងអាយុត្រឹម ១៤ឆ្នាំ Chenle បានចុះកុងត្រាជាមួយនឹង S.M. Entertainment ដែលជាពន្លកដំបូងក្នុងវិស័យខេប៉ុបរបស់លោក។
នៅក្នុងឆ្នាំ ២០១៦ តារាចម្រៀងវ័យ ២២ឆ្នាំម្នាក់នេះបានផ្លាស់ទៅរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង និងធ្វើការហ្វឹកហាត់ប្រមាណ ២ទៅ ៣ខែ មុននឹងចូលជាសមាជិក NCT ក្នុងឆ្នាំតែមួយ។ ក្រៅពីសមត្ថភាពក្នុងការច្រៀង និងរាំ តារាប្រុសដែលមានឈ្មោះពេញថា Zhong Chenle ក៏អាចលេងព្យ៉ាណូបានផងដែរ។
៧. Lay សមាជិក EXO

មុននឹងចាប់ផ្ដើមក្នុងវិស័យខេប៉ុបជាលើកដំបូងកាលពីឆ្នាំ ២០១២ ក្នុងនាមជាកូនក្រុម EXO តារាប្រុសវ័យ ៣៣ឆ្នាំរូបនេះក៏ធ្លាប់លេចមុខនៅក្នុងរឿង និងកម្មវិធីទូរទស្សន៍របស់ប្រទេសចិនផងដែរ។
ក្រៅពីការងារជាអ្នកចម្រៀង Lay ក៏ជាអ្នកនិពន្ធ ផលិតករ និងតារាសម្ដែងដ៏ល្បីម្នាក់ ដោយលោកបាន សម្ដែងជាតួឯកនៅក្នុងភាពយន្តខ្នាតធំរបស់ចិនជាច្រើន ដូចជា A Legend និង The Island ជាដើម។
៨. Victoria សមាជិក f(x)

ប្រទះជាលើកដំបូងដោយបុគ្គលិករបស់ S.M. Entertainment នៅក្នុងកម្មវិធីប្រកួតប្រជែងរាំមួយ Victoria ត្រូវបានតែងតាំងជាមេក្រុមរបស់ f(x) នៅក្នុងឆ្នាំ ២០០៩។
ក្រោយទទួលបានជោគជ័យនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១២ តារាស្រីវ័យ ៣៨ឆ្នាំរូបនេះបានចូលរួមសម្ដែងនៅក្នុងរឿងភាគ When Love Walked In ដែលជាការសហការផលិតរវាងប្រទេសចិន និងតែវ៉ាន់។ ជាមួយនឹងស្នាដៃនេះ Victoria បានទទួលពានរង្វាន់តារាសម្ដែងថ្មីល្អបំផុតនៅក្នុងកម្មវិធី China TV Drama Awards។ តាំងតែពីឆ្នាំ ២០១៨ នាងបានបន្តអាជីពជាសិល្បករទោលជាមួយនឹងបទ Roof of Fire។
៩. XiaoTing សមាជិក Kep1er

ក្នុងនាមជាបេក្ខជនដែលបានជាប់ចំណាត់ថា្នក់លេខ ៩នៅក្នុងកម្មវិធី Girls Palnet 999 កាលពីឆ្នាំ ២០២១XiaoTing បានក្លាយជាសមាជិកមួយរូបរបស់ក្រុមច្រៀងខេប៉ុប Kep1er និងបានចេញអាល់ប៊ុមខ្នាតតូច First Impact ជាលើកដំបូងកាលពីឆ្នាំ ២០២២។
បន្ថែមពីនេះទៀត XiaoTing អាចនិយាយបានរហូតដល់ទៅ ៤ភាសា ដូចជា ចិន កូរ៉េ ជប៉ុន និងអង់គ្លេស៕

























































Account
Security
Favourite Content