អ្នកគាំទ្រតារាចម្រៀង Lady Gaga ជាង ១,៦ លាននាក់បានសម្រុកចូលទិញសំបុត្រទស្សនាការប្រគំតន្ត្រីរបស់នាងនៅប្រទេសសិង្ហបុរីដែលគ្រោងរៀបចំនៅខែឧសភា ខណៈការប្រគំតន្ត្រីនេះគឺជាឆាកសម្ដែងតែមួយគត់របស់នាងនៅតំបន់អាស៊ី សម្រាប់ដំណើរប្រគំតន្ត្រីទេសចរណ៍ Mayhem Tour។

ការបើកលក់ពិសេស ឬ Presale សម្រាប់សំបុត្រចូលទស្សនាការប្រគំតន្ត្រីចំនួនបួនថ្ងៃនៅក្នុងពហុកីឡដ្ឋានជាតិរបស់ប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែឧសភាបានចាប់ផ្ដើមកាលពីព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា សម្រាប់អ្នកមានប័ណ្ណ Mastercard ដោយមានអ្នកចូលតម្រង់ជួរចាំទិញលើស ១លាន ៦សែននាក់។ ការបើកលក់ Presale នឹងធ្វើឡើងចំនួន ៣ លើកទៀតសម្រាប់សមាជិកក្រុមហ៊ុនអ្នកឧបត្ថម្ភផ្សេងៗទៀត មុនពេលសំបុត្រត្រូវបានបើកលក់ជូនសាធារណជនទូទៅ។
សារព័ត៌មាន Bloomberg បាននិយាយកាលពីសប្តាហ៍មុនថាការប្រគំតន្ត្រីរបស់ Lady Gaga នឹងជំរុញការចំណាយរបស់ភ្ញៀវទេសចរក្នុងប្រទេសសិង្ហបុរី។ សារព័ត៌មានដដែលនេះបានឱ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីនឹងទទួលបានការជំរុញដល់ប្រាក់ចំណូល និងប្រាក់ចំណេញនៅក្នុងត្រីមាសទីមួយ ដោយសារការប្រគំតន្ត្រីដ៏ធំចំនួនបួនថ្ងៃនេះ។ ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីបានរាយការណ៍ថា អ្នកគាំទ្រនៅក្រៅប្រទេសជាច្រើនបានកក់ជើងហោះហើរ និងសណ្ឋាគារ មុនពេលទិញសំបុត្រការប្រគំតន្ត្រីបានទៅទៀត។
គួររំឭកថា តាមរយៈការទទួលបានសិទ្ធិរៀបចំការប្រគំតន្ត្រី Eras Tour របស់តារាចម្រៀង Taylor Swift កាលពីខែមីនា ឆ្នាំ២០២៤ បាននាំឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះកើនឡើងគួរឱ្យកត់សម្គាល់រួចមកហើយ ដោយមានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៤៨ លាននាក់បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីក្នុងខែនោះ ៕


























Account
Security
Favourite Content