លោក ទីវ តារារិទ្ធិ ដែលមហាជនស្គាល់ថាជាអ្នកជិះកង់ដើម្បីកុមារកម្ពុជា ទីបំផុតអាចបញ្ចប់បេសកកម្ម ២ ឆ្នាំរបស់ខ្លួនហើយ ដោយអាចស្វែងរកថវិកាតាមការកំណត់ ២៥ ម៉ឺនដុល្លារ ដោយមានការបង្គ្រប់ពីក្រុមហ៊ុនធំមួយនៅស្រុកខ្មែរ។

អ្នកជិះកង់ដើម្បីកុមារកម្ពុជារូបនេះ បានឲ្យដឹងថា អស់រយៈពេល ២ ឆ្នាំ នៃការធ្វើដំណើរផ្សងព្រេង ជិះកង់ដើម្បីកុមារកម្ពុជា ដោយបានជិះកង់ចាកចេញពីខេត្តសៀមរាប ហើយទីបំផុតបានមកដល់ទីនោះវិញ ជាទឹកដីដែលលោក ទីវ តារារិទ្ធ ហៅថា ផ្ទះ។ តាមរយៈរូបភាពដែលលោក តារារិទ្ធិ បង្ហាញ ឃើញថាមានអ្នកអមដំណើរ និងសាទរតាមផ្លូវជាច្រើន ដែលធ្វើឲ្យការលះបង់របស់លោកពិតជាស័ក្ដិសមនឹងការផ្ដល់ឲ្យបែបនោះ។
គួរបញ្ជាក់ថា លោក ទីវ តារារិទ្ធិ បានត្រឡប់មកដល់កម្ពុជាវិញហើយនាយប់ថ្ងៃ ២២ ខែមិថុនា ឆ្នាំ ២០២៦ ក្រោយចំណាយពេលជិត ២ ឆ្នាំ ធ្វើដំណើរឆ្លងទ្វីបអឺរ៉ុប អាហ្វ្រិក អាស៊ីកណ្ដាល ដោយកាត់ ៤០ ប្រទេសមានចម្ងាយប្រមាណ ៥៧ ០០០ គីឡូម៉ែត្រ និងរៃអង្គាសថវិកាបានជាង ២១ ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។

ដោយសារនៅខ្វះជាង ៣ ម៉ឺនដុល្លារ លោកក៏បានសម្រេចចិត្តបន្តបេសកកម្មជិះកង់រយៈពេល ៣ថ្ងៃ ទៅកាន់ខេត្តសៀមរាប តែដោយមាន ជីប ម៉ុង គ្រុប បរិច្ចាគ ៣៥ ០០០ ដុល្លារ។ គួរជាទីសាទរ កាលពីថ្ងៃ ៣០ ខែឧសភា ឆ្នាំ ២០២៦ លោកបានទៅដល់គោលដៅនៅខេត្តសៀមរាបតាមការកំណត់ទុក។
គួរបញ្ជាក់ផងដែរថា សកម្មភាពរបស់លោក ទីវ តារារិទ្ធិ ទទួលបានការគាំទ្រខ្លាំងខ្លាណាស់ ហើយនៅលើបណ្ដាញសង្គមលោក បានចែករំលែកពីបទពិសោធន៍ជាច្រើនសឹងតែបាត់បង់ជីវិតក៏មានដែរ ដោយពេលខ្លះមានចោរប្លន់ វង្វេងក្នុងព្រៃ និងរឿងរ៉ាវជាច្រើនទៀត ដែលទាំងអស់នេះជាការលះបង់ដ៏ធំធេង ដល់កុមារកម្ពុជា៕
រូបភាព៖ Travel with Rith






















Account
Security
Favourite Content