ភាគច្រើនមនុស្សយើងចូលចិត្តនិយាយអំពីអត្ថប្រយោជន៍ពេលមានគូដូចជាមានភាពកក់ក្ដៅ មានអ្នកចាំយល់ចិត្ត និងភាពផ្អែមល្ហែមជាដើម ហើយមិនសូវមានអ្នកដឹងអំពីគុណសម្បត្តិពេលនៅលីវ ឬ single នោះទេ។ ស្របពេលនេះ single មិនមែនន័យថាឯកាឡើយ ប៉ុន្តែវាជាពេលដែលយើងអាចថែទាំ និងរីករាយជាមួយជីវិតខ្លួនឯងដូចជា៖

១. មិនចាំបាច់ត្រូវនៅជជែកគ្នា ឬផ្ញើសារដល់យប់ជ្រៅ ហើយក៏រឹតតែមិនបាច់គិតច្រើននៅពេលដែលភាគីម្ខាងទៀតមិនតបសារឡើយ។ ដូច្នេះយើងមានពេលគ្រប់គ្រាន់ដើម្បីបន្ធូរភាពតានតឹង និងថែសម្រស់ជាដើម។
២. យើងមានសេរីភាពគ្រប់គ្រាន់ក្នុងការធ្វើអ្វីដែលខ្លួនចង់ធ្វើ និងទៅកន្លែងដែលខ្លួនចង់ទៅ។ ដូចនេះយើងនឹងមិនខ្វាយខ្វល់ពីអារម្មណ៍អ្នកណា ឬធ្វើដើម្បីផ្គាប់ចិត្តអ្នកណាឡើយ។
៣. នៅ single មិនអាចមកឈឺចិត្ត គិតច្រើនថាគេនឹងក្បត់ខ្លួន ឬលួចលាក់មានក្រោយខ្នងនោះទេ។ ជាមួយគ្នានេះ យើងក៏មិនចាំបាច់គិតរកវិធីច្រើនដើម្បីរក្សាចំណងស្នេហាមួយនេះដែរ។
៤. យើងនឹងមានពេលច្រើនជាមួយក្រុមគ្រួសារ និងមិត្តភក្ដិដើម្បីកសាងពេលវេលាល្អៗ ក៏ដូចជាអនុស្សាវរីយ៍ដែលមិនចេះរលុបផងដែរ។
៥. មិនតែប៉ុណ្ណោះ យើងក៏មិនបានមកកង្វល់ចិត្តថានឹងមានអ្នកណាម្នាក់ខឹង និងគិតថាខ្លួនកំពុងក្បត់ឡើយពេលដែលខកខានលើកទូរស័ព្ទ ឬតបសារឡើយ។
៦. អាចគ្រប់គ្រង និងចំណាយពេលវេលាលើខ្លួនឯងបានច្រើនដូចជាការងារ ឬអាជីវកម្ម។ លើសពីនេះ យើងថែមទាំងអាចចំណាយពលវេលាដើរលេងដោយមិនចាំបាច់ត្រូវរាយការណ៍ប្រាប់អ្នកណាម្នាក់ច្រើននោះទេ។
៧. មិនចាំបាច់ខ្វល់ខ្វាយថានឹងមានអ្នកច្រណែន ឬរងការឈឺចាប់នៅពេលភាគីម្ខាងទៀតព្រងើយដាក់យើងឡើយ។
៨. មានពេលច្រើនដើម្បីស្វែងយល់ពីអ្នកណាម្នាក់ឱ្យច្បាស់លាស់មុនពេលប្រាកដថានឹងដាក់ចិត្តស្រឡាញ់។
៩. អ្វីដែលសំខាន់បំផុតគឺនៅលីវមិនមានអ្វីគួរឱ្យខ្លាចជាងអត់ការងារធ្វើនោះទេ។
មនុស្សយើងរស់បានតែម្ដងប៉ុណ្ណោះក្នុងជីវិត ដូច្នេះគួរស្រឡាញ់ខ្លួនឱ្យបានច្រើន ចំណាយពេលលើអ្វីដែលខ្លួនពេញចិត្ត ហើយក៏មិនចាំបាច់បង្ខំខ្លួនឯងឱ្យមានទំនាក់ទំនងស្នេហាដូចអ្នកដទៃឡើយដោយសារវាមិនមែនក្ដីសុខពិត៕
























Account
Security
Favourite Content