ជាធម្មតាទៅហើយនៅពេលដែលយើងស្រឡាញ់នរណាម្នាក់ មិនប្រាកដថាយើងត្រូវមានភាពក្លាហានក្នុងការសារភាពទៅកាន់គេនោះទេ។ ប៉ុន្តែដោយសារតែទំហំចិត្តស្រឡាញ់ ទើបធ្វើឱ្យយើងចូលចិត្តបង្ហាញតាមរយៈទង្វើមួយចំនួនទៅវិញ។ ដូច្នេះហើយបើចង់មនុស្សលួចស្រឡាញ់គេមានអាការៈបែបណា អាចមើល ៦ សញ្ញាខាងក្រោមនេះ៖
១. ព្យាយាមនៅក្បែរ

មនុស្សលួចស្រឡាញ់តែងតែព្យាយាមរកហេតុផលណាមួយដើម្បីបង្ហាញវត្តមាននៅក្បែរៗគេជានិច្ច។ ការបង្ហាញទង្វើបែបនេះគឺគ្រាន់តែចង់ចំណាយពេលជាមួយ និងបានថែមើលមនុស្សដែលខ្លួនលួចស្រឡាញ់ប៉ុណ្ណោះ។
២. មានអារម្មណ៍ភ័យតិចៗពេលបានក្បែរអ្នក
មែនទែនអារម្មណ៍មនុស្សលួចស្រឡាញ់ ពេលបាននៅក្បែរតែងតែភ័យៗ ឬធ្វើអ្វីក៏ឆ្គងដែរ។ ពេលខ្លះសូម្បីតែនិយាយក៏រដាក់រដុប នៅមិនសុខ ឬបែកញើសតាមដៃជើងជាដើម។ អាការៈបែបនេះគឺបណ្ដាលមកគេកំពុងព្យាយាមលាក់អារម្មណ៍ខ្លួនឯងមិនឱ្យបញ្ចេញមកនោះទេ។
៣. ធ្វើដាក់អ្នកខុសពីអ្នកផ្សេង

សញ្ញាជាទូទៅមួយទៀតដែលអាចសង្កេតគឺគេតែងតែបង្ហាញទង្វើចំពោះអ្នកខុសពីមនុស្សផ្សេងទៀតដែលនៅជុំវិញខ្លួន។ ពួកគេអាចត្រៀមខ្លួនបម្រុងទុកជាស្រេចក្នុងការយកចិត្តទុកដាក់ចំពោះអ្នក។ អារម្មណ៍ល្អបែបនេះគឺដោយសារពួកគេចង់ផ្ដល់ឱ្យអ្នកនៅអារម្មណ៍សុវត្ថិភាពមួយផងដែរ។
៤. ចូលចិត្តលេងសើចជាមួយអ្នក
ពេលខ្លះពួកគេចូលចិត្តលេងសើច ឬញ៉េះញ៉ោះឱ្យអ្នកខឹងព្រោះវាជាវិធីមួយដែលធ្វើឱ្យមនុស្សពីរនាក់ឆាប់មានភាពស្និទ្ធស្នាល និងបង្កឱ្យបរិយាកាសកាន់តែសប្បាយមិនស្ងប់ស្ងាត់ពេកទៀតផង។ មិនតែប៉ុណ្ណោះ វិធីមួយនេះអាចត្រូវបានគេចាត់ទុកជាវិធីដ៏មានប្រសិទ្ធភាពមួយផងដែរ។
៥. ឧស្សាហ៍តាមដានអ្នក

ក្នុងន័យនេះមិនមែនមានន័យថាពួកគេនឹងតាមដានគ្រប់ពេលវេលារៀងរាល់ថ្ងៃនោះទេ មានន័យថាពួកគេតែងតែចាប់អារម្មណ៍ចង់ដឹងថាអ្នកនៅឯណា កំពុងនិយាយជាមួយអ្នកណា ឬកំពុងធ្វើអ្វីប៉ុណ្ណោះ។ ពេលខ្លះពួកគេក៏ចង់បង្ហាញអារម្មណ៍ចេញមកភ្លាមៗផងដែរ គ្រាន់តែមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ប៉ុណ្ណោះ។
៦. ចូលចិត្តសួរនាំអ្នក
នៅពេលដែលពួកគេចាប់ផ្ដើមស្រឡាញ់ខ្លាំងហើយ គេអាចនឹងចូលចិត្តសួរនាំអំពីចំណូលចិត្ត ទម្លាប់រស់នៅខ្លះ ឬគ្រួសាររបស់អ្នកខ្លះៗទៀតដើម្បីឱ្យមានអារម្មណ៍កាន់តែស្និទ្ធស្នាល និងមានទំនុកចិត្តជាងមុនទៀតផង។ ដូច្នេះនៅពេលដែលពួកគេចាប់ផ្ដើមយល់ដឹងច្រើនពីអ្នកហើយ នោះវាគឺជាសញ្ញាដ៏ល្អមួយដែលអាចចាប់ផ្ដើមបង្កើតខ្សែនិស្ស័យបានហើយ៕

























Account
Security
Favourite Content