មនុស្សដែលកើតក្នុងយុគសម័យឌីជីថល ដូចជា ‘Gen Z’ ត្រូវបានរកឃើញថាកំពុងប្រឈមមុខនឹងបញ្ហាក្នុងជីវិតការងារដែលខុសពីមនុស្សជំនាន់មុនៗ ដោយថ្មីៗនេះការស្ទង់មតិរបស់ Deloitte ឆ្នាំ ២០២៣ លើមនុស្ស ១៤ ៤៨៣ នាក់ដែលជាអ្នកធ្វើការវ័យ ‘Gen Z’ (អ្នកកើតចាប់ពីឆ្នាំ ១៩៩៧) នៅក្នុងប្រទេសចំនួន ៤៤ បានរកឃើញថា ៤៦% នៃក្រុម Gen Z ប្រឈមនឹងការថប់បារម្ភ និងស្ត្រេសជាប្រចាំនៅកន្លែងធ្វើការ។
លើសពីនេះទៀត ច្រើនជាងមួយភាគបីនៃអ្នកផ្ដល់ចម្លើយបានរាយការណ៍ថា ពួកគេមានអារម្មណ៍អស់កម្លាំង កម្រិតថាមពលទាប ហើយក៏លែងមានចិត្តក្នុងការងារ ដោយមូលហេតុចម្បងគឺដោយសារបរិយាកាសអវិជ្ជមាន ឬដោយសារការមើលងាយក្នុងកន្លែងធ្វើការ។
ពាក់ព័ន្ធបញ្ហានេះ អ្នកស្រី Kathleen Pike សាស្ត្រាចារ្យផ្នែកចិត្តវិទ្យា សាកលវិទ្យាល័យកូឡុំប៊ី និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន One Mind at Work (ផ្តល់ការថែទាំសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ) បានបញ្ចេញមតិថា អ្នកធ្វើការ Gen Z កំពុងប្រឈមមុខនឹងសម្ពាធច្រើនជាងមនុស្សជំនាន់មុន ដោយសារតែពួកគេធំឡើងនៅក្នុងពិភពលោកដែលបច្ចេកវិទ្យាបានបំផ្លាញព្រំដែនរវាងជីវិតការងារ និងជីវិតផ្ទាល់ខ្លួន។
ប្រៀបធៀបការធ្វើការរបស់មនុស្សជំនាន់នេះទៅនឹងមនុស្សជំនាន់មុន គេបានរកឃើញថា មនុស្សជំនាន់មុនមិនប្រឈមមុខនឹងសម្ពាធដែលបណ្តាលមកពីបច្ចេកវិទ្យាដូចបច្ចុប្បន្ននោះទេនៅពេលពួកគេចាប់ផ្ដើមការងារដំបូងៗ។
សាស្ត្រាចារ្យ Pike បានពន្យល់បន្ថែមថា កាលពីអតីតកាល គ្មានអ្វីអាចកើតឡើងភ្លាមៗដូចសព្វថ្ងៃនេះនោះទេ ហើយនៅពេលដែលមនុស្សជំនាន់មុនត្រឡប់ទៅផ្ទះវិញ ពួកគេពិតជាត្រូវបានផ្តាច់ចេញពីការងាររបស់ពួកគេទាំងស្រុង។

ក្រឡេកមកមើលសម័យនេះ បច្ចេកវិទ្យាត្រូវបានគេមើលឃើញថាជាពិរុទ្ធជននៅពីក្រោយការតស៊ូក្នុងជីវិតការងាររបស់ Gen Z ដែលជាលទ្ធផលបានជំរុញឱ្យមនុស្សជំនាន់នេះព្យាយាមបែងចែកភាពខុសគ្នាកាន់តែច្បាស់រវាងការងារ និងជីវិតផ្ទាល់ខ្លួន។
អ្វីដែលឃើញកាន់តែខ្លាំងឡើងក្នុងពិភពការងារគឺថា Gen Z កំពុងព្យាយាមដាក់ព្រំដែនក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេឡើងវិញ ខណៈអ្នកធ្វើការវ័យក្មេងជាច្រើនកំពុងងាកទៅរកនិន្នាការ (Trend) ធ្វើការបែបផ្សេងៗដូចជា៖
– និន្នាការធ្វើការបែប Act your Wage គឺធ្វើការស្របតាមប្រាក់ឈ្នួលដែលទទួលបាន មិនធ្វើអ្វីលើសពីសមត្ថភាពរបស់ខ្លួន។
– និន្នាការធ្វើការបែប Quiet Quitting គឺធ្វើការទៅតាមភារកិច្ចដែលបានកំណត់ ដោយមិនលះបង់ធ្វើការងារខ្លាំងទាំងយប់ទាំងថ្ងៃ ដើម្បីការពារខ្លួនឯងកុំឱ្យ burnout។
– និន្នាការធ្វើការបែប Lazy girl jobs គឺការធ្វើការដែលអាចកំណត់កាលវិភាគផ្ទាល់ខ្លួនបាន ការងារមិនធ្វើឱ្យជីវិតផ្ទាល់ខ្លួនស្មុគស្មាញពេក ឬជាការងារដែលអាចកែតម្រូវតាមរបៀបរស់នៅ (lifestyle) របស់ខ្លួនបាន។ ជារឿយៗវាជាការងារដែលមានកម្រិតស្ត្រេសទាប ប៉ុន្តែមានផលតបស្នងគួរឱ្យទាក់ទាញ។
សរុបមក ពួកគេផ្តោតលើការស្វែងរកការងារ ឬទម្រង់ការងារដែលមានភាពរវល់តិចបំផុត។
ទោះជាយ៉ាងណា សាស្រ្តាចារ្យ Pike បានណែនាំថាការដែលមនុស្ស Gen Z ជាច្រើនប្រឈមនឹងភាពតានតឹង ការថប់បារម្ភ និងសម្ពាធនៅកន្លែងធ្វើការនោះ ពេលខ្លះអារម្មណ៍ទាំងនោះគឺជាអារម្មណ៍ធម្មតា មិនមែនជារោគសញ្ញានៃជំងឺផ្លូវចិត្តរហូតនោះទេ។ ការប្រឈមនឹងភាពតានតឹងដោយសារ deadline ការងារ អារម្មណ៍សោកសៅ ខកចិត្ត ឬការថប់បារម្ភម្តងម្កាល ត្រូវបានគេចាត់ទុកថាជាផ្នែកធម្មតានៃជីវិត។
ម្យ៉ាងទៀត អារម្មណ៍តានតឹង ឬថប់បារម្ភនៅកន្លែងធ្វើការ អាចជាសូចនាករដ៏មានប្រយោជន៍ ដែលនឹងជួយឱ្យអ្នកធ្វើការងារសម្រេចបានកាន់តែល្អក៏ថាបាន។
ជាចុងក្រោយ សាស្ត្រាចារ្យចិត្តវិទ្យារូបនេះបានសន្និដ្ឋានថា មនុស្ស Gen Z ដែលចង់ជោគជ័យក្នុងជីវិតការងារ ត្រូវតែទទួលយកភាពតានតឹង និងការថប់បារម្ភមួយចំនួនដែលបណ្តាលមកពីការងារ។ “យើងត្រូវប្រឈមមុខនឹងការបរាជ័យរបស់យើងភ្លាមៗ ហើយព្យាយាមម្តងទៀត។ វានឹងអនុញ្ញាតឱ្យយើងរីកចម្រើនតាមរយៈកំហុស រួមទាំងការរៀនសូត្រជំនាញបន្ថែម ការសុំជំនួយ និងការដឹងពីរបៀបជំរុញសមត្ថភាពខ្លួនឯង។ល។ ទាំងអស់នេះសុទ្ធតែជាផ្នែកមួយនៃការរីកលូតលាស់នៅក្នុងជីវិតការងារ” ៕


























Account
Security
Favourite Content