ស្របពេលបុណ្យចូលឆ្នាំចិនក៏កាន់តែខិតជិតមកដល់ហើយ ប្រជាជនយើងដែលជាប់សែស្រឡាយចិនភាគច្រើន តែងតែបោសសម្អាត និងរៀបចំផ្ទះសម្បែង ដើម្បីទទួលបានសំណាងល្អ និងសិរីសួស្ដីនោះ។
ក្នុងចំណោម ការតុបតែងលម្អមុខទ្វារផ្ទះក៏យើងមិនអាចរំលងបានដែរ ព្រោះជាកន្លែងដំបូងដែលទទួលខ្យល់អាកាស ស្វាគមន៍ញាតិមិត្តបងប្អូន និងលាភសំណាងផងដែរ។ ឆ្លៀតឱកាសនេះ យើងសូមណែនាំនូវវត្ថុទាំង ៥ ដែលគួរដាក់មុខទ្វារមុនពេលចូលឆ្នាំ៖
១. កណ្ដឹងខ្យល់

ការព្យួរកណ្ដឹងខ្យល់នៅមុខផ្ទះមិនត្រឹមតែជាការតុបតែងផ្ទះនោះទេ ប៉ុន្តែវាក៏ជាគ្រឿងដែលនាំហុងស៊ុយ ទាក់ទាញសំណាង ជួយឱ្យម្ចាស់ផ្ទះមានលាភ និងទ្រព្យសម្បត្តិហូរចូលផងដែរ។ គេមានជំនឿថាសម្លេងនៃកណ្ដឹងខ្យល់គឺជាប្រភពថាមពលដែលជំរុញឱ្យភាពវិជ្ជមានរត់ចូលក្នុងផ្ទះ។ ដូច្នេះសម្លេងកណ្ដឹងខ្យល់អាចជួយនាំសំណាងល្អក្រុមគ្រួសារ។
២. ទឹកជ្រោះមានដុំថ្ម

នៅក្នុងហុងស៊ុយចិន ថ្មគឺជាវត្ថុសំណាងបំផុត។ ការតម្រៀបថ្មពីលើគ្នាដូចកាំជណ្ដើរប្រៀបដូចជាការអភិវឌ្ឍន៍ការងារកាន់តែខ្ពស់ និងរលូនទៅមុខរហូត។ មិនតែប៉ុណ្ណោះ គេមានជំនឿថាវាក៏អាចជួយទប់ស្កាត់ បណ្ដេញវិញ្ញាណខ្មៅងងឹត ថែរក្សាទ្រព្យ និងកាន់តែលេចធ្លោផងដែរ។ ជាមួយគ្នានេះ គេចាត់ទុកទឹកជាឈាម ហើយថ្មជាព្រលឹង ដូច្នេះការរួមបញ្ចូលរវាងទឹកជ្រោះ និងថ្មគឺជាធាតុដ៏ទាក់ទាញបំផុត។
៣. ការតុបតែងដោយពណ៌ក្រហម
ការរៀបចំតុបតែងពណ៌ក្រហមនៅមុខផ្ទះគឺជានិមិត្តរូបនៃសំណាង និងសុភមង្គល។ ដូច្នេះនៅពេលដែលក្រុមគ្រួសារ ញាតិមិត្ត ឬបងប្អូនបើកទ្វារចូលមកនឹងធ្វើឱ្យមានអារម្មណ៏កក់ក្ដៅ ស្ងប់សុខ និងរីករាយថែមទៀតផង។
៤. ដើមឈើ

ដើមឈើ ឬរុក្ខជាតិបៃតងគឺជានិមិត្តរូបនៃភាពរុងរឿង និងការសមបំណង។ ដូច្នេះយើងគួរតែជ្រើសរើសដើមឈើសំណាងមួយចំនួនដូចជាដើមលុយ ដើមគ្រីសាន ឬដើមរាសីជាដើមមកដាក់នៅមុខផ្ទះ ដើម្បីឱ្យអាយុវែង លុយកាក់ហូរចូល និងភាពចម្រុងចម្រើនដល់គ្រួសារផងដែរ។
៥. វត្ថុនាំសំណាង ឬកាក់មាស
មិនថាពេលណា ឬកន្លែងណានោះទេ អំពើល្អ និងភាពរីករាយតែងតែធ្វើឱ្យមនុស្សយើងមានអារម្មណ៍ធូរស្រាល ក៏មានមានកម្លាំងចិត្តជាងមុនដែរ។ ប្រសិនបើយើងដើរចូលមុខផ្ទះ ហើយឃើញនូវវត្ថុនាំសំណាងដូចជាកង្កែបមាស ត្រីមាស ឬខ្សែកាក់មាសជាដើម វានឹងកាន់តែធ្វើឱ្យយើងស្ងប់ចិត្ត។ នៅក្នុងក្បួនហុងស៊ុយចិន វត្ថុទាំងនោះនឹងជួយទាក់ទាញលាភសំណាង ថែមទាំងទប់ស្កាត់ និងបណ្ដេញវិញ្ញាណអាក្រក់ ឬថាមពលអវិជ្ជមានចេញពីផ្ទះបានទៀតផង៕
























































Account
Security
Favourite Content