សព្វថ្ងៃនេះ Canva បានក្លាយជាកម្មវិធីដែលមនុស្សជាច្រើនប្រើប្រាស់សម្រាប់ធ្វើទាំង Presentation, Poster, CV រហូតដល់មាតិកាវីដេអូជាច្រើនលើបណ្តាញសង្គម។ ប៉ុន្តែតើអ្នកដឹងទេថា Canva ធ្លាប់ត្រូវបានអ្នកវិនិយោគបដិសេធច្រើនជាង ១០០ ដង មុនពេលក្លាយជា Platform កម្រិតពិភពលោក?

រឿងរ៉ាវបានចាប់ផ្តើមចេញពីយុវតី Melanie Perkins ដែលធ្លាប់បង្រៀនកម្មវិធីឌីសាញដល់សិស្ស ហើយបានរកឃើញថាកម្មវិធីទាំងនោះមានភាពស្មុគស្មាញពេកសម្រាប់មនុស្សទូទៅ។
នាងក៏បានចាប់ផ្តើមធ្វើអាជីវកម្មជាមួយ Cliff Obrecht ដោយដោះស្រាយបញ្ហាដែលនៅជិតខ្លួនមុន នោះគឺការធ្វើសៀវភៅអនុស្សាវរីយ៍ (Yearbook) របស់សាលា រហូតកើតជាអាជីវកម្មឈ្មោះ Fusion Books នៅក្នុងឆ្នាំ ២០០៧។
ប៉ុន្តែក្នុងអំឡុងពេលធ្វើការជាមួយសាលាជាច្រើន អ្នកទាំងពីរបានរកឃើញថា គ្រូ និងសិស្ស មិនបានត្រូវការត្រឹមតែធ្វើសៀវភៅអនុស្សាវរីយ៍នោះទេ ពួកគេនៅតែត្រូវធ្វើ Poster, ប័ណ្ណប្រកាស (Flyer) និង Graphic ជាច្រើនប្រភេទទៀត។
ពេលនោះក៏កើតសំណួរថា “ប្រសិនបើអ្វីដែលមនុស្សទូទៅត្រូវឌីសាញក្លាយជាអ្វីដែលងាយៗ ហេតុអ្វីបានជាត្រូវប្រើកម្មវិធីស្មុគស្មាញថ្នាក់ហ្នឹង?” សំណួរនេះហើយដែលបានក្លាយជាចំណុចចាប់ផ្តើមនៃ Canva។
ប៉ុន្តែការផ្លាស់ប្តូរពីអាជីវកម្មសៀវភៅអនុស្សាវរីយ៍នៅក្នុងប្រទេសអូស្ត្រាលី ឱ្យក្លាយជា Platform កម្រិតពិភពលោកមិនមែនជារឿងងាយស្រួលនោះឡើយព្រោះ Melanie ត្រូវធ្វើដំណើរទៅ Silicon Valley ដើម្បីស្វែងរកអ្នកវិនិយោគ ហើយត្រូវបានបដិសេធច្រើនជាង ១០០ ដង។
ជំនួសឱ្យការបោះបង់ អ្នកទាំងពីរប្រែជាប្រើប្រាស់រាល់ពាក្យបដិសេធមកធ្វើជាទិន្នន័យ សុំការណែនាំពីអ្នកវិនិយោគ រួចយកត្រឡប់មកកែលម្អគំនិតអាជីវកម្ម រហូតដល់ចុងក្រោយបានជួបជាមួយមនុស្សសំខាន់ជាច្រើន រាប់ទាំង Cameron Adams អតីត Designer មកពី Google ដែលបានចូលរួមធ្វើជាស្ថាបនិក (Co-founder) ទីបីរបស់ Canva។

Canva បានបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០១៣ ជាមួយនឹងគំនិតដែលខុសប្លែកពីកម្មវិធីរចនាបែបដើម ព្រោះជំនួសឱ្យការទុកឱ្យអ្នកប្រើប្រាស់ចាប់ផ្តើមពីក្រដាសទទេ Canva បានប្រើប្រាស់ Template និងប្រព័ន្ធ Drag-and-Drop ដែលធ្វើឱ្យអ្នកដែលគ្មានមូលដ្ឋានគ្រឹះខាងផ្នែកឌីសាញសោះ ក៏អាចបង្កើតស្នាដៃដែលមើលទៅលក្ខណៈអាជីពបានដែរ។
បន្ទាប់មក Canva ក៏បានរីកចម្រើនយ៉ាងរហ័ស រហូតក្លាយជាក្រុមហ៊ុន Unicorn នៅក្នុងឆ្នាំ ២០១៨ និងបានពង្រីកខ្លួនពីកម្មវិធីឌីសាញទៅជាការធ្វើ Presentation, វីដេអូ, វិបសាយ និង មាតិកាជាច្រើនទម្រង់ផ្សេងទៀត។
ថ្ងៃនេះ Canva នៅតែបន្តបោះជំហានទៅមុខជាមួយ AI ទាំងការជួយគិតគំនិត សរសេរអត្ថបទ បង្កើតរូបភាព និងរចនាស្នាដៃ ប្រែពីដើមឡើយដែលចូលមកដោះស្រាយបញ្ហាលើ “ការរចនា” កំពុងផ្លាស់ប្តូរទៅជាការជួយគ្រប់គ្នាបង្កើត “មាតិកា” បានគ្រប់ជ្រុងជ្រោយជាងមុន។
រឿងរ៉ាវរបស់ Canva គួរឱ្យចាប់អារម្មណ៍ត្រង់ថា វាមិនបានចាប់ផ្តើមចេញពីគំនិតដ៏អស្ចារ្យធំដុំនោះទេ ប៉ុន្តែបានចាប់ផ្តើមចេញពីបញ្ហាតូចតាចក្នុងការធ្វើសៀវភៅអនុស្សាវរីយ៍ ហើយក៏បានរៀនសូត្រថា បញ្ហានោះមានមនុស្សជាច្រើនទៀតកំពុងជួបប្រទះដូចគ្នា។
ស្វែងយល់កាន់តែលម្អិតពីរឿងរ៉ាវរបស់ Canva បន្ថែមទៀតតាមរយៈកម្មវិធី “Learn the World – មើលទុកជាមេរៀន” ខាងក្រោមនេះ៖





















































Account
Security
Favourite Content