BigHit Music ដែលជាទីភ្នាក់ងាររបស់ BTS បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា អ្នកគាំទ្រប្រហែល ៥៤០០០ នាក់បានចូលរួមការប្រគំតន្ត្រីរយៈពេលពីរថ្ងៃរបស់ J-Hope សមាជិក BTS នៅទីក្រុងសេអ៊ូលកាលពីពេលថ្មីៗ ដែលធ្វើឱ្យដំណើរប្រគំទេសចរណ៍ពិភពលោក “Hope on the Stage” របស់លោកទាំងមូលមានអ្នកចូលរួមសរុបរហូតដល់ជាង ៥២០ ០០០ នាក់។


កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ សប្ដាហ៍មុន J-Hope បានប្រារព្ធការប្រគំតន្ត្រីរយៈពេលពីរថ្ងៃនៅសង្វៀនធំនៃពហុកីឡដ្ឋាន Goyang ក្នុងខេត្ត Gyeonggi ដែលជាឆាកចុងក្រោយនៃដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់លោកដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈជាមួយនឹងការប្រគំតន្ត្រីនៅឯកីឡដ្ឋាន Olympic Park នៅភាគខាងកើតទីក្រុងសេអ៊ូល។

ជាចំណងដៃពិសេសសម្រាប់អ្នកគាំទ្រនាឆាកចុងក្រោយនេះ Jin និង Jungkook បានបង្ហាញខ្លួននៅលើឆាកក្នុងនាមជាតារាកិត្តិយសកាលពីថ្ងៃសុក្រ ខណៈដែលសមាជិកផ្សេងទៀតដូចជា RM, Suga, Jimin និង V បានចូលរួមជាទស្សនិកជន។
BigHit Music បាននិយាយថាក្នុងដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោករយៈពេល ៤ ខែកន្លងមកនេះ J-Hope បានធ្វើការប្រគំតន្ត្រីចំនួន ៣៣ ឆាកនៅក្នុងទីក្រុងចំនួន ១៦ ជុំវិញពិភពលោក ដោយទាក់ទាញអ្នកគាំទ្រសរុបចំនួន ៥២៤ ០០០ នាក់ ។
គួរបញ្ជាក់ថា BTS កំពុងត្រៀមវិលចូលប្រឡូកក្នុងឆាកតន្ត្រីវិញជាមួយសមាជិកទាំងប្រាំពីរនាក់ជុំគ្នា បន្ទាប់ពីផ្អាកសកម្មភាពក្រុមជិតបីឆ្នាំដើម្បីបំពេញកាតព្វកិច្ចយោធារៀងៗខ្លួន។ បន្ទាប់ពីសមាជិកចំនួន ៦ រូបបានបញ្ចប់កាតព្វកិច្ចរួចរាល់ សមាជិកចុងក្រោយគឺ Suga គ្រោងនឹងបញ្ចប់កាតព្វកិច្ចរបស់ខ្លួននៅថ្ងៃទី ២១ ខែមិថុនានេះ ៕






























































Account
Security
Favourite Content