ជាធម្មតាទៅហើយនៅពេលដែលយើងដើរយូរ ច្បាស់ណាស់វានឹងបណ្ដាលឱ្យមានអាការឈឺចាប់ ស្ពឹកស្រពន់ជាមិនខាន។ ស្របពេលគ្នានេះក៏មានមនុស្សភាគច្រើនប្រើប្រាស់ការត្រាំជើងជាមួយទឹកក្ដៅឧណ្ហៗដើម្បីសម្រួលសរសៃ និងសាច់ដុំជើងឡើងវិញ។ ប៉ុន្តែតាមពិតទៅ បើយើងចុករោយជើងបែបនេះ តើយើងគួរត្រាំក្នុងទឹកក្ដៅដែរ ឬទេ?

វាអាចនឹងចម្លែកបន្តិច ប៉ុន្តែការពិតប្រសិនបើយើងមានការឈឺចាប់សាច់ដុំ ចុករោយជើងក្រោយដើរ ឬឈរក្នុងរយៈពេលយូរ យើងគួរតែត្រាំជើងក្នុងទឹកត្រជាក់គឺប្រសើរជាងព្រោះទឹកត្រជាក់នឹងជួយសម្រួលដល់សរសៃឈាម និងកាត់បន្ថយសារធាតុដែលអាចបណ្ដាលឱ្យរលាកផងដែរ។ ដូច្នេះហើយហានិភ័យនៃការឈឺចាប់បណ្ដាលមកពីការរលាកសាច់ដុំក៏អាចត្រូវបានកាត់បន្ថយ។

ប្រសិនបើមានចម្ងល់ថាហេតុអ្វីក៏ត្រូវប្រើត្រជាក់? យើងអាចក្រឡេកទៅមើលបន្ទះ ឬថ្នាំរឹតជើងដែលមានលក់លើទីផ្សារដោយសុទ្ធតែមានធាតុត្រជាក់ និងសមត្ថភាពជួយកាត់បន្ថយការរលាក ការឈឺចាប់ ព្រមទាំងហើមសាច់ដុំបានយ៉ាងល្អ។
ជាមួយគ្នានេះក៏មានសំនួរផ្សេងទៀតថា តើពេលណាដែលយើងគួរត្រាំជើងក្នុងទឹកក្ដៅឧណ្ហៗ? សម្រាប់អ្នកដែលមានអាការគេងមិនលក់ ឬពិបាកក្នុងការគេងគួរត្រាំជើងជាមួយទឹកក្ដៅចន្លោះពី ៣៦-៣៨ អង្សាសេររយៈពេលពី ១០-១៥ នាទី។ អត្ថប្រយោជន៍នៃការត្រាំជើងជាមួយទឹកក្ដៅមុនពេលចូលគេងអាចជួយបន្ធូរអារម្មណ៍ ធ្វើឱ្យឈាមរត់បានល្អប្រសើរហើយគេងលក់ស្រួលទៀតផង។ បន្ទាប់ពីត្រាំ យើងក៏គួរតែជូតជើងឱ្យស្ងួត ហើយប្រើក្រែមបំប៉នស្បែកជើងដើម្បីជួយឱ្យកាន់តែមានអារម្មណ៍ធូរស្រាល និងការពារកុំឱ្យស្បែកស្ងួតផងដែរ។

ចំណាំ៖ ចំពោះការត្រាំជើងជាមួយទឹកក្ដៅ ឬទឹកត្រជាក់ក៏ត្រូវមានការប្រុងប្រយ័ត្នដែរដូចជា៖
- មុនត្រាំជើងត្រូវមើលជើងសិនថាតើមានរបួស ឬអត់ បើមិនដូច្នោះទេវានឹងធ្វើឱ្យរីកដំបៅ ហើយឆ្លងមេរោគចូលតែម្ដង
- កុំលាយសារធាតុអ្វីដែលខ្លួងមិនស្គាល់ មិនប្រាកដច្បាស់ព្រោះវាអាចធ្វើឱ្យអាឡែកហ្ស៊ី
- អ្នកមានជំងឺទឹកនោមផ្អែមមិនគួរត្រាំជើងនោះទេព្រោះវាងាយនឹងបណ្ដាលឱ្យមានរបួសដោយមិនដឹងខ្លួន
- ចាំបាច់មិនត្រូវត្រាំជាមួយអ្នកដទៃឡើយព្រោះវាអាចប្រឈមនឹងការឆ្លងជំងឺសើស្បែក ឬជំងឺផ្សេងៗបានយ៉ាងងាយ ៕

























Account
Security
Favourite Content