ជាការបង្ហាញខ្លួនលើកដំបូងក្នុងរឿង Squid Game របស់ Netflix បានធ្វើឱ្យតារាស្រី Jung Hoyeon ទទួលប្រជាប្រិយភាពពេញទំហឹង។ ថ្មីៗនេះផងដែរ នាងក៏បានសម្ដែងជាតួស្រីនៅក្នុងបទចម្រៀងថ្មីរបស់ New Jeans មានចំណងជើងថា “Cool With You” ដែលកាន់តែធ្វើឱ្យនាងទទួលបានការកោតសរសើរយ៉ាងខ្លាំងបន្ថែមទៀតអំពីភាពប៉ិនប្រសប់របស់នាង។


ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលធ្វើឱ្យនាងទទួលបានភាពល្បីល្បាញគឺរូបរាងចង្កេះតូចស្លីម ហើយសក្ដិសមជាតារាបង្ហាញម៉ូដ។ ខណៈដែលការចាប់អារម្មណ៍របស់នាងនៅតែបន្ត Jung Hoyeon បានបង្ហាញអំពីចំណេះដឹងក្នុងការថែរក្សារាងឱ្យមានទំហំចង្កេះតូច។



ជាមួយគ្នានេះ នាងក៏មិនភ្លេចចែករំលែកអំពីការគ្រប់គ្រងរបបអាហារនោះទេ។ តារាស្រីរូបនេះបាននិយាយថានាងបានទទួលទានអង្ករសំរ៉ូបជំនួសឱ្យអង្ករសដោយសារវាសម្បូរសារធាតុបំប៉នច្រើនជាង។ លើសពីនេះ ជាតិសរសៃដែលមាននៅក្នុងអង្ករសំរ៉ូបគឺល្អសម្រាប់ទប់ស្កាត់ការធាត់ និងបញ្ចេញសារធាតុមិនល្អចេញពីក្នុងរាងកាយផងដែរ។


នាងបានបន្តថានៅពេលញុំាអង្ករសំរ៉ូបដំបូង វានឹងមិនមានរសជាតិឆ្ងាញ់ ហើយក៏មានអារម្មណ៍ថាឆ្គងបន្តិចដែរ។ ដូច្នេះហើយនាងបានផ្ដល់យោបល់ឱ្យលាយគ្នាជាមួយអង្ករសសិនពេលចាប់ផ្ដើម ដោយប្រើអង្ករស ៧០% និងអង្ករសំរ៉ូប ៣០% បន្ទាប់មកសឹមបង្កើនបរិមាណអង្ករសំរ៉ូប។
ចំពោះរូបនាងផ្ទាល់ នាងមិនបានតមអាហារ ឬការធ្វើ fasting នោះទេព្រោះនាងគិតថាវាហាក់ដូចជាបង្អត់ខ្លួនឯងជ្រុលពេក ហើយអាចនឹងប៉ះពាល់ដល់សុខភាពផងដែរ។ ម្យ៉ាងវិញទៀត នាងបាននិយាយថានៅមានអាហារឆ្ងាញ់ៗជាច្រើនក្នុងប្រទេសដែលនាងចង់ញុំា។ ដូច្នេះនាងមិនបានធ្វើវានោះទេ ប៉ុន្តែនាងបានតាមដានខ្លួនប្រហែលមួយខែមុនពេលនាងត្រូវសម្រកទម្ងន់។


ស្របពេលនេះតារាស្រីរូបនេះបានសង្កត់ធ្ងន់ទៅលើការធ្វើលំហាត់ប្រាណ។ ចំពោះលំហាត់ប្រាណដែលនាងចូលចិត្តខ្លាំងនោះគឺការធ្វើ Pilates ហើយនាងក៏ធ្លាប់បានចែករំលែកពីវាច្រើនដងនៅលើបណ្ដាញសង្គមផងដែរ។ បន្ទាប់ពី Pilates នាងក៏ចូលចិត្តហាត់យូហ្គា និងរាំរបាំបាឡេទៀតផង។ ចលនានៃលំហាត់ប្រាណទាំងបីនេះគឺមានប្រសិទ្ធភាពសម្រាប់ការហ្វឹកហាត់សាច់ដុំស្នូល ដូច្នេះប្រសិនបើយើងធ្វើវាជាប់លាប់ រាងកាយ និងឥរិយាបថរបស់យើងក៏នឹងវិវត្តមកកាន់តែល្អផងដែរ។



យោងតាមទស្សនាវដ្ដី Elle Korea តារាស្រី Jung Hoyeon ក៏កំពុងតែមមាញឹកនឹងការសម្ដែងជាតួឯកក្នុងរឿង Apple TV+ បែបthriller 〈Disclaimer〉 របស់អ្នកដឹកនាំរឿង Alfonso Cuaron ភាពយន្តថ្មីរបស់អ្នកដឹកនាំរឿង Joe Talbot 〈The Governance〉 និងខ្សែភាពយន្តអន្តរជាតិថ្មីរបស់អ្នកដឹកនាំរឿង 〈Hope〉 របស់ Na Hongjin៕























Account
Security
Favourite Content