ក្រុមអង្គការគាំពារកុមារខ្មែរ ហៅកាត់ CYK ដឹកនាំដោយលោកស្រី Harumi Sekiguchi លោកស្រី ចាន់ ស្រី និង លោក ព្រំ ប៊ុនធឿន ទទួលការអនុញ្ញាតចូលរួមសម្ដែងការគួរសមជាមួយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសារមន្ទីរជាតិកម្ពុជា កាលពីព្រឹកថ្ងៃ ៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១១នាទីព្រឹក។

នាឱកាសជំនួបនោះ ក្រុមការងារជប៉ុនបានប្រគល់ហូលពិតានសរុប ៤០ផ្ទាំង ជូនក្រសួង ដើម្បីរក្សាទុកជាសម្បត្តិរដ្ឋ នៅសារមន្ទីរជាតិកម្ពុជា ក្រោមវត្តមានរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងឯកឧត្តម UENO Atstushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។
សមុច្ច័យទាំង ៤០ ផ្ទាំងនេះ ជាបណ្ដុំការប្រមូលផ្ដុំដ៏សំខាន់ ដែលបានឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃការបន្តមរតកបេតិកភណ្ឌអរូបី នៃវិស័យតម្បាញខ្មែរនារយៈពេលជាងមួយសតវត្សរ៍ កន្លងមកនេះ។ ហូលពិតានទាំងនោះមានក្បាច់លម្អរំលេចពីទិដ្ឋភាពទូទៅនៃជីវភាពប្រចាំថ្ងៃ និងជំនឿនានាដែលខ្មែរគោរពប្រតិបត្តិ ជាពិសេសគឺផ្ទាំងរឿងទាក់ទងនឹងពុទ្ធប្រវត្តិ។

គោលបំណងចម្បងនៃការប្រគល់នេះ គឺដើម្បីធានាបាននិរន្តរភាពនៃការអភិរក្ស ថែរក្សា និងផ្សព្វផ្សាយពីភាពប្រណិត និងល្អឯកនៃមរតកតម្បាញសូត្រខ្មែរ។ លើសពីនោះ ក្រុម ការងារចង់ផ្ដល់លទ្ធភាព និងភាពងាយស្រួលដល់ក្រុមអ្នកតម្បាញសូត្រខ្មែរ ដែលមានបំណងចង់សិក្សាឈ្វេងយល់ពីទម្រង់ និងក្បាច់រចនានានានៅលើផ្ទាំងសូត្រ អាចចូលមកពិនិត្យផ្ទាល់បាននៅសារមន្ទីរជាតិ ដោយទាក់ទងផ្ទាល់មកសារមន្ទីរជាមុន ដើម្បីក្រុមការងារអាចរៀបចំសមុច្ច័យទាំងនោះទាន់ពេលវេលា ដោយពុំចាំបាច់ចំណាយពេលវេលារង់ចាំ។
សារមន្ទីរ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន នឹងពិនិត្យលទ្ធភាពនៃការប្រគល់សមុច្ច័យផ្សេងៗទៀតមកសារមន្ទីរទុកជាសម្បត្តិជាតិ ដូចដែលក្រុមការងារជប៉ុននេះបានធ្វើនាថ្ងៃនេះ ដ្បិតសមុច្ច័យទាំងនោះ នឹងក្លាយទៅជាឯកសាររស់ សម្រាប់ការផ្សព្វផ្សាយ និងសិក្សាឈ្វេងយល់មរតកអរូបី ដែលដូនតាខ្មែរបានបន្សល់ទុក។
គួររំឭកផងដែរថា កាលពីកំឡុងឆ្នាំ២០១៤ លោកស្រី Harumi Sekiguchi បានប្រគល់ហូលពិតានមកកាន់សារមន្ទីរជាតិកម្ពុជា ២ លើកម្ដងមកហើយ លើកទី១សរុប ២៣ ផ្ទាំង និង លើកទី២សរុប ២ផ្ទាំង៕


រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


























Account
Security
Favourite Content