Wonyoung ជាសមាជិក IVE ក្រុមតារាចម្រៀងស្រីខេប៉ុបជំនាន់ទី ៤ កំពុងទទួលបានប្រជាប្រិយភាព និងភាពល្បីល្បាញយ៉ាងខ្លាំងពីក្រុមអ្នកគាំទ្រទាំងក្នុង ក៏ដូចជាក្រៅប្រទេស។ បន្ទាប់ពីបទចម្រៀងទាក់ទាញ សមត្ថភាពខ្លាំងពូកែហើយ សម្រស់ដ៏ស្រស់សោភារបស់នាងក៏ជាគន្លឹះមួយដើម្បីចាប់យកចំណាប់អារម្មណ៍អ្នកគាំទ្រផងដែរ។

ក្រៅពីជាតារាចម្រៀងហើយ នាងក៏ជា BA របស់ម៉ាកផលិតផលល្បីជាច្រើនផងដែរដូចជា MIU MIU, Chaumet និង Inisfree ជាដើម។ ថ្វីត្បិតនៅវ័យក្មេង និងមានកាលវិភាគមមាញឹកពិតមែនក៏តារាស្រីវ័យ ១៩ ឆ្នាំរូបនេះជាមនុស្សដែលស្រឡាញ់សម្រស់ខ្លាំងណាស់។ ជាក់ស្ដែងនាងក៏បានចែករំលែកនូវគន្លឹះខ្លះៗដើម្បីថែរក្សាសម្រស់ឱ្យមានភាពស្រស់ស្អាតដូចខាងក្រោម៖

១. សេរ៉ូមជារបស់សំណព្វចិត្ត

ជាធម្មតាយើងតែងតែប្រើប្រាស់សេរ៉ូមក្រោយពេលជូត toner នៅពេលថ្ងៃ និងពេលយប់។ មិនខុសគ្នានោះទេ បើទោះជារវល់ខ្លាំងពេញមួយថ្ងៃបែបណា Wonyoung នៅតែផ្ដោតលើការលាបសេរ៉ូមឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។
នៅក្នុងវីដេអូបទសម្ភាសជាមួយ Allure Korea ថ្មីៗនេះ តារាស្រីវ័យក្មេងរូបនេះបាននិយាយថានាងព្យាយាមលាបសេរ៉ូមរាល់ពេលណាដែលនាងគិតថាអាច និងសក្ដិសម។ នាងជឿជាក់ថាវាពិតជាសំខាន់ខ្លាំងណាស់ក្នុងការរក្សាសំណើមលើផ្ទៃមុខព្រោះវានឹងជួយធ្វើឱ្យស្បែកមានតុល្យភាព និងភ្លឺរលោង។
២. ចូលចិត្តប្រើប្រភេទឡេការពារកម្ដៅថ្ងៃ tone-up


មនុស្សជាច្រើន ជាពិសេសអ្នកនៅជុំវិញខ្លួនរបស់ Wonyoung សុទ្ធតែដឹងហើយថានាងជាមនុស្សម្នាក់ដែលទុករឿងសម្រស់ជារឿងសំខាន់ខ្លាំងមែនទែន។ ដូច្នេះវាមិនចម្លែកនោះទេដោយនាងតែងតែជ្រើសរើសឡេការពារកម្ដៅថ្ងៃដែលមានសារធាតុផ្សំធ្វើឱ្យស្បែកមើលទៅរលោង និងភ្លឺថ្លា។
ស្របពេលនេះ តារាស្រីរូបនេះនឹងមិនចេញពីផ្ទះប្រសិនបើមិនបានលាបឡេការពារកម្ដៅថ្ងៃ ជាពិសេសជាប្រភេទឡេការពារកម្ដៅដែលអាចជួយបិតបាំងស្នាម និងធ្វើឱ្យមុខដោយមិនចាំបាច់ប្រើប្រាស់របស់ជំនួយ។
៣. ញ៉ាំទឹកសណ្ដែក និងទឹកដោះគោអាល់ម៉ុន

នៅក្នុងវីដេអូសម្ភាសជាមួយទស្សនាវដ្ដី W Magazine Korea តារស្រីរូបនេះបានចែករំលែកពីមូលហេតុដែលនាងចូលចិត្តញ៉ាំទឹកដោះគោអាល់ម៉ុន និងទឹកសណ្ដែកខ្លាំង។ នាងបាននិយាយថាស្បែកគឺជាកន្លែងដែលងាយបង្ហាញពីប្រតិកម្មនៃការជ្រើសរើសរបបអាហារ។ ជាឧទាហរណ៍នៅពេលស្បែកយើងឡើងស្នាមអុជខ្មៅ ឬរលាក នោះអាចនឹងបណ្ដាលមកពីការទទួលទានអាហារមានជាតិផ្អែម និងអាហារកែច្នៃច្រើន។

នាងក៏បានបន្ថែមថាប្រសិនបើយើងអាចផ្លាស់ប្ដូរពីការកាហ្វេរាល់ថ្ងៃមកញ៉ាំទឹកសណ្ដែក ឬទឹកដោះគោអាល់ម៉ុនវិញដោយសារទឹកសណ្ដែកអាចជួយឱ្យស្បែកក្មេងជាងវ័យ និងភ្លឺរលោង ។ ខណៈពេលទឹកដោះគោអាល់ម៉ុនសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ដែលជួយប្រឆាំងរ៉ាឌីកាល់សេរី ការពារស្នាមអុជខ្មៅ និងការបំផ្លាញពីពន្លឺព្រះអាទិត្យ។ ម្យ៉ាងវាក៏មិនធ្វើឱ្យឡើងគីឡូដែរ។
៤. វីតាមីនត្រូវមានជាប់ខ្លួនជានិច្ច


ក្នុងវីដេអូសម្ភាសជាមួយ W Magazine Korea ដដែលនាងបានបង្ហាញពីរបស់ដែលនាងតែងតែដាក់តាមខ្លួនប្រចាំថ្ងៃផងដែរ។ ស្របពេលនោះ Wonyoung ក៏បានបង្ហាញនូវដបថ្នាំវីតាមីន ហើយនាងចាត់ទុកវាគឺជារបស់ដែលសំខាន់ខ្លាំងដូចទឹកសណ្ដែកដែរ។
សម្រាប់តារាដូចជានាង ការញ៉ាំវីតាមីននឹងជួយឱ្យមានថាមពលជាងមុន និងស្រស់ស្រាយពេញមួយថ្ងៃ។ នាងក៏បន្ថែមទៀតថានាងនឹងមិនអាចធ្វើអ្វីកើតឡើយ ប្រសិនបើមិនបានញ៉ាំវីតាមីន។
៥. ញ៉ាំគ្រាប់រីករាយជាអាហារសម្រន់


អាហារសម្រន់ដែលអាចធ្វើឱ្យនាងញញឹមបានគឺគ្រាប់រីករាយ។ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងភាពចាស់ និងពង្រឹងសុខភាពស្បែកផងដែរ។ លើសពីនេះ គ្រាប់រីករាយក៏មានផ្ទុកនូវច្រើនបាយអូទីនច្រើនគួរសមដែលពិតមានគុណសម្បត្តិខ្លាំងចំពោះសុខភាពសរសៃសក់ទៀតផង៕






















































Account
Security
Favourite Content