Fan Bingbing គឺជាកំពូលតារាសម្ដែងស្រីជួរមុខម្នាក់ក្នុងប្រទេសដែលអាចរក្សាប្រជាប្រិយភាពបានរហូតមកទល់សព្វថ្ងៃ។ កាលពីឆ្នាំ ២០២២ អ្នកលេងអ៊ីនធឺណេតបានភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញតារាស្រីរូបនេះស្រកគីឡូអស់ច្រើន និងលឿនគួរឱ្យកត់សម្គាល់។

ក្រោយមក Fan Bingbing ក៏បានបង្ហោះអំពីវិធីដែលនាងបានជ្រើសរើសដើម្បីឱ្យស្រកទម្ងន់បានច្រើន និងលឿននៅលើបណ្ដាញសង្គម។ នាងក៏បានបញ្ជាក់ថាវានឹងមិនសំខាន់ និងមិនមានផលល្អសម្រាប់មនុស្សគ្រប់គ្នានោះទេ។ ប្រសិនបើអ្នកគ្រប់គ្នាចង់អនុវត្តអាចទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីឱ្យកាន់តែច្បាស់ចិត្តសិនក៏បាន។

យោងតាមគេហទំព័រ Daily Vanity វិធីដែលតារាស្រីរូបនេះបានជ្រើសរើសគឺការតមអាហាររយៈយូរ ឬយើងអាចហៅបានថាការធ្វើ fasting។ ថ្ងៃទីមួយនាងបានផឹកទឹកខ្មេះផ្លែប៉ោមនៅពេលព្រឹក និងផឹកទឹកឱ្យបានច្រើនមួយថ្ងៃពេញ។ ជាមួយគ្នានេះ សម្រាប់បីថ្ងៃដំបូងនាងបានផឹកទឹកក្រូចឆ្មារជាមួយទឹកផ្លែផាសសិន។


បន្ទាប់មកថ្ងៃទីបួន នាងបានញ៉ាំទឹកផ្លែពុទ្រាក្រៀមដើម្បីបំពេញថាមពល។ នាងបានបន្តថាពេលខ្លះនាងបានញ៉ាំម្សៅប្រូតេអ៊ីនដើម្បីជួយបន្ថែមថាមពល។ ប៉ុន្តែនាងមិនបានប៉ះពាល់អាហារទេអំឡុងពេលមួយសប្ដាហ៍នេះ មានន័យថានាងផឹកតែទឹកប៉ុណ្ណោះ។
ក្រៅពីការតមអាហារហើយ Fan Bingbing ក៏បានជ្រើសរើសយកការដើរជាលំហាត់ប្រាណផងដែរ។ នាងនិយាយថានាងបានបញ្ចប់ការសម្រកទម្ងន់ដោយវិធីនេះបានយ៉ាងជោគជ័យថែមជួយឱ្យស្បែករបស់នាងបានប្រសើរឡើងជាងមុនទៀតផង។

ក្រោយការធ្វើ fasting នាងបានប្រុងប្រយ័ត្នជាមួយនឹងការញ៉ាំជាងមុនដោយមិនញ៉ាំលឿនពេក ឬច្រើនពេកនោះទេព្រោះវាអាចធ្វើឱ្យឈឺក្រពះ និងឡើងទម្ងន់មកវិញ។ នាងបានផ្ដល់យោបល់ឱ្យញ៉ាំម្សៅប្រូតេអ៊ីនសិនក្នុងរយៈពេល ២ ថ្ងៃបន្ទាប់ពីបញ្ចប់ការតមអាហារ សឹមចាប់ផ្ដើមញ៉ាំអាហារធម្មតាវិញក្នុងបរិមាណតិចជាងមុន។ ចំពោះអាហារទាំងនោះគួរតែជាបន្លែផ្លែឈើស្រស់ ទឹកដោះគោ និងទឹកដោះគោជូរ។
គួរបញ្ជាក់ដែរថាការតមអាហាររយៈពេលយូរ ឬ fasting ជាវិធីសម្រកទម្ងន់ដ៏មានប្រសិទ្ធភាពសម្រាប់មនុស្សភាគច្រើន។ ប៉ុន្តែរាងកាយមនុស្សម្នាក់ៗគឺខុសគ្នា ដូច្នេះយើងគួរតែសាកល្បងមួយសប្ដាហ៍សិន ឬទៅពិគ្រោះជាមួយអ្នកជំនាញសិនសឹមអនុវត្តទើបមិនមានគ្រោះថ្នាក់៕




























Account
Security
Favourite Content