Fan Bingbing បានស្រក់ទឹកភ្នែកនៅពេលចូលរួមកម្មវិធីសម្ពោធយីហោ Fan Beauty Diary នៅក្នុងប្រទេសម៉ាឡេស៊ី ខណៈមានអ្នកគាំទ្រម្នាក់បានស្រែកប្រាប់ថា ខ្លួនបានស្រឡាញ់គាំទ្រតារាស្រីរូបនេះ អស់ពេល ៨ ២៧០ថ្ងៃមកហើយ។

យោងតាមការចុះផ្សាយរបស់ Kbizoom ហេតុការណ៍នេះបានកើតឡើងក្នុងកម្មវិធីសម្ពោធម៉ាកយីហោគ្រឿងសម្អាងរបស់ Fan Bingbing ផ្ទាល់ ដោយបានធ្វើឡើងនៅក្នុងទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅ។
ខណៈកំពុងឆ្លើយសំណួររបស់អ្នកកាសែត តារាស្រីវ័យ ៤៣ឆ្នាំ ស្រាប់តែរំជួលចិត្ត បន្ទាប់ពីអ្នកគាំទ្រប្រុសម្នាក់ ប្រកាសខ្លាំងៗថា៖ “បងស្រី Bing ខ្ញុំបានស្រលាញ់អ្នកអស់រយៈពេល ៨ ២៧០ ថ្ងៃហើយ។ ទោះមានអ្វីកើតឡើងក៏ដោយ ខ្ញុំនឹងស្រលាញ់អ្នកជានិច្ច។ ខ្ញុំទន្ទឹងរង់ចាំខ្សែភាពយន្តថ្មីរបស់អ្នក ហើយសង្ឃឹមថាអ្នកផ្សេងទៀតនឹងស្រឡាញ់អ្នកដូចខ្ញុំដែរ”។
បន្ទាប់ពីបានឮសម្ដីរបស់អ្នកគាំទ្ររូបនោះ Fan Bingbing បានស្រក់ទឹកភ្នែកចំពោះមុខអ្នកកាសែត ដោយតារាស្រីបានឱ្យពោលឡើងថា៖ “ខ្ញុំកម្រយំនៅទីសាធារណៈណាស់ ប៉ុន្តែលើកនេះវាពិតជារំជួលចិត្តខ្ញុំណាស់។ អរគុណ! ខ្ញុំនឹងខិតខំតស៊ូ និងធ្វើតាមជំនឿចិត្តរបស់ខ្ញុំបន្តទៀត”។


គួររំឭកផងដែរថា Fan Bingbing បានជួបប្រទះរឿងអាស្រូវ ទាក់ទងនឹងបញ្ហាគេចពន្ធតាំងតែពីឆ្នាំ ២០១៨ ជាដើមហេតុដែលឈ្មោះរបស់តារាស្រីត្រូវស្ថិតក្នុងបញ្ជីខ្មៅ មិនអាចធ្វើការងារក្នុងគម្រោងធំៗរបស់ប្រទេសចិន ដោយអាចបន្តអាជីពសម្រាប់តែការងារក្រៅប្រទេសប៉ុណ្ណោះ។
យ៉ាងណាមិញ តារាពហុជំនាញរូបនេះ បានបែរមកផ្ដោតលើការធ្វើជំនួញវិញ ដោយបន្តមានប្រជាប្រិយភាព និងឥទ្ធិពលក្នុងចំណោមអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស៕




















































Account
Security
Favourite Content