បច្ចុប្បន្នមនុស្សជាច្រើនបានយកចិត្តទុកដាក់លើការហាត់ប្រាណដើម្បីទទួលបានរូបរាងស្រស់ស្អាត សមជាមួយសម្លៀកបំពាក់ ហើយអាចទទួលបានសុខភាពល្អទៀតផង។ ការហាត់ប្រាណបែកញើសគឺជារឿងធម្មតា មិនមែនជាផ្នែកអាក្រក់បំផុតនោះទេ ប៉ុន្តែក្លិនខ្លួនទើបជាបញ្ហាសំខាន់។ ការបែកញើស ពិតជាមិនមានក្លិនស្អុយទេ ប៉ុន្តែនៅពេលដែលវាផ្សំជាមួយបាក់តេរី ហើយបំបែកទៅជាប្រូតេអ៊ីន និងអាស៊ីដខ្លាញ់ វាបណ្ដាលឲ្យមានក្លិនខ្លួន និងភាយចេញមកក្រៅ។ ដើម្បីមិនឲ្យមានក្លិនខ្លួន ក្រោយហាត់ប្រាណ ត្រូវធ្វើរឿងនេះភ្លាម៖

១. បោកគក់សម្លៀកបំពាក់ហាត់ប្រាណជាប្រចាំ
ការបោកគក់សម្លៀកបំពាក់របស់ជាប្រចាំ អាចរក្សាសម្លៀកបំពាក់របស់អ្នកឲ្យស្អាត និងជៀសវាងការលូតលាស់បាក់តេរីនៅក្នុងសម្លៀកបំពាក់។ នេះដោយសារតែបាក់តេរីអាចប្រមូលផ្តុំ និងជាប់នឹងសម្លៀកបំពាក់ប្រើរួចបានយ៉ាងងាយស្រួល ប្រសិនបើសម្លៀកបំពាក់ស្លៀកពាក់ហើយមិនបានបោកគក់ វានឹងជួយឲ្យបាក់តេរីលូតលាស់ និងបង្កាត់ពូជ ដូច្នេះនៅពេលអ្នកពាក់វា ហើយបែកញើស បាក់តេរីនឹងរួមផ្សំជាមួយញើស ហើយបង្កឲ្យមានក្លិនមិនល្អ។
២. ជ្រើសរើសប្រភេទចំណីអាហារ
អាហារមួយចំនួនដែលមានក្លិនស្អុយដូចជាខ្ទឹមស និងខ្ទឹមបារាំងក៏បណ្ដាលឲ្យមានក្លិនខ្លួនដែរ ព្រោះវាមានក្លិនឈួលដែលនឹងចេញមកតាមរន្ធញើសរបស់អ្នក នៅពេលអ្នកបែកញើស។ ដូច្នេះ សូមព្យាយាមកាត់បន្ថយការទទួលទានអាហារដែលមានក្លិនខ្លាំង ប៉ុន្តែកុំកាត់ផ្តាច់វាទាំងស្រុងព្រោះខ្ទឹមជាប្រភេទអាហារល្អដល់សុខភាពផងដែរ។ ជាចុងក្រោយ ការរក្សារបបអាហារដែលមានសុខភាពល្អនឹងការពារអ្នកពីក្លិនខ្លួន។

៣. ជូតញើស
ជាការប្រសើរក្នុងការដែលអ្នកតែងមានកន្សែងជូតខ្លួនយកតាមខ្លួនជាប់ ដើម្បីជូតញើសចេញក្រោយពីហាត់ប្រាណ។ បន្ទាប់ពីជូតសម្អាតខ្លួនរួច ត្រូវយកទៅបោកគកជាមួយសម្លៀកបំពាក់ឲ្យស្អាតជាប់ជានិច្ច។
៤. ងូតទឹកក្រោយហាត់ប្រាណ
ដូចដែលយើងដឹងស្រាប់ហើយថា ក្លិនខ្លួនកើតឡើងនៅពេលដែលញើសផ្សំជាមួយបាក់តេរីនៅលើស្បែក ដូច្នេះវាជាការល្អត្រូវងូតទឹកជាប្រចាំ ជាពិសេសបន្ទាប់ពីការហាត់ប្រាណខ្លាំងជាមួយនឹងជែលងូតទឹកប្រឆាំងបាក់តេរី ដើម្បីការពារបាក់តេរីមិនឲ្យលូតលាស់ ជាពិសេសតំបន់ក្លៀក និងជើង ដែលជាតំបន់សំខាន់ៗដែលបណ្ដាលឲ្យមានក្លិនខ្លួន។ ក្រៅពីនេះ ត្រូវជូតស្បែកឲ្យស្ងួតជានិច្ច បន្ទាប់ពីងូតទឹក ដើម្បីជៀសវាងការបង្កាត់ពូជរបស់បាក់តេរី។
សរុបមក អនាម័យផ្ទាល់ខ្លួនគឺជាដំណោះស្រាយចុងក្រោយដើម្បីជៀសវាងក្លិនខ្លួន។ ងូតទឹកឲ្យបានត្រឹមត្រូវជាមួយសាប៊ូប្រឆាំងបាក់តេរី ហើយជ្រើសរើសពិភាក្សាជាមួយគ្រូពេទ្យឯកទេសឲ្យបានត្រឹមត្រូវ ប្រសិនបើបើក្លិនខ្លួនខ្លាំងមិនអាចកម្ចាត់ដោយការអនុវត្តន៍ប៉ុន្មានវិធីខាងលើ។ ប្រសិនបើអ្នកគ្មានបញ្ហាក្លិនខ្លួនមករំខាន នោះអ្នកនឹងអាចធ្វើលំហាត់ប្រាណដោយទំនុកចិត្ត៕






















































Account
Security
Favourite Content