ប្រិយមិត្តមួយចំនួនអាចនឹងមានចម្ងល់ថាហេតុអ្វីបានជាបន្ទាប់ពីធ្មេញហើយ មាត់របស់យើងនៅតែមានក្លិនមិនល្អ? យោងតាមលោកវេជ្ជបណ្ឌិត Nuchanart Opilant អ្នកជំនាញផ្នែកមាត់ធ្មេញនៃមហាវិទ្យាល័យទន្តសាស្រ្តរបស់ Mahidol University ក្នុងប្រទេសថៃបានលើកឡើងថាមូលហេតុភាគច្រើនធ្វើឱ្យមានក្លិនមាត់មិនល្អគឺបណ្ដាលមកពីបាក់តេរីដែលតោងជាប់ក្នុងមាត់ និងបំពង់ក។

ស្របពេលនេះ AMS ក៏នឹងមកចែករំលែកនូវមូលហេតុ ៦ យ៉ាងយើងមិនសូវបានដឹងដែលនាំឱ្យធុំក្លិនមាត់មិនល្អ៖
១. ការសម្អាតជ្រាំងអណ្ដាតមិនបានស្អាតល្អ។
២. នៅពេលធ្មេញពុក ឬមានកាកសំណល់ជាប់ចន្លោះធ្មេញ។
៣. បញ្ហារលាកអញ្ចាញធ្មេញដែលបណ្ដាលមកពីការដុសធ្មេញមិនបានត្រឹមត្រូវធ្វើឱ្យមានជាប់កំណកកំបោរលើអញ្ចាញធ្មេញ។
៤. នៅពេលផឹកទឹកមិនបានគ្រប់គ្រាន់ធ្វើឱ្យស្ងួតមាត់ ឬមានទឹកមាត់តិចបណ្ដាលឱ្យមេរោគកើនឡើងកាន់តែច្រើន។
៥. នៅពេលដែលយើងជួបប្រទះបញ្ហាផ្លូវដង្ហើម។
៦. មូលហេតុផ្សេងមួយទៀតធ្វើឱ្យមាត់ធុំក្លិនមិនល្អគឺការរលាកក្រពះពោះវៀនបណ្ដាលឱ្យមានមេរោគជាច្រើនទំជាប់ក្នុងក្រពះ និងពោះវៀនតូច។ រោគសញ្ញាធម្មតាមានដូចជាហើមពោះ តឹងពោះ ក្រហាយ និងមាត់ធំក្លិនមិនល្អជាដើម។
ក្រៅពីបញ្ហាទាំងនេះការញ៉ាំចំណីអាហារមួយចំនួនដូចជាខ្ទឹម ទុរេន ខ្ទឹមបារាំង គ្រឿងទេស គ្រឿងស្រវឹង ឬបារីក៏អាចធ្វើឱ្យមានក្លិនមិនល្អហើយវានឹងបញ្ចេញមកតាមដង្ហើម។

យោងតាមទន្តបណ្ឌិត Watisara Kiatpanich ទន្តបណ្ឌិត មន្ទីរពេទ្យ Chulalongkorn ខាងក្រោមនេះជាវិធីមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាក្លិនមាត់មិនល្អដោយខ្លួនឯង៖
១. ថែរក្សាអនាម័យមាត់ធ្មេញដោយធ្វើការដុសសម្អាតឱ្យបានទៀងទាត់យ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ ឬក្រោយបាយរួច។
២. ដុសអណ្ដាតរាល់ពេលដុសធ្មេញដើម្បីការពារការឡើងជ្រាំង។
៣. ទៅឆែកសុខភាពមាត់ធ្មេញឱ្យទៀងទាត់រាល់ ៦ ខែម្ដង។
៤. មុនចូលគេងត្រូវដោះធ្មេញក្លែងក្លាយចេញ។
៥. ត្រូវសម្អាតធ្មេញសិប្បនិម្មិត ឬឧបករណ៍ដែលពាក់សម្រាប់រក្សាធ្មេញ ២ ដងក្នុងមួយថ្ងៃ ឬក្រោយពេលបាយរួច។
៦. ផឹកទឹកយ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃ។
៧. កុំទុកឱ្យមាត់ស្ងួត មានន័យថាយើងត្រូវផឹកទឹកឱ្យបានច្រើនដើម្បីជួយបង្កើនទឹកមាត់ កម្ចាត់បាក់តេរីនៅក្នុងមាត់ និងបំពង់ក។
ប្រសិនបើអនុវត្តហើយនៅតែមានបញ្ហាធុំក្លិនមាត់ យើងគួរតែទៅពិនិត្យសុខភាពជាបន្ទាន់ព្រោះវាអាចបណ្ដាលមកពីជំងឺណាមួយក៏ថាបាន៕
























Account
Security
Favourite Content