ជឿជាក់ថាប្រិយមិត្តភាគច្រើនបានស្គាល់មកហើយនូវតួឯកស្រីក្នុងរឿង Crush Landing on You ដែលសម្ដែងដោយអ្នកនាង Son YeJin។ បើគិតមកដល់បច្ចុប្បន្ន តារាស្រីវ័យ ៤១ ឆ្នាំរូបនេះបានរៀបការ និងទទួលបានកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃផងដែរ។
មិនត្រឺមតែមានចំណេះដឹងខ្ពស់ សមត្ថភាពខ្លាំងពូកែប៉ុណ្ណោះ ប៉ុន្តែនាងក៏មានភាពប៉ិនប្រសព្វក្នុងការថែរក្សាសម្រស់ឱ្យស្រស់ស្អាត និងក្មេងជាងវ័យដដែល។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកអំពី ៥ គន្លឺះសាមញ្ញៗក្នុងការថែរក្សារបស់អ្នកនាង Son YeJin៖
១. បិតម៉ាសញឹកញាប់៖ សម្រាប់ជនជាតិកូរ៉េ ម៉ាសបិតមុខគឺជាកត្តាមួយដ៏សំខាន់ក្នុងការថែរក្សាស្បែកមុខ។ ដូចគ្នានឹងតារាស្រី Son YeJin ដែរ នាងធ្លាប់និយាយខ្លួនមិនអាចប្រើផលិតផលច្រើនមុខព្រោះនាងជាមនុស្សដែលមានប្រភេទស្បែកមុខខ្លាញ់។ ដូច្នេះម៉ាសគឺជាគ្រឿងសម្អាងមួយដែលមិនអាចខ្វះបានឡើយ មិនថានៅផ្ទះ ធ្វើការ ឬធ្វើដំណើរតាមផ្លូវនោះទេ។
២. មិនផ្ដោតលើការអនុវត្តច្រើនជំហាន៖ Son YeJin គឺមនុស្សដែលមិនចូលចិត្តអនុវត្តការថែរក្សាស្បែកច្រើនជំហាននោះទេ។ នាងមានទំនោរលើអនុវត្តការថែទាំសុខភាពស្បែកមុខឱ្យតិចជំហានបំផុត មានន័យថាត្រឹមមួយ ឬពីរជំហានគឺគ្រប់គ្រាន់សម្រាប់នាងហើយ។ ដោយសារនាងមិនចង់ឱ្យមានសារធាតុផ្សំច្រើននៅលើមុខពេកនោះទេ។
៣. បិតតាសក់លើភ្នែក៖ អាចនឹងប្លែកពីគេបន្តិចដោយសារនាងបានជ្រើសរើសយកបិតភ្នែកបែបបុរាណតាមម្ដាយ។ YeJin បានដាក់ចំណិតតាសក់ក្នុងទូរទឹកកករួចយកមកបិតលើភ្នែកដើម្បីជួយសម្រាល និងធ្វើឱ្យស្បែកស្ងប់យ៉ាងមានប្រសិទ្ធភាព។ ដោយសារកាលនោះមិនសូវមានផលិតផលថែសម្រស់ច្រើនទើបនាងបានជ្រើសរើសវិធីនេះមកដល់បច្ចុប្បន្ន។
៤. លាងមុខ ២ ដងក្នុងមួយថ្ងៃ៖ មិនថារវល់យ៉ាងណានោះទេ ជាធម្មតានាងតែងតែលាងសម្អាតស្បែកមុខក្នុងមួយថ្ងៃ ២ ដងគឺពេលព្រឹក និងពេលយប់។ យើងអាចនិយាយបានថានេះគឺជាតម្រូវការរបស់អ្នកមានស្បែកមុខខ្លាញ់។ ដំបូងនាងបានប្រើកន្សែងក្ដៅឧណ្ហៗមកគ្របលើមុខដើម្បីពង្រីករន្ធញើស ទើបបន្តដោយការលាងសម្អាត និងជំហានថែទាំស្បែកផ្សេងទៀត។
៥. ប្រើឡេការពារកម្ដៅថ្ងៃ៖ ទោះបីក្នុងរដូវក្ដៅ រដូវរងា ឬអាកាសធាតុបែបណា Son YeJin មិនអាចខ្វះឡេការពារបានឡើយ។ នាងមានទម្លាប់លាបឡេការពារកម្ដៅថ្ងៃក្រោយប្រើផលិតផលផ្សេងៗហើយ។ បន្ទាប់មកនាងក៏បានបន្ថែមនូវ BB cream និង CC cream បន្តិចទៀតដែលរូបមន្តទាំងបីនេះអាចការពារស្បែកនាងពីកាំរស្មី UV ពន្លឺព្រះអាទិត្យ និងធូលីដីបានយ៉ាងល្អ៕