ឱ្យតែខែធ្លាក់ខ្យល់មនុស្សភាគច្រើននឹងជួបប្រទះនឹងបញ្ហាមួយចំនួនដូចជាស្បែកស្ងួត និងគ្មានជាតិសំណើមជាដើម។ ប្រសិនបើយើងប្រើក្រែមផ្ដល់សំណើមតែមួយមុខគឺមិនទាន់គ្រប់គ្រាន់នោះទេ ឲដោយសារវាជួយបានតែពីខាងក្រៅប៉ុណ្ណោះ។ ដូច្នេះយើងក៏ត្រូវតែជួយផ្ដល់ជាតិសំណើមពីខាងក្នុងដែរតាមរយៈការទទួលអាហារ។ អ៊ីចឹងតើអាហារប្រភេទណាខ្លះដែលយើងគួរញ៉ាំដើម្បីជួយផ្ដល់ជាតិទឹកដល់ស្បែក?
១. អាហារសម្បូរខ្លាញ់ល្អ
សម្រាប់អ្នកមានបញ្ហាស្បែកស្ងួតគឺត្រូវបានគេផ្ដល់យោបល់ឱ្យបំពេញជាតិទឹកជាមួយនឹងអាហារដែលមានខ្លាញ់ល្អ និងខ្លាញ់សំខាន់ៗ។ អាស៊ីតខ្លាញ់សំខាន់ត្រូវបានគេចាត់ដូចជាផ្នែកមួយនៃភ្នាសកោសិកា ខណៈពេលខ្លាញ់ល្អនឹងចូលទៅជួយពង្រឹងសុខភាពស្បែក។ ចំពោះអាហារដែលសម្បូរខ្លាញ់ល្អ និងខ្លាញ់សំខាន់មានដូចជាផ្លែប័រ ខ្លាញ់ត្រី ត្រីសាលម៉ុន ប្រេងដូង ស៊ុតក្រហម ផ្លែប៉េងប៉ោះ ផលិតផលទឹកដោះគោ និងផ្លែចេកជាដើម។ លើសពីនេះ ការទទួលទានគ្រាប់សណ្ដែក និងគ្រាប់ធញ្ញជាតិគឺកាន់តែជួយផ្ដល់ជាតិទឹកដល់ស្បែកកាន់តែប្រសើរផងដែរដោយសារវាសម្បូរវីតាមីន E។
២. អាហារសម្បូរប្រូតេអ៊ីន
អាហារសម្បូរប្រូតេអ៊ីនគឺមានផ្ទុកនូវអាស៊ីតអាមីណូ កោសិកា និងជាលិកាដែលជាតម្រូវការរបស់រាងកាយ។ ដោយសារតែស្បែកយើងផ្សំឡើងពីកេរ៉ាទីន និងខូឡាជែន ដូច្នេះការទទួលទានអាហារសម្បូរប្រូតេអ៊ីនច្រើននឹងជួយពង្រឹងក៏ដូចជាផ្ដល់សំណើមបានយ៉ាងល្អ។ ប្រសិនបើយើងញ៉ាំអាហារមានជាតិប្រូតេអ៊ីនមិនបានគ្រប់គ្រាន់នោះទេ ឱកាសនៃការឡើងស្នាមជ្រីវជ្រួញនឹងមានកាន់តែខ្ពស់ផងដែរ។ ចំណែកដែលអាហារសម្បូរប្រូតេអ៊ីនក្រៅពីស៊ុតមានដូចជាសណ្ដែក ទឹកដោះគោ ទឹកដោះគោជូរ សាច់ត្រី គ្រឿងសមុទ្រ និងផលិតផលទឹកដោះគោជាដើម។
៣. អាហារសម្បូរវីតាមីន C
វីតាមីន C មានសារៈសំខាន់ក្នុងការជួយបង្កើនខូឡាជែនក្នុងរាងកាយ និងសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីចូលទៅបន្សាបរ៉ាឌីកាល់សេរីដែលអាចធ្វើឱ្យប៉ះពាល់ដល់ស្បែកយើងផងដែរ។ តាមការសិក្សាមួយចំនួនបានរកឃើញថាការញ៉ាំវីតាមីន C អាចជួយពង្រឹងរបាំងស្បែក និងកាត់បន្ថយការបាត់បង់ជាតិទឹកថែមទៀតផង។ យើងអាចទទួលទានអាហារដែលសម្បូរវីតាមីន C ដូចជាផ្លែក្រូច ម្ទេសប្លោក ផ្លែស្រ្តបឺរី ផ្លែប៉េងប៉ោះ ដំឡូងបារាំង និងផ្កាខាត់ណាជាដើម។
៤. អាហារសម្បូរវីតាមីន A
វីតាមីន A គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងការប្រឆាំងនឹងស្បែកស្ងួត ព្រោះវាផ្ទុកសារធាតុ Retinoids និង Carotenoids។ ជាមួយគ្នានេះដែរ វីតាមីន A ក៏អាចជួយជួសជុលស្បែកដែលខូចដោយកាំរស្មីយូវី កាត់បន្ថយរោគសញ្ញានៃជំងឺស្បែករបកក្រហម និងរារាំងការខូតខាតនៃខូឡាជែនពីពន្លឺព្រះអាទិត្យបានផងដែរ។ លើសពីនេះទៀត វីតាមីនមួយនេះពិតជាល្អមែនទែនសម្រាប់ក្រពេញប្រេងនៅក្នុងស្បែកជុំវិញរន្ធញើសដែរ ស្របពេលវាជួយជំរុញការផលិតកោសិកា fibroblast ដែលជួយឱ្យស្បែកទន់រលោង។ អាហារសម្បូរវីតាមីន A ដែលយើងគួរញ៉ាំមានដូចជាបន្លែស្លឹកបៃតង ផ្លែប៉េងប៉ោះ ម្ទេសប្លោកពណ៌ក្រហម ផ្លែស្វាយ ថ្លើមគោ ខ្លាញ់ត្រី ទឹកដោះគោ និងស៊ុត៕





















































Account
Security
Favourite Content