តាមការស្រាវជ្រាវបានបង្ហាញថាភាគច្រើនមនុស្សស្រីមានអាយុវែងជាងមនុស្សប្រុស។ ក្នុងចំណោមមូលហេតុជាច្រើន ការថែរក្សាសុខភាពក៏ជាកត្តាមួយដែលធ្វើឱ្យមានហានិភ័យដល់ជីវិតដែរ។ ជាក់ស្ដែងដូចទម្លាប់នៅពេលព្រឹកទាំង ៤ ខាងក្រោមនេះជាដើម៖
១. ជក់បារី
មនុស្សប្រុសភាគច្រើនគឺមានទម្លាប់ជក់បារី ដើម្បីបន្ធូរភាពតានតឹង និងដាស់ស្មារតីឱ្យស្វាងងងុយជាដើម។ ប៉ុន្តែទម្លាប់នេះនឹងធ្វើឱ្យមានហានិភ័យយ៉ាងខ្លាំងដល់សុខភាពដោយសារក្នុងបារីមួយដើមផ្ទុកនូវសារធាតុនីកូទីនជាមធ្យម ១២ មីលីក្រាមដែលអាចបំផ្លាញសួតបានយ៉ាងងាយ។ ដូច្នេះវាដូចជាការជួយសុខភាពខ្លួនឯងដែរ ប្រសិនបើអាចកាត់បន្ថយការជក់បារីមិនថាពេលណានោះទេ។
២. មិនញ៉ាំអាហារពេលព្រឹក
មនុស្សមួយចំនួនធំបច្ចុប្បន្នតែងតែរំលងអាហារពេលព្រឹកដោយសារចង់យកពេលគេងឱ្យបានច្រើន។ យោងតាមសមាគមន៍បេះដូងអាមេរិក (American Heart Association) បានបង្ហាញថាអ្នកដែលរំលងអាហារពេលព្រឹកនឹងមានហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូងដល់ ២៧% ជាងអ្នកញ៉ាំធម្មតា។
លើសពីនេះទៀត ក្រោយងើបពីគេងក្រពះយើងគឺទទេស្អាតតែម្ដង ដូច្នេះការបញ្ចេញអាស៊ីតក្រពះនឹងមានកាន់តែច្រើន។ ប្រសិនបើរំលងអាហារពេលព្រឹកទៀតនោះ អាស៊ីតក្រពះនឹងបំផ្លាញស្រទាប់ការពារ និងបង្កើនហានិភ័យនៃជំងឺក្រពះធ្ងន់ធ្ងរផងដែរ។
៣. មុជទឹកត្រជាក់
ការងូតទឹកត្រជាក់នៅពេលព្រឹកមិនមែនជាជម្រើសល្អដល់សុខភាពសម្រាប់មនុស្សប្រុសនោះទេ។ នៅពេលដែលរាងកាយប៉ះជាមួយទឹកត្រជាក់នៅពេលព្រឹកនឹងជំរុញប្រព័ន្ធសរសៃប្រសាទ និងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ មិនតែប៉ុណ្ណោះ ប្រសិនបើមានទម្លាប់បែបនេះយូរទៅអាចនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សាច់ដុំ និងឆ្អឹងទៀតផង។
៤. ស្ទុះងើបលឿនភ្លាមៗ
ប្រសិនបើស្ទុះងើបភ្លាមៗក្រោយក្រោកពីគេងពេកនៅពេលព្រឹកនឹងធ្វើឱ្យសម្ពាធឈាមក្នុងរាងកាយកើនឡើងភ្លាមៗដែលអាចរំញោចដល់សរសៃឈាម និងការខូចខាតខួរក្បាលផងដែរ។ នៅពេលដែលរក្សាទម្លាប់បែបនេះយូរទៅនឹងប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង។ ដូច្នេះក្រោយបើកភ្នែកមក ត្រូវពត់ពែនខ្លួនបន្តិច និងហាត់ប្រាណតិចតួចជាការប្រសើរ៕






















Account
Security
Favourite Content