ជ្រុងឦសាននៃរួតបាកានប្រាសាទអង្គរវត្ត​កំពុង​ស្ថិត​ក្នុង​ការ​ជួសជុល​ គ្រោង​បញ្ចប់​ចុង​ឆ្នាំ​ ២០២៦

ជ្រុង​ឦសាន​នៃ​រួត​បាកាន​ប្រាសាទ​អង្គរវត្ត​នឹង​បញ្ចប់​ការ​ជួសជុល​នា​ចុង​ឆ្នាំ ២០២៦ ដោយ​បាន​ចំណាយ​រយៈពេល ២ ឆ្នាំ​គិត​បញ្ចូល​ទាំង​ការ​សិក្សា​ស្រាវជ្រាវ​ និង​ដំណើរការ​នៃ​ការ​ជួសជុល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​គ្រប់គ្រង​គម្រោង​ការដ្ឋាន​ជួសជុល​នៃ​ភ្នាក់ងារ​បេតិកភណ្ឌ​កូរ៉េ Kim Dongmin។

គម្រោង​ជួស​ជុល​ជ្រុង​ឦសាន​បាកាន​បាន​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន​ដោយ​ទទួល​បាន​ការ​សហការ​ពី​សំណាក់​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​ទី​ភ្នាក់ងារ​បេតិកភណ្ឌ​កូរ៉េ ( Korean Heritage Agency) ។ គម្រោង​មួយ​នេះចាប់​ផ្ដើម​នៅក្នុង​ឆ្នាំ ២០២៥ បន្ទាប់​ពី​ប្រើ​រយៈពេល ១ ឆ្នាំ គឺ​ឆ្នាំ២០២៤ ដើម្បី​ស្រាវជ្រាវ​និង​សិក្សា​បច្ចេកទេស​នៃ​ដំណើរ​ការ​ជួសជុល ដោយគ្រោង​នឹង​បញ្ចប់​ទាំង​ស្រុង​ចុង​ឆ្នាំ ២០២៦។ ​​

តាម​រយៈ​មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ចូលរួម​ក្នុង​គ្រោង​ការ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​មុន​ពេល​ជួសជុល​ស្ថានភាព​ខឿន​ថ្ម​ និង​ជណ្ដើរ​ជ្រុង​ឦសាន​មាន​ការ​ញែក​ និង​រហែក​ដែល​មើល​ទៅ​មាន​ហានិភ័យ​ខ្ពស់​គួរ​ឱ្យ​បារម្ភ។ ដូច្នេះ​សម្រាប់​ការ​ជួសជុល​ក្រុម​ការងារ​បាន​ចាប់​ផ្ដើម​រើ​ថ្ម​និង​រៀប​ពង្រឹង​ឡើង​វិញ​ពី​១​ស្រទាប់​ទៅ​១​ស្រទាប់​ ដើម្បី​ធានា​បាន​ភាព​រឹង​មាំ​របស់​ប្រាសាទ។ បច្ចេកទេស​នេះ​ដែរ​ត្រូវ​បាន​មន្ត្រី​ជំនាញ​រូប​នេះ​អះអាង​ថា​គោរព​តាម​អនុសាសន៍​យ៉ាង​ត្រឹមត្រូវ​របស់​អ្នក​ជំនាញ​ការ​អាដ​ហុក អាយ​ស៊ី​ស៊ី-អង្គរ និង​សំបូរ​ព្រៃ​គុក៕​​​

រូបភាព ៖ អាជ្ញាធរជាតិអប្សរា

Leave a Reply

Your email address will not be published. Required fields are marked *