ភ្នំទ័ពជាង ឬសហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាងមានទីតាំងស្ថិតនៅភូមិព្រះអង្គកែវ និងភូមិបាក់អង្រុត ក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលលាតសន្ធឹងលើដៃសមុទ្រឆកកំពង់សោម និងបង្កប់ទៅដោយសក្តានុពលធម្មជាតិចម្រុះដ៏សម្បូរបែប។

ជាទីឋានដ៏ស្រស់ស្អាតលាក់ខ្លួនកណ្ដាលព្រៃ ភាគនីរតីនៃតំបន់ជួរភ្នំក្រវាញកម្ពុជា សហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង មានទិសដៅទេសចរណ៍ទាក់ទាញចំនួន ៨ កន្លែងដែលទេសចរជាតិ និងអន្តជាតិនិយមទៅបោះជំរុំ និងលេងទឹកជ្រោះ។
ទិសដៅទាក់ទាញទាំង ៨ នោះមានដូចជា៖
- វាលស្មៅពណ៌មាស
- ស្ទឹងពង្រូលក្រោម
- ស្ទឹងពពក
- ភ្នំយាយជី
- ឆាយខ្សែភ្លើង
- ថ្មវិហារ
- រូងតាងួន
- វាលថ្មអណ្តើក និងតំបន់ធម្មជាតិមួយចំនួនទៀត។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ សហគមន៍ទទួលបានភ្ញៀវទេសចរសរុប ៤ ០៣១ នាក់ ដែលភាគច្រើនមកទស្សនាកម្សាន្តជាលក្ខណៈគ្រួសារ និង មកជាក្រុម នេះបើតាមការឱ្យដឹងពីអ្នកស្រី ឃុត ភៀង ប្រធានសហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង។
អ្នកស្រី ប្រធានសហគមន៍ក៏បានឱ្យដឹងដែរថា ខាងសហគមន៍មានផ្តល់សេវាកម្មទេសចរណ៍ជាច្រើនដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរដូចជា ផ្ទះស្នាក់ សម្រាប់ភ្ញៀវ ក្រុមម៉ូតូឌុបសហគមន៍ ក្រុមចុងភៅ ក្រុមនាំភ្ញៀវ បោះតង់ ជូនភ្ញៀវ និងកញ្ចុះកម្សាន្តជាដើម៕
































Account
Security
Favourite Content