នាទីស្ដីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី ១៤ ខែសីហា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន តំណាងធនាគារពិភពលោក, អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ជាច្រើនរូប ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីទូរស័ព្ទ «ដើរលេងស្រុកយើង» ដើម្បីគាំទ្រ និងជំរុញឱ្យការផ្សព្វផ្សាយអំពីគោលដៅអេកូទេសចរណ៍កាន់តែទូលំទូលាយ និងបង្កើនភាពងាយស្រួលដល់អ្នកទេសចរក្នុងការស្វែងរកព័ត៌មានច្បាស់លាស់អំពីគោលដៅអេកូទេសចរណ៍ ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទដៃ «ដើរលេងស្រុកយើង» ជាការបញ្ជក់មួយទៀតពីរបត់ថ្មី របស់សង្គមកម្ពុជា ងាករកទំនើបកម្ម បច្ចេកវិទ្យា ស៊ីវីល័យ ស្រលាញ់គ្រួសារ សង្គម ផ្សារភ្ជាប់នឹងបរិស្ថាន។
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបន្តថា កម្ពុជាផ្លាស់ប្តូរពីសង្គមជាតិមួយដែលធ្លាប់បែកបាក់ដោយសារសង្គ្រាម មកជាសង្គមជាតិមួយដែលមានជីវភាពល្អប្រសើរ សង្គមរស់រវើក ប្រជាជនមានចំណេះដឹងទូលំទូលាយ ចេះចែករំលែកក្តីសុខ និងសុភមង្គលតាមរយៈ លម្ហែជាមួយនឹងធម្មជាតិ។

ឯកឧត្តម សាយ សំអាល់ បន្ថែមថា ទាំងនេះជាផ្លែផ្កានៃសុខសន្តិភាពដែលកម្ពុជាកំពុងទទួលបាន ហើយវប្បធម៌នៃសន្តិភាព ក៏បានចាក់ឫសយ៉ាងមាំក្នុងក្រអៅបេះដូងប្រជាជនខ្មែរគ្រប់រូបផងដែរ។
គួរជម្រាបថាកម្មវិធីមួយនេះមានមុខងារសំខាន់ៗដូចជា ផែនទីនាំផ្លូវ ការរៀបចំផែនការធ្វើដំណើរ និងការចែករំលែកព័ត៌មានអំពីតំបន់ទេសភាព តាមរយៈរូបថត និងសារខ្លីៗ។
លើសពីនេះ «ដើរលេងស្រុកយើង» នឹងឆ្លើយតបមួយទៅនឹងគោលនយោបាយអភិវឌ្ឍន៍អេកូទេសចរណ៍ ក្រោមពាក្យស្លោក «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលនឹងជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋតនៅតាមតំបន់ការពារធម្មជាតិមានភាពប្រសើរឡើងជាលំដាប់ តាមរយៈចំណូលពីភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្ត រួមចំណែកពង្រឹងជីវភាពសហគមន៍ ដូចជាឱកាសសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ហើយរួមចំណែកកាត់បន្ថយសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ៕
























Account
Security
Favourite Content