Adventure គឺជាទម្លាប់មួយដែលអ្នកដើរព្រៃចូលចិត្តធ្វើជាពិសេសនោះគឺការបោះតង់នៅលើភ្នំ បោះតង់ក្នុងព្រៃដែលអាចធ្វើឲ្យអ្នកដំណើរទាំងនោះទទួលបាននូវបរិយាកាសថ្មីប្លែក និងអាចរំសាយរាល់ទុក្ខកង្វល់ដែលមាននៅក្នុងចិត្ត។ យ៉ាងណាមិញ Adventure ក៏អាចប្រែក្លាយទៅជារឿងមួយដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរបានដែរ បើសិនជាអ្នកដំណើរទាំងនោះភ្លេចធ្វើរឿងសំខាន់ៗមួយចំនួននេះដែលមិនគួរបំពាន។
តើលោកអ្នកធ្លាប់ជឿទៅលើអបិយជំនឿដែរឬទេ? មានប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់បានដឹងហើយថាអបិយជំនឿគឺជាជំនឿទាំងឡាយណាដែលខ្មែរបុរាណយើងជឿថាវាបានកើតឡើងពិតប្រាកដមែននៅក្នុងសង្គមខ្មែរឧទាហរណ៍ដូចជា ខ្មោច អារុក្ខអារក្ខអ្នកតា ឬអ្នករក្សាព្រៃជាដើម។ មកដល់សព្វថ្ងៃនេះក៏នៅមានប្រជាពលរដ្ឋខ្មែរយើងមួយចំនួននៅតែប្រកាន់ខ្ជាប់ ហើយអ្នកខ្លះទៀតក៏យល់ថាវាជារឿងដែលមិនពិតប្រាកដ ប៉ុន្តែថ្ងៃនេះAMS សូមលើកយកហេតុផលខ្លះៗទាក់ទងនិងអប្បិយជំនឿខ្មែរនៅពេលបោះតង់ក្នុងព្រៃស្ងាត់មកចែករំលែកដល់អ្នកគ្រប់គ្នា ត្រង់ជឿឬមិនជឿសូមធ្វើការពិចារណាដោយការប្រុងប្រយ័ត្ន។


ខាងក្រោមនេះគឺជារឿងដែលមិនគួរភ្លេចពេលទៅបោះតង់ក្នុងព្រៃស្ងាត់ ឬលើភ្នំ៖
កុំភ្លេចគ្រឿងសំណែន៖ ខ្មែរយើងជឿថាពេលទៅព្រៃម្ដងៗត្រូវតែធ្វើការសែន ឬអុចធូបសុំម្ចាស់ទឹកម្ចាស់ដី ឬអ្នកដែលរក្សាព្រៃភ្នំនៅទីនោះ ដើម្បីបានសេចក្ដីសុខសប្បាយក្នុងពេលដែលស្នាក់នៅក្នុងព្រៃឬភ្នំ និងពេលត្រលប់មកផ្ទះវិញ។ គ្រឿងសំណែនអាចជាផ្លែឈើ ធូបឬម្ហូបបន្តិចបន្តួចដែលអ្នកបានត្រៀមពីផ្ទះ។
១.កុំយកប្រដាប់បំពងសំឡេង៖ យើងដឹងស្រាប់ហើយថាប្រដាប់បំពងសំឡេងគឺឮខ្លាំងៗជាពិសេសសម្រាប់អ្នកដែលចូលចិត្តចាក់ចម្រៀងច្រៀងរាំក្នុងព្រៃដែលខ្មែរយើងជឿថាអារុក្ខអារក្ខអ្នកតាអាចមិនចូលចិត្ត និងអាចបង្កជាការរំខានដល់ពួកគាត់ដូច្នេះហើយពួកគាត់អាចនឹងធ្វើទុក្ខបុកម្នេញដល់យើងដោយប្រការណាមួយជាមិនខាន។
២.ហាមហូបគ្រឿងស្រវឹងនៅលើភ្នំ៖ កាលណាអ្នកដែលដើរព្រៃហូបគ្រឿងស្រវឹងវានឹងបង្កជាសំឡេងរំខានដល់អ្នករក្សាព្រៃឬអ្នកតាព្រៃជាដើម។ មួយវិញទៀតបើសិនជាអ្នកស្រវឹងហើយអាចជួបរឿងចម្លែកណាមួយដូចជាជួបសត្វព្រៃកាចសាហាវនោះអ្នកនឹងមិនអាចជួយខ្លួនឯងបានឡើយ។
៣. កុំភ្លេចសែនបាយទឹកដល់អារុក្ខអារក្ខ ឬអ្នកតាព្រៃនៅតំបន់នោះ។
៤.កុំមាត់ចំអាសចំអូងដែលអាចធ្វើឲ្យអ្នកតាប្រកាន់បាន។


លោកធឿន វុឌ្ឍី មគ្គុទ្ទេសក៍ទេសចរណ៍ និងធ្លាប់មានបទពិសោធន៍ដើរព្រៃបោះតង់ជាច្រើន កន្លែងនៅទូទាំងប្រទេសកម្ពុជាចែករំលែកថា៖ « អបិយជំនឿនេះ គឺជាជំនឿដើមរបស់ខ្មែរតាំងបុរាណរៀងមកដោយខ្មែរជឿលើព្រលឹងដូនតា អ្នកតាម្ចាស់ស្រុក ម្ចាស់ទឹកម្ចាស់ដីព្រៃព្រឹក្សាព្រោះនេះជាជំនឿដើមរបស់ខ្មែរមុនពេលពុទ្ធសាសនាព្រហ្មញ្ញសាសនាចូលមកដល់ បើគិតទៅជំនឿនេះមិនតិចជាង ២០០០ ឆ្នាំទេដែលខ្មែរធ្លាប់ជឿ និងគោរព។ ខ្មែរយើងជឿ ថាព្រលឹងទាំងនោះមាននៅគ្រប់ទីកន្លែង ហើយតែងតែបណ្តាលឱ្យយើងជួបរឿងមិនល្អបើយើងខុសមាត់ក ឬធ្វើអ្វីមួយដែលប៉ះពាល់ដល់ពួកគេ តែគេនឹងជួយថែរក្សាយើងឲ្យបានសុខសប្បាយនៅក្នុងព្រៃ និងក្នុងពេលធ្វើដំណើរទៅនិងត្រលប់មកវិញបើយើងបានសែនព្រែនសុំផ្លូវជាមុន។»
ជាក់ស្ដែងទាក់ទងនឹងបទពិសោធន៍ខ្លួនផ្ទាល់លោកធឿន វុឌ្ឍី តែងតែធ្វើការសែនព្រែនសុំសេចក្ដី សុខសប្បាយពីអារុក្ខអារក្ខអ្នកតានៅតំបន់នោះជាមុនសិន មុនពេលដែលលោកនាំភ្ញៀវទេសចរដើរព្រៃ ឬបោះតង់នៅលើព្រៃភ្នំម្ដងៗ៕




Account
Security
Favourite Content