សប្បាយ​អាច​ក្លាយ​ជា​ទុក្ខ​ បើ​សិន​ជា​អ្នក​ទៅបោះតង់​ក្នុង​ព្រៃ​ភ្នំ​ ភ្លេច​ធ្វើ​រឿង​ទាំង​នេះ

Adventure គឺ​ជា​ទម្លាប់​មួយ​ដែល​អ្នកដើរ​ព្រៃ​ចូល​ចិត្ត​ធ្វើ​ជា​ពិសេស​នោះ​គឺ​ការ​បោះតង់​នៅ​លើ​ភ្នំ បោះតង់​ក្នុង​ព្រៃ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ទាំង​នោះ​ទទួល​បាន​នូវ​បរិយាកាស​ថ្មី​ប្លែក និង​អាច​រំសាយ​រាល់​ទុក្ខ​កង្វល់​ដែល​មាន​នៅ​ក្នុង​ចិត្ត​។ យ៉ាងណាមិញ Adventure ក៏​អាច​ប្រែក្លាយ​ទៅ​ជា​រឿង​មួយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដំណើរ​បាន​ដែរ បើ​សិន​ជា​អ្នក​ដំណើរ​ទាំងនោះ​ភ្លេច​ធ្វើ​រឿង​សំខាន់​ៗ​មួយ​ចំនួន​នេះ​ដែល​មិន​គួរ​បំពាន។

តើ​លោកអ្នក​ធ្លាប់​ជឿ​ទៅ​លើ​អបិយជំនឿ​ដែរ​ឬ​ទេ? មាន​ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា​អបិយជំនឿ​គឺ​ជា​ជំនឿ​ទាំងឡាយ​ណា​ដែល​ខ្មែរ​បុរាណ​យើង​ជឿ​ថា​វា​បាន​កើត​ឡើង​ពិត​ប្រាកដ​មែន​នៅ​ក្នុង​សង្គម​ខ្មែរ​ឧទាហរណ៍​ដូច​ជា ខ្មោច អារុក្ខអារក្ខ​អ្នកតា ឬ​អ្នក​រក្សា​ព្រៃ​ជា​ដើម។ មក​ដល់​សព្វថ្ងៃ​នេះ​ក៏​នៅ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយ​ចំនួន​នៅ​តែ​ប្រកាន់​ខ្ជាប់ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​យល់​ថា​វា​ជា​រឿង​ដែល​មិន​ពិត​ប្រាកដ ប៉ុន្តែ​ថ្ងៃ​នេះAMS សូម​លើក​យក​ហេតុផល​ខ្លះ​ៗ​ទាក់ទង​និង​អប្បិយជំនឿ​ខ្មែរ​នៅ​ពេល​បោះតង់​ក្នុង​ព្រៃ​ស្ងាត់​មក​ចែក​រំលែក​ដល់​អ្នក​គ្រប់​គ្នា ត្រង់​ជឿ​ឬ​មិន​ជឿ​សូម​ធ្វើការ​ពិចារណា​ដោយ​ការ​ប្រុង​ប្រយ័ត្ន។

ខាងក្រោម​នេះ​គឺ​ជា​រឿង​ដែល​មិន​គួរ​ភ្លេច​ពេល​ទៅ​បោះតង់​ក្នុង​ព្រៃ​ស្ងាត់ ឬលើភ្នំ៖

កុំ​ភ្លេច​គ្រឿង​សំណែន៖ ខ្មែរ​យើង​ជឿ​ថា​ពេល​ទៅ​ព្រៃ​ម្ដង​ៗ​ត្រូវ​តែ​ធ្វើ​ការ​សែន ឬ​អុច​ធូប​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ ឬ​អ្នក​ដែល​រក្សា​ព្រៃភ្នំ​នៅ​ទីនោះ ​ដើម្បី​បាន​សេចក្ដី​សុខសប្បាយ​ក្នុង​ពេល​ដែល​ស្នាក់​នៅ​ក្នុង​ព្រៃ​ឬ​ភ្នំ និង​ពេល​ត្រលប់​មក​ផ្ទះ​វិញ។ គ្រឿង​សំណែន​អាច​ជា​ផ្លែឈើ ធូប​ឬ​ម្ហូប​បន្តិចបន្តួច​ដែល​អ្នក​បាន​ត្រៀម​ពី​ផ្ទះ។

១.កុំ​យក​ប្រដាប់​បំពង​សំឡេង៖ យើង​ដឹង​ស្រាប់​ហើយ​ថា​ប្រដាប់​បំពង​សំឡេង​គឺ​ឮ​ខ្លាំង​ៗ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ចាក់​ចម្រៀង​ច្រៀង​រាំ​ក្នុង​ព្រៃ​ដែល​ខ្មែរ​យើង​ជឿ​ថា​អារុក្ខអារក្ខ​អ្នកតា​អាច​​មិន​ចូលចិត្ត និង​អាច​បង្ក​ជា​ការ​រំខាន​ដល់​ពួកគាត់​ដូច្នេះ​ហើយ​ពួកគាត់​អាច​នឹង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​យើង​ដោយ​ប្រការ​ណាមួយ​ជា​មិន​ខាន។ ​

២.ហាម​ហូប​គ្រឿង​ស្រវឹង​នៅ​លើ​ភ្នំ៖ កាលណា​អ្នក​ដែល​ដើរ​ព្រៃ​ហូប​គ្រឿង​ស្រវឹង​វា​នឹង​បង្ក​ជា​សំឡេង​រំខាន​ដល់​អ្នក​រក្សា​ព្រៃ​ឬ​អ្នកតា​ព្រៃ​ជា​ដើម។ មួយ​វិញ​ទៀត​បើ​សិន​ជា​អ្នក​ស្រវឹង​ហើយ​អាច​ជួប​រឿង​ចម្លែក​ណា​មួយ​ដូច​ជា​ជួប​សត្វ​ព្រៃ​កាច​សាហាវនោះ​អ្នក​នឹង​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ឡើយ។

៣. កុំ​ភ្លេចសែន​បាយ​ទឹក​ដល់​អារុក្ខអារក្ខ ឬ​អ្នកតា​ព្រៃ​នៅ​តំបន់​នោះ។

៤.កុំ​មាត់​ចំអាសចំអូង​ដែល​អាច​ធ្វើ​ឲ្យ​អ្នកតា​ប្រកាន់​បាន។

លោក​ធឿន វុឌ្ឍី មគ្គុទ្ទេសក៍​ទេសចរណ៍ ​និង​ធ្លាប់​មាន​បទ​ពិសោធន៍​ដើរ​ព្រៃ​បោះតង់​ជា​ច្រើន កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ចែក​រំលែក​ថា៖ « អបិយជំនឿ​នេះ គឺ​ជា​ជំនឿ​ដើម​របស់​ខ្មែរ​តាំង​បុរាណ​រៀង​មក​ដោយ​ខ្មែរ​ជឿ​លើ​ព្រលឹង​ដូនតា ​អ្នកតា​ម្ចាស់​ស្រុក ម្ចាស់​ទឹក​ម្ចាស់​ដី​ព្រៃ​ព្រឹក្សា​ព្រោះ​នេះ​ជា​ជំនឿ​ដើម​របស់​ខ្មែរ​មុន​ពេល​ពុទ្ធសាសនា​ព្រហ្មញ្ញសាសនា​ចូល​មក​ដល់ ​បើ​គិត​ទៅ​ជំនឿ​នេះ​មិន​តិច​ជាង ២០០០ ឆ្នាំ​ទេ​ដែល​ខ្មែរ​ធ្លាប់​ជឿ ​និង​គោរព។ ខ្មែរ​យើង​ជឿ ថា​ព្រលឹង​ទាំងនោះ​មាន​នៅ​គ្រប់​ទី​កន្លែង ហើយ​តែងតែ​បណ្តាល​ឱ្យ​យើង​ជួប​រឿង​មិន​ល្អ​បើ​យើង​ខុស​មាត់​ក ឬ​ធ្វើ​អ្វី​មួយ​ដែល​ប៉ះ​ពាល់​ដល់​ពួក​គេ តែ​គេ​នឹង​ជួយ​ថែ​រក្សា​យើង​ឲ្យ​បាន​សុខ​សប្បាយ​នៅ​ក្នុង​ព្រៃ ​និង​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​និង​ត្រលប់​មក​វិញ​បើ​យើង​បាន​សែនព្រែន​សុំ​ផ្លូវ​ជាមុន។»

ជាក់ស្ដែង​ទាក់ទង​នឹង​បទពិសោធន៍​ខ្លួន​ផ្ទាល់​លោក​ធឿន វុឌ្ឍី តែងតែ​ធ្វើ​ការ​សែនព្រែន​សុំ​សេចក្ដី សុខ​សប្បាយ​ពី​អារុក្ខអារក្ខ​អ្នកតា​នៅ​តំបន់​នោះ​ជាមុន​សិន មុន​ពេល​ដែល​លោក​នាំ​ភ្ញៀវ​ទេសចរ​ដើរ​ព្រៃ ឬ​បោះតង់​នៅ​លើ​ព្រៃ​ភ្នំ​ម្ដង​ៗ៕