កាលពីថ្ងៃសុក្រទី២ ខែកក្កដា ឆ្នាំ ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការឱ្យដឹងថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួង បានចុះទៅត្រួតពិនិត្យ និងវាយតម្លៃសមុច្ច័យកុលាលភាជន៍ ដែលស្រង់យកពីទីតាំងសំពៅលិចនៅទីតាំងភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឬស្សី។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានពិភាក្សាជាមួយកម្លាំងនៃទីបញ្ជាការលម្ហសមុទ្រ ដើម្បីនាំយកកុលាលភាជន៍ដែលបានស្រង់ពីសំពៅលិចកាលរាប់រយឆ្នាំមុន មករក្សាទុកនៅក្រសួងវប្បធម៌។

សមុច្ច័យដែលបានស្រង់ចេញពីសំពៅលិចរួមមានកុលាលភាជន៍ច្រើនប្រភេទ ខ្លះជា ពាងត្រចៀកបួន ក្រឡត្រចៀកបួន ខួច ក្អម ចាន ឆ្នាំង ជើងក្រានរួមទាំងវត្ថុផ្សេងៗជាច្រើន។ កុលាលភាជន៍ភាគច្រើន ដុតក្នុងកំដៅខ្ពស់ និងមានផ្ទៃរលោង ផលិតនៅក្នុងតំបន់ ដូចជា ឡមេណាំណយ និងឡស្រីសជនាល័យ ក្នុងខេត្តសិង្ហបុរី និងសុខោទ័យ ក្នុងប្រទេសថៃសព្វថ្ងៃនេះ។ ចំពោះ ភាជន៍ផលិតបែបប្រពៃណី គឺផលិតនៅតាមភូមិក្បែរក្រុងអយុធ្យា។
តាមការសិក្សាប្រៀបធៀបសមុច្ច័យកុលាលភាជន៍រកឃើញ យើងអាចសន្មតថា ដំណើរសំពៅដឹកទំនិញជំនួញនេះ ប្រហែលអាចស្ថិតនៅចន្លោះ ស.វ ទី ១៥ ដល់ ស.វទី ១៧ នៃគ.ស ឬយើងអាចនិយាយបានថាស្ថិតនៅរវាង ៣០០ ឆ្នាំ ទៅ ៥០០ ឆ្នាំ មុនពេលបច្ចុប្បន្ន។
ក្រុមការងារក្រសួងវប្បធម៌ដឹកនាំដោយឯកឧត្តម អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ និងក្រុមការងារនៃទីបញ្ជាការជួរមុខលម្ហសមុទ្រដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ បានបើកកិច្ចពិភាក្សា អំពីកុលាលភាជន៍ស្រង់ចេញពីសំពៅបុរាណលិចនៅបាតសមុទ្រក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលកំពុងរក្សាទុកនៅបញ្ជាការដ្ឋានជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ ខេត្តព្រះសីហនុ។
ក្នុងជំនួបពិភាក្សា ឯកឧត្តម អ៊ុក សុខា បានស្នើសុំ ឯកឧត្តម ឧត្តមនាវីទោ ជួយសហការអភិរក្សទីតាំងសំពៅលិច លើកផ្ទាំងសញ្ញាសម្គាល់តំបន់ការពារបេតិកភណ្ឌវប្បធម៌ក្រោមទឹកក្នុងភូមិសាស្ត្រខាងលើ និងប្រគល់កុលាភាជន៍ដែលរកឃើញជូនក្រសួងវប្បធម៌រក្សាទុកជាសម្បត្តិវប្បធម៌ជាតិ៕


























Account
Security
Favourite Content