ជាដំណឹងដ៏រីករាយ ដែលក្រុមការងារអភិរក្សក្រពើភ្នំនៃអង្គការ Fauna & Flora ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកក្រពើភ្នំមួយកន្លែងក្នុងជម្រកដីសើមនៃត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង ក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។
អង្គការ Fauna & Flora បានបញ្ជាក់ឱ្យដឹងថា សំបុកនោះមានពងចំនួន ២១ គ្រាប់ ដែល ១៧ គ្រាប់បានបង្កកំណើតនោះ ត្រូវបានផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព និងកំពុងត្រូវបានភ្ញាស់នៅក្នុងសំបុកសិប្បនិម្មិត ដើម្បីធានាសុវត្ថិភាព ខណៈដែលពងមិនបង្កកំណើត ៤គ្រាប់ ត្រូវបានទុកនៅក្នុងសំបុកដើម។
សំបុកសិប្បនិម្មិតនោះ ត្រូវបានហ៊ុមព័ទ្ធ និងយាមពេញមួយថ្ងៃដោយសហគមន៍អភិរក្សក្រពើដើម្បីការពារពងពីគ្រោះថ្នាក់ផ្សេងៗ។ អង្គការ Fauna & Flora រំពឹងថាពងទាំងនោះនឹងញាស់នៅពាក់កណ្តាលខែសីហាខាងមុខនេះ ហើយកូនក្រពើនឹងត្រូវលែងចូលទៅក្នុងធម្មជាតិវិញ ដើម្បីធានាថាពួកគេមានឱកាសរស់រានមានជីវិតខ្ពស់បំផុត។
ក្រពើភ្នំ (Crocodylus siamensis) ជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ ក្រពើភ្នំ ត្រូវបានរកឃើញមានវត្តមាន នៅប្រទេសកម្ពុជា ដោយការអង្កេតរបស់អង្គការ Fauna & Flora និងរដ្ឋបាលព្រៃឈើនៅតំបន់ជួរភ្នំក្រវាញក្នុងឆ្នាំ២០០០ ដែលជាទីជម្រកដ៏សំខាន់បំផុតសម្រាប់ប្រភេទនេះ។ ចំនួនក្រពើភ្នំសរុបទូទាំងពិភពលោក តាមការសិក្សាបានវាយតម្លៃថា មានចំនួនប្រហែល ១ពាន់ ក្បាល ក្នុងនោះ ប្រទេសកម្ពុជាមានវត្តមានក្រពើភ្នំជិត ៤០០ក្បាល ដូច្នេះការរកឃើញសំបុកក្នុងធម្មជាតិនេះ គឺជាព័ត៌មានដ៏គួរឱ្យរំភើបរីករាយ៕





























Account
Security
Favourite Content