សិល្បៈបុរាណខ្មែរច្រើនទម្រង់កំពុងបង្អួតសម្រស់ចំពោះមុខភ្ញៀវទេសចរទូទាំងពិភពលោក តាមរយៈកម្មវិធី “ពិព័រណ៍វប្បធម៌កម្ពុជា” នៅរមណីយដ្ឋាន Gardens by the Bay ដែលរៀបចំឡើងដើម្បីអបអរសាទរខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតសិង្ហបុរី-កម្ពុជា។
គេហទំព័រផ្លូវការរបស់ Garden by the Bay បានឱ្យដឹងថា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី ៦០ នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសសិង្ហបុរី និងកម្ពុជា ហើយក្នុងឱកាសដ៏សំខាន់នេះ ពិព័រណ៍វប្បធម៌ និងសិល្បៈបុរាណខ្មែរត្រូវបានរៀបចំឡើង ដើម្បីជំរុញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងរស់រវើករបស់កម្ពុជា។
ក្នុងនោះ ភ្ញៀវទេសចរដែលទិញសំបុត្រចូលទស្សនាតំបន់ Flower Dome នឹងអាចទស្សនាការសម្តែងរបាំប្រពៃណីដូចជារបាំជូនពរ របាំសុវណ្ណមច្ឆា របាំនារីកម្ពុជា របាំទេពធីតាបួងសួង (ឈុតក្នុងរឿងជ័យជេត) ព្រមទាំងការបង្ហាញផ្ទាល់នូវការឆ្លាក់ថ្មភក់ និងគំនូរខ្មុកដោយសិប្បករកម្ពុជា។ លើសពីនេះ ក៏មានការតាំងពិព័រណ៍រូបថតអនុស្សាវរីយ៍នានាដែលបង្ហាញពីចំណងមិត្តភាពការទូតរវាងប្រទេសសិង្ហបុរី និងកម្ពុជាផងដែរ។
គួរបញ្ជាក់ថា កម្មវិធីពិព័រណ៍វប្បធម៌កម្ពុជានៅរមណីយដ្ឋាន Gardens by the Bay នេះធ្វើឡើងរយៈពេល២ថ្ងៃគឺនៅថ្ងៃទី២០ និង ២១ ខែមិថុនា ដោយកាលវិភាគសម្ដែងចាប់ផ្ដើមពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៤ ល្ងាច ៕




រូបភាពពីហ្វេសប៊ុក Gardens by the Bay

























Account
Security
Favourite Content