នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានប្រាសាទបុរាណចំនួនជិត ១០០ ប្រាសាទ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្នុងនោះ ភ្ញៀវទេសចរតែងបានស្គាល់ និងនិយមទៅទស្សនាតែនៅតាមប្រាសាទបុរាណធំៗដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង និងប្រាសាទបន្ទាយស្រីជាដើម។

ប្រាសាទក្រោលគោ ដែលភ្ញៀវទេសចរភាគច្រើនមិនបានស្គាល់ ឬមើលរំលង ត្រូវបានអាជ្ញាធរជាតិអប្សរាកាត់ក្រីមែកឈើ ដើម្បីសម្រួលឱ្យភ្ញៀវទេសចរអាចមើលឃើញទិដ្ឋភាព និងទាក់ទាញទេសចរចូលទស្សនាប្រាសាទក្រោលគោឡើងវិញ។
ជាក់ស្តែង ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានកាត់ក្រីមែកឈើខ្លះៗនៅតាមផ្លូវចូល និងបរិវេណជុំវិញប្រាសាទ ដើម្បីអាចមើលឃើញទេសភាពនៃប្រាសាទក្រោលគោកាន់តែច្បាស់ជាងមុន។
គួរជម្រាបថា ប្រាសាទក្រោលគោ គឺជាប្រាសាទបុរាណបែបព្រះពុទ្ធសាសនាខ្មែរ ដែលត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងជើងប្រាសាទនាគព័ន្ធ។ ប្រាសាទក្រោលគោ មានប្រាង្គតែមួយ ស្ថិតនៅលើលានរាងកាកបាទ និងមានបណ្ណាល័យមួយធ្វើអំពីថ្មបាយក្រៀម និងថ្មភក់បែរមុខទៅទិសខាងត្បូង។ កំពែងប្រាសាទធ្វើអំពីថ្មបាយក្រៀម ដែលមានគោបុរៈនៅទិសខាងកើត និងមានគូទឹកព័ទ្ធជុំវិញ៕





























Account
Security
Favourite Content