យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានកាលពីរាត្រីថ្ងៃ ព្រហស្បតិ៍ ទី៣០ មីនា ឆ្នាំ ២០២៣ បានឲ្យដឹងថាវត្ថុយក្សចំនួន ៧ ដែលកំពុងរៀបចំ និងដាក់បង្ហាញនៅក្នុងកម្មវិធីភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដមានដូចជា៖ ចាប៉ីដងវែងយក្ស, កន្ត្រងប្រហុកយក្ស, មួកស្លឹកត្នោតយក្ស, សំបុក និងពងមាន់យក្ស, ខ្មុកយក្ស, អង្រុតយក្ស និងបំពង់ទឹកត្នោតយក្ស។
កម្មវិធី «ពិព័រណ៍វត្ថុយក្ស» ដែលមានពិព័រណ៍វត្ថុយក្ស ត្រូវបានរៀបចំឡើងក្នុងខ្លឹមសារអបអរសាទរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយពាំនាំត្រឡប់មកវិញនូវស្នាដៃវត្ថុយក្សក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំមុនៗ និងស្នាដៃថ្មីៗដទៃទៀតដ៏គួរជាទីមោទកភាពរបស់យុវជន ដោយរំលេចជាទស្សនីយភាពដ៏អស្ចារ្យ ក្នុងការរួមចំណែកលើកតម្កើង ស្នាដៃកូនខ្មែរក្រោមពាក្យស្លោក «ខ្មែរធ្វើបាន» ។
គួរជម្រាបថាកម្មវិធីភូមិខ្ញុំ នៅឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ភូមិខ្ញុំ ភូមិសុខសាន្ត» ដែលមានទីតាំងនៅខាងជើងជាប់នឹងប្រាសាទបាយ័ន បែរមុខទៅទិសខាងលិចទល់នឹង ប្រាសាទភិមានអាកាស មានខ្លោងទ្វារពីរខាងមុខភូមិ រចនាតុបតែងដោយក្បូរក្បាច់រចនារបៀបខ្មែរគួរឱ្យទាក់ទាញ និងហ៊ុមព័ទ្ធដោយរបបឈើជុំវិញភូមិ។
កម្មវិធីភូមិខ្ញុំនេះ មានសំណង់ផ្ទះខ្មែរបុរាណ ដែលមានដូចជា៖ ផ្ទះសិល្ប:ទស្សនីយភាព ផ្ទះសេដ្ឋី, ផ្ទះនំ, សាលាឆទាន និងផ្ទះចាក់ចេក។ ផ្សារភូមិខ្មែរ ដែលមានលក់ម្ហូបអាហារ, នំ, ភេសជ្ជ: និងវត្ថុអនុស្សាវរីយ៍ផ្សេងៗរបស់អ្នកភូមិ។ ឆាកតន្ត្រីបុរាណ សម័យ និងសកម្មភាពសាសនារបស់អ្នកភូមិផងដែរ ។
ជាមួយគ្នានេះកម្មវិធី «ភូមិខ្ញុំ» ក៏នឹងបង្ហាញអំពីទិដ្ឋភាពខ្លះៗនៃភូមិខ្មែរសម្រាប់ឱ្យទេសចរជាតិ និងអន្តរជាតិ បានឃើញ នឹងនឹកដល់ជីវភាពសុខសាន្តនៃប្រជាពលរដ្ឋខ្មែរតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលជាក្ដីស្រមៃ ក្តី សង្ឃឹមសម្រាប់ពលរដ្ឋខ្មែរ ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា។
លើសពីនេះក្រសួងក៏បានបញ្ជាក់ថា នៅទីលានប្រាសាទជល់ដំរី នៃក្រុងអង្គរធំ មានកម្មវិធីជាច្រើនទៀត រួមមានកម្មវិធី «នេះមិនមែនជាសុបិន» ដើម្បីបង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តជានិមិត្តរូប នៃការជួបជុំបងប្អូន និងភាពសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរ, កម្មវិធី «សួនមុនីហទ័យ» ដើម្បីប្រមូលផ្តុំនូវសារ:សំខាន់ និងភាពដ៏អស្ចារ្យនៃ សិល្ប: ទំនៀមទម្លាប់ និងឥរិយាបថដ៏ប្រពៃរបស់ប្រជាជនខ្មែរ និងកម្មវិធី «ភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣» ជាកម្មវិធីផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ផងដែរ។
ដោយឡែក រដ្ឋបាលខេត្តសៀមរាបឯណោះវិញក៏បានចេញសេចក្តីជូនដំណឹងស្តីពីការខូចខាត និងរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីវេលាម៉ោង ១៧៖៣០ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដែលមានដូចខាងក្រោម៖
- របើកដំបូលផ្ទះចំនួន ៦ខ្នង និងបាក់សំយ៉ាបផ្ទះ ១ខ្នង ។
- រលំខ្លោងទ្វារលម្អតុបតែងភ្លើងកាត់ទទឹងផ្លូវ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្តាលឱ្យប៉ះពាល់មនុស្សចំនួន ២នាក់ ក្នុងនោះ ស្លាប់ មួយនាក់ របួស មួយនាក់ និងខូចខាតម៉ូតូចំនួន ពីរគ្រឿង។
- គ្រឿងតុបតែងភ្លើងលម្អស្ពានថ្មព្រះរាជដំណាក់ ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង-សៀមរាប ខេត្តសៀមរាប ប៉ុន្តែពុំមានផលប៉ះពាល់ដល់មនុស្សឡើយ។
- រលំរោងពិព័រណ៍ទិវាវប្បធម៌ជាតិ ៣មីនា ដែលរៀបចំសម្រាប់ដំណើរការពិធីចាប់ថ្ងៃទី២៩-៣១ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅសួនច្បារមាត់ស្ទឹងសៀមរាប ក្បែរសួនច្បារព្រះរាជដំណាក់៕

































Account
Security
Favourite Content