កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៤ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៣០ ម៉ឺននាក់បានសម្រុកមកលេងនៅសង្ក្រាន្តវត្តភ្នំ ក្នុងរាជធានីភ្នំពេញ។ នេះបើតាមប្រភពផ្លូវការរបស់ក្រសួងព័ត៌មាន។

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រមណីយដ្ឋានវត្តភ្នំបានរៀបចំកម្មវិធីសង្ក្រាន្តរយៈពេល ៤ ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៤។ ក្នុងរយៈពេល ៤ ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋបានមកប្រមូលផ្ដុំកកកុញ និងចូលរួមលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ក្នុងរាជធានីភ្នំពេញ។ តាមការឱ្យដឹងពីលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃចុងក្រោយនៃការប្រារព្ធធ្វើកម្មវិធីសង្ក្រាន្តវត្តភ្នំ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណ ៣០ ម៉ឺននាក់បាននាំគ្នាសម្រុកមកលេងកម្សាន្តក្នុងតំបន់រមណីយដ្ឋានវត្តភ្នំ ក៏ដូចជាតំបន់មួយចំនួនផ្សេងទៀតដូចជា ផ្សារចាស់ និងផ្សារកណ្ដាលផងដែរ។







គួរបញ្ជាក់ដែរថា ចំពោះសង្ក្រាន្តវត្តភ្នំក៏មានការរៀបចំកម្មវិធីបែបប្រពៃណីជាតិជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ការដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ ការសម្ដែងសិល្បៈរបាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយខ្មែរ ដូចជាទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្ដើមស្លឹកឈើជាដើម មិនតែប៉ុណ្ណោះក៏មានការប្រគំតន្ត្រីបុរាណ និងមានការរាំលេងកម្សាន្ត ការតាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌ថែមទៀតផង៕

























Account
Security
Favourite Content