កោះខ្យង រំលេចខ្លួនលើផ្ទៃសមុទ្រយ៉ាងស្រស់ស្អាត ក្នុងទឹកដីខេត្ត កោះកុង ជាឋានសួគ៌នៃភាពរ៉ូម៉ែនទិក ស័ក្ដិសមបំផុតសម្រាប់គូស្នេហ៌ ឬទៅលេងកម្សាន្តជាលក្ខណៈគ្រួសារ ឬ មិត្តភ័ក្ដិក៏សប្បាយម្យ៉ាងដែរ ។ តស់កុំឱ្យខាតពេលគិតយូរ ចុងឆ្នាំ ២០២៣នេះ ដាក់មួយទ្រីបជុំគ្នា បង្កើតអនុស្សាវរីយ៍ កាត់ស្ត្រេសមុនឆ្លងចូលឆ្នាំ ២០២៤។
ប្រមាណជា ១០ គីឡូម៉ែត្រ ពីទីរួមខេត្តស្រុកស្រែអំបិល ស្ថិតនៅក្នុងភូមិ ខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង តំបន់ទេសចរណ៍លើផ្ទៃសមុទ្រ ដែលមានកោះតូចៗ ចំនួន ៣ ស្ថិតនៅប្រជុំគ្នា ហាក់បីដូចជាភូមិសហគមន៌ជាប់ៗគ្នានេះ បានកំពុងបង្ហាញសម្រស់ អង្រួនបេះដូងអ្នកទេសចរ ឱ្យឃើញហើយអត់ទ្រាំមិនទៅលេងមិនបាន ។ ដើមដូងដុះច្រូងច្រាងនៅលើកោះ ទឹកសមុទ្រថ្លាឈ្វេង អមជាមួយខ្យល់អាកាសបរិសុទ្ធ បង្កើតបានជាបរិយាកាសដ៏ស័ក្ដិសម សម្រាប់ការបោះតង់ សម្រាកលម្ហែ គយគន់ថ្ងៃលិច អាំងសាច់ ដុតភ្នក់ភ្លើងពេលរាត្រី និយាយរឿងក្នុងចិត្តជាមួយមិត្តភ័ក្ដិ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។
សម្រាប់អ្នកទេសចរដែលមានបំណងចង់ទៅលេងតំបន់ទេសចរណ៌មួយនេះ ត្រូវធ្វើដំណើរតាមទូក។ ចំពោះស្ថានភាពផ្លូវធ្វើដំណើរគឺមានភាពងាយស្រួល ដែលឡានម៉ូតូ អាចទៅដល់លន្លែងឡើងទូកតែម្តង ៕