នាចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ចក្រភពខ្មែររីកចម្រើនយ៉ាងខ្លាំងលើវិស័យសុខាភិបាល និងការថែទាំសុខុមាលភាពប្រជារាស្ត្រ។ ពេលនោះអារោគ្យសាលា (មន្ទីរពេទ្យបុរាណ) មានជាង ១០០ នៅទូទាំងចក្រភពខ្មែរ។

ប្រាសាទលាក់នាងត្រូវបានអ្នកសិក្សាជំនាន់ក្រោយឱ្យដឹងថា ទីបុរាណមួយនេះមិនត្រឹមជាកន្លែងសម្រាប់សក្ការបូជាខាងសាសនា តែគឺជាមន្ទីរពេទ្យនាសម័យបុរាណ។ នៅលើចម្លាក់នៃប្រាសាទនេះមានភស្តុតាងប្រវត្តិសាស្ត្រមួយដ៏សំខាន់ដែលបង្ហាញពីការប្រើប្រាស់ក្បួនខ្នាតវេជ្ជសាស្ត្របុរាណ។
ផ្អែកលើចម្លាក់ថ្មភក់ដ៏កម្រនៅលើបំណែកហោជាងនៃប្រាសាទលាក់នាង យើងឃើញពីវិធីសាស្ត្រ និងក្បួនខ្នាតពិនិត្យជំងឺយ៉ាងល្អិតល្អន់របស់ដូនតាខ្មែរ។ នោះគឺការស្ទង់ជីពចរ ដែលរូបចម្លាក់បានបង្ហាញយ៉ាងច្បាស់អំពីសកម្មភាពរបស់គ្រូពេទ្យបុរាណដែលកំពុងលូកដៃទៅចាប់កាន់ និងសង្កត់លើកដៃរបស់អ្នកជំងឺ ដើម្បី «ស្ទង់ជីពចរ»។ នេះជាវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យយ៉ាងសំខាន់តាមវិស័យវេជ្ជសាស្រ្តបុរាណ ដើម្បីវាយតម្លៃពីចង្វាក់បេះដូង លំហូរឈាម និងស្ថានភាពសរីរាង្គខាងក្នុងរបស់អ្នកជំងឺ មុននឹងសម្រេចចិត្តផ្សំថ្នាំ ឬជ្រើសរើសវិធីព្យាបាល។
ចម្លាក់នៅប្រាសាទលាក់នាង មិនត្រឹមតែជាសិល្បៈរចនាបថបាយ័នដ៏ល្អប៉ុណ្ណោះទេ។ ប៉ុន្តែគឺជា «ឯកសារប្រវត្តិសាស្ត្រវេជ្ជសាស្ត្រ» ដ៏កម្រ និងមានតម្លៃជាសារវន្ត ដែលបញ្ជាក់យ៉ាងច្បាស់ថា ដូនតាខ្មែរមានចំណេះដឹងជ្រៅជ្រះលើវិទ្យាសាស្ត្រសុខាភិបាល និងក្បួនវេជ្ជសាស្ត្រច្បាស់លាស់តាំងពីមួយពាន់ឆ្នាំមុនមកម៉្លេះ។
យោងតាមឯកសារដែលបង្ហាញដោយអាជ្ញាធរជាតិអប្សរា ក្នុងសម័យកាលនោះ វិស័យសុខាភិបាលខ្មែរត្រូវបានរៀបចំឡើងដោយឈរលើស្មារតីមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុត ក្រោមព្រះរាជហឫទ័យប្រកបដោយទសពិធរាជធម៌នៃព្រះមហាក្សត្រ ដូចដែលមានចារឹកក្នុងសិលាចារឹកមន្ទីរពេទ្យថា «ជំងឺផ្លូវកាយរបស់ប្រជារាស្ត្រ គឺជាជំងឺផ្លូវចិត្តរបស់ព្រះរាជា ហើយទុក្ខឈឺចាប់របស់ប្រជារាស្ត្រ គឺរឹតតែឈឺចាប់ជាងការឈឺចាប់របស់ព្រះរាជាទៅទៀត»។
ប្រព័ន្ធសុខាភិបាលបុរាណនេះមានរចនាសម្ព័ន្ធគ្រប់គ្រងយ៉ាងច្បាស់លាស់ និងមានវិជ្ជាជីវៈខ្ពស់ ដោយមានការបែងចែកតួនាទីជាប្រព័ន្ធ រួមមាន៖ គ្រូពេទ្យជំនាញ គិលានុបដ្ឋាយិកា ឱសថការី គ្រូពេទ្យជំនួយ អ្នកថែទាំ និងអ្នកកិនផ្សំថ្នាំ។ លើសពីកន្លែងព្យាបាលជំងឺ មន្ទីរពេទ្យសម័យនោះថែមទាំងជាជម្រកសង្គ្រោះប្រជារាស្ត្រក្រខ្សត់ និងជាទីជួយជ្រោមជ្រែងអ្នកដាច់សង្វែងដោយមានផ្តល់ជូនទាំងម្ហូបអាហាររូបត្ថម្ភទៀតផង។
គួរឱ្យដឹងថា ប្រាសាទលាក់នាង មានទីតាំងស្ថិតនៅចំទិសខាងលិចនៃប្រាសាទតាកែវ មានរចនាសម្ព័ន្ធបែរមុខទៅរកប្រាសាទតាកែវ ស្ថាបនាឡើងនៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧៕











ប្រភព ៖ អាជ្ញាធរជាតិអប្សរា






















































Account
Security
Favourite Content