កាលពី ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ សាលដ៏ស្កឹមស្កៃនៃសណ្ឋាគារប្រវត្តិសាស្ត្រ Raffles Hotel Le Royal បានប្រែខ្លួនទៅជាវិចិត្រសាលសិល្បៈដ៏រស់រវើក ក្នុងឱកាសបើកសម្ពោធពិព័រណ៍ស្នាដៃគំនូរឯកបុគ្គល “Evanescence” របស់សិល្បករខ្មែរសហសម័យដ៏ឆ្នើម លោក ណូត ដារ៉ូ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រីទូត សិល្បករ និងអ្នកស្នេហាវិស័យសិល្បៈចម្រុះជាតិសាសន៍។

នៅក្នុងពិព័រណ៍ “Evanescence” លោក ណូត ដារ៉ូ បាននាំយកនូវផ្ទាំងគំនូរដែលបង្កប់ដោយអត្ថន័យជ្រាលជ្រៅអំពី «ភាពមិនស្ថិតស្ថេរ»។ តាមរយៈការប្រើប្រាស់ពណ៌បែបធម្មជាតិស្រទន់ ដូចជាពណ៌បៃតងស្លែ និងពណ៌ទឹកសមុទ្រ លោកបានបង្ហាញពីទំនាក់ទំនងដ៏ស្អិតរមួតរវាងមនុស្ស និងធម្មជាតិ។ រូបភាពផ្កាឈូកដែលរីកស្គុះស្គាយ និងការក្រៀមស្វិតទៅវិញ ជាតំណាងនៃវដ្តជីវិតដែលភ្ញៀវចូលរួមម្នាក់ៗសុទ្ធតែបង្ហាញការកោតសរសើរមិនដាច់ពីមាត់ចំពោះភាពផ្ចិតផ្ចង់ និងអារម្មណ៍ដែលបង្កប់ក្នុងជក់នីមួយៗ។ បរិយាកាសក្នុងពិព័រណ៍ពោរពេញដោយភាពថ្លៃថ្នូរ និងការសន្ទនាអំពីតម្លៃនៃបេតិកភណ្ឌវប្បធម៌ខ្មែរក្នុងសម័យទំនើប។


អ្វីដែលកាន់តែពិសេសសម្រាប់រាត្រីនោះ គឺការសម្រិតសម្រាំងមុខម្ហូបថ្មី (New Chapter) ពីភោជនីយដ្ឋាន Restaurant Le Royal ដែលត្រូវបានដាក់បង្ហាញជូនភ្ញៀវកិត្តិយសបានភ្លក់កម្សាន្ត។ មុខម្ហូបទាំងនេះមិនត្រឹមតែជាអាហារសម្រាប់បំពេញក្រពះនោះទេ ប៉ុន្តែវាគឺជាសិល្បៈនៃការចម្អិនដែលដើរទន្ទឹមគ្នានឹងស្នាដៃគំនូររបស់លោក ដារ៉ូ។


ភ្ញៀវទាំងអស់បានរីករាយជាមួយបទពិសោធន៍រសជាតិដ៏អស្ចារ្យ រួមមាន៖
- ញាំក្រូចថ្លុងបង្កងទន្លេ (Pomelo Terrine): ដែលជាការរួមបញ្ចូលគ្នារវាងរសជាតិផ្អែមស្រទន់ និងភាពស្រស់ស្រាយ។
- សម្លគ្រឿងសមុទ្រ (Seafood Consommé): ដែលមានក្លិនឈ្ងុយរំដេងបែបខ្មែរបុរាណ ប៉ុន្តែត្រូវបានតុបតែងយ៉ាងប្រណីតបែបសម័យថ្មី។
- ការីសាច់គោសារ៉ាម៉ាន់: ធ្វើពីសាច់គោអូស្ត្រាលីរំងាស់យឺតៗ រហូតដល់រលាយក្នុងមាត់ ដែលជាមុខម្ហូបលេចធ្លោជាងគេប្រចាំរាត្រី។
- នំឆៃយ៉ដូង: បង្អែមបិទដែលច្នៃចេញពីដូង និងសណ្តែកក្រហម បង្កើតបានជាចំណាប់អារម្មណ៍ផ្អែមល្ហែមមិនអាចបំភ្លេចបាន។




ព្រឹត្តិការណ៍កាលពីយប់មិញនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា សណ្ឋាគារ Raffles Hotel Le Royal នៅតែជាបង្គោលដ៏សំខាន់ក្នុងការលើកស្ទួយសិល្បៈខ្មែរ។ ការជួបគ្នារវាងគំនូរបែបសហសម័យរបស់លោក ណូត ដារ៉ូ និងការច្នៃប្រឌិតម្ហូបខ្មែរឱ្យមានលក្ខណៈលំដាប់អន្តរជាតិ បានផ្តល់នូវរូបភាពថ្មីមួយនៃមោទនភាពជាតិ៕























Account
Security
Favourite Content