បច្ចុប្បន្ននេះគំនូរមានការកែច្នៃថ្មីជាច្រើនដូចជា គំនូរស្រមោល គំនូរខ្សាច់ និងគំនូរប្រេងជាដើមសុទ្ធតែប្រភេទគំនូរដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ អ្នកសិល្បៈ និងអ្នកគាំទ្រសិល្បៈកែច្នៃថ្មី។ ជាមួយគ្នានេះដែរ គំនូរកែច្នៃថ្មីមួយប្រភេទទៀតគឺគំនូរគ្រាប់អង្ករបង្កើតឡើងដោយកូនខ្មែរ-អ៊ិស្លាមមួយរូបរឹតតែគួរឲ្យចាប់អារម្មណ៍។

កញ្ញា ព្រំ គឹម អៀង ជាសិល្បករមួយរូបក្នុងខេត្តសៀមរាបដែលមានចិត្តស្រលាញ់ចង់លើកកម្ពស់អង្ករខ្មែរ បានខិតខំ រៀនធ្វើដោយខ្លួនឯងអស់រយៈពេលប្រមាណ ៥ឆ្នាំ និងប្រែសិល្បៈគំនូរប្លែកថ្មីទៅជាអាជីវកម្មផ្ទាល់ខ្លួន។ គឹម អៀង បានឲ្យដឹងថាការបង្កើតគំនូរប្រភេទនេះមួយផ្ទាំងៗ ត្រូវប្រើពេលយូរដោយសារត្រូវតំរៀបគ្រាប់អង្ករមួយៗ ទំរាំចេញជារូបរៀង ហើយលើសពីនេះវាក៏ទាមទារការផ្ចិតផ្ចង់ខ្លាំង។
កញ្ញា បានបន្តឲ្យដឹងថា «ត្រឹមគំនូរមួយផ្ទាំងតូច ទំហំ A4 អាចប្រើពេលចន្លោះពី ៣ ថ្ងៃទៅមួយសប្តាហ៍ឯណោះ ហើយបើសិនជាបែបបថរចនាទៀតនោះគឺកាន់តែចំណាយពេលយូរ»។ បន្ថែមពីនោះ នាងបានឲ្យដឹងថា អាជីវកម្មដែលមានឈ្មោះថា Cambodia Rice Art របស់ខ្លួនដំណើរការអស់រយៈពេលជិត ១០ឆ្នាំមកហើយ និងមានអ្នកគាំទ្រច្រើន ប៉ុន្តែអតិថិជនរបស់ខ្លួនភាគច្រើនជាជនបរទេស។
គួរបញ្ជាក់ថា អតិថិជនដែលចាប់អារម្មណ៍គំនូរប្រភេទនេះអាចកម្មង់ជារូប រូបថតអនុស្សាវរីយ៍ និងអាចកម្មង់ជាគំនូរអក្សរ ឬជា Logo ផ្សេងៗជាដើម៕




























Account
Security
Favourite Content