តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅក្នុងប្រទេសកម្ពុជា។ នេះជាចំណងជើងព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយពីរឿងនេះ។

នៅក្នុងសារព័ត៌មាន India times news បានបរិយាយថា ក្នុងឆ្នាំ ២០២៥ ក្រុមមន្ត្រីឧទ្យានុរក្សបានដោះយកអន្ទាក់លួសដែលមានប្រវែងសរុប ៧ ៨០០ ម៉ែត្រ (ប្រហែល ៤,៨ ម៉ាយ) ចេញពីព្រៃ។ សកម្មភាពនេះជួយគាំទ្រដល់អ្នក ចិញ្ចឹម ឃ្មុំក្នុងតំបន់ គម្រោងដាំព្រៃឈើឡើងវិញ និងការអភិរក្សសត្វព្រៃផងដែរ។
នៅក្នុងព្រៃស្រុកសំឡូត មានការកត់ត្រាទុកប្រភេទសត្វចំនួន ៤៤ ប្រភេទ រួមទាំងដំរីអាស៊ី និងសត្វពង្រូលផងដែរ។ មូលនិធិរបស់ Angelina Jolie បានចំណាយពេល ២០ ឆ្នាំ ដើម្បីការពារព្រៃឈើនៅកម្ពុជា ព្រមទាំងមន្ត្រីឧទ្យានុរក្សបានជួយសង្គ្រោះសត្វជិត ១៤២ ប្រភេទឲ្យរួចផុតពីអន្ទាក់ខ្សែលួស។
ការងារអភិរក្សរបស់ Angelina Jolie នៅកម្ពុជាផ្ដល់រឿងរ៉ាវលើសពីហូលីវូដ។ មូលនិធិដែលនាងបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដោយចំណាយពេលជាង២ ទសវត្សរ៍ធ្វើការជាមួយសហគមន៍ក្នុងតំបន់ ដើម្បីការពារព្រៃឈើ គាំទ្រគ្រួសារជនបទ និងការពារសត្វព្រៃដែលរងការគំរាមកំហែង។

តើមូលនិធិ Angelina Jolie ចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ដោយរបៀបណា? Angelina Jolie បានមកប្រទេសកម្ពុជាលើកដំបូងនៅឆ្នាំ ២០០០ ក្នុងអំឡុងពេលថតខ្សែភាពយន្តរឿង «Lara Croft: Tomb Raider»។
ក្រោយមក នាងបានត្រឡប់មកប្រទេសនេះវិញម្ដងទៀត តាមរយៈការងាររបស់នាងជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ហើយតួឯកស្រីរឿង «Maleficent»ក៏ បានទទួលយកក្មេងប្រុសម្នាក់ឈ្មោះ Maddox ដែលកើតនៅទីនោះ មកធ្វើជាកូនចិញ្ចឹម។ នៅឆ្នាំ ២០០៣ នាងបានបង្កើតអង្គការមួយដែល ក្រោយមកបានក្លាយជា «មូលនិធិ Maddox Jolie-Pitt» (Maddox Jolie-Pitt Foundation) ហើយបច្ចុប្បន្នត្រូវបានគេស្គាល់ជាទូទៅថា «មូលនិធិ Maddox» (Maddox Foundation)។

សកម្មភាពដំបូងរបស់មូលនិធិនេះ គឺផ្ដោតលើការបោសសម្អាតមីននៅក្នុងសហគមន៍ជនបទដែលរងផលប៉ះពាល់ដោយជម្លោះនៅក្នុងប្រទេសកម្ពុជា។ ៣ ឆ្នាំក្រោយមក អង្គការនេះបានពង្រីកវិសាលភាពការងាររបស់ខ្លួនទៅលើការការពារបរិស្ថាន ដោយទទួលខុសត្រូវលើការជួយការពារព្រៃឈើនៅតំបន់សំឡូត។
សកម្មភាពការងាររបស់អង្គការនេះបានរីកចម្រើនជាបន្តបន្ទាប់ ដោយគ្របដណ្ដប់លើវិស័យសុខាភិបាល ការអប់រំ ជីវភាពរស់នៅប្រកបដោយនិរន្តរភាព និងការអភិរក្សព្រៃឈើ។ វិធីសាស្ត្រការងាររបស់អង្គការនេះ គឺដាក់សហគមន៍កម្ពុជាជាចំណុចស្នូល នៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ ជាជាងចាត់ទុកការការពារសត្វព្រៃថាជាគម្រោងដាច់ដោយឡែកមួយ ដែលមិនពាក់ព័ន្ធនឹងតម្រូវការរបស់ប្រជាជនដែលរស់នៅក្បែរតំបន់នោះ៕





















































Account
Security
Favourite Content