នៅក្នុងឆ្នាំ២០២៣នេះ «មហោស្រពភាពយន្តខ្លីចតុមុខ» បានរើសភាពយន្តខ្លីចំនួន ប្រាំមួយ ចំណងជើង សម្រាប់ប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងចំណោមភាពយន្តខ្លីដែលបានដាក់ប្រកួតចំនួន ៦៣ ចំណងជើង នេះបើយោងតាមការឲ្យដឹងរបស់ គណកម្មការរើសរឿងក្នុងស្រុក។ រឿងទាំង៦ មានចំណងជើងដូចតទៅ៖
១.Now what? ដឹកនាំរឿងដោយ ជុង សៀវភីន និង Jeremiah Overman

២.The Pen ដឹកនាំរឿងដោយ សុង ហេមគិរី

៣.A Day ដឹកនាំរឿងដោយ ភុំ មុត្តា

៤. Just Watch ដឹកនាំរឿងដោយ ផាត់ ច័ន្ទហាក់

៥.Erased ដឹកនាំរឿងដោយ ម៉េង ច័ន្ទលាភ

៦.The Door Knocker ដឹកនាំរឿងដោយ សុខពិឡុត និង អ៊ូង ទីសាណា

លោក អៀម ទិត្យសីហា ដែលជាអ្នករើសរឿងក្នុងស្រុកបានឲ្យដឹងថា៖ «ក្នុងចំណោមសាច់រឿង ដែលយើង សម្រាំងយកមកប្រកួត សមិទ្ធករម្នាក់ៗសុទ្ធតែមានគំនិតច្នៃប្រឌិត បូករួមនឹង ការប្រើប្រាស់ នូវបច្ចេកទេសដែលបង្ហាញពីចំណុចល្អនៅក្នុងការផលិតរបស់សមិទ្ធករម្នាក់ៗ»។ លើសពីនេះទៅទៀតលោកក៏បង្ហាញអារម្មណ៍បែបនេះថា៖ «ខ្ញុំពិតជារំភើប និងសប្បាយចិត្ត ដែលបានទស្សនារឿងជាច្រើន របស់សមិទ្ធករ ដែលបានចូលរួមក្នុងមហោស្រពរបស់យើង»។

គួរបញ្ជាក់ផងដែរថា រឿងទាំងប្រាំមួយចំណងជើងនេះបានជ្រើសរើស សម្រាប់ការប្រកួតឆ្នាំនេះគឺ សម្រិតសម្រាំងយកស្នាដៃ ដោយផ្អែកលើសមត្ថភាពក្នុងការផលិតភាពយន្ត ទៅតាមលក្ខខណ្ឌ
ដូចខាងក្រោម៖
– ការគ្រប់គ្រងសាច់រឿង ពីដើមដល់ចប់ គឺគាត់ដឹងអ្វីដែលខ្លួនកំពុងធ្វើ និងអ្វីដែលខ្លួនចង់បាន
– ការគ្រប់គ្រងបច្ចេកទេស និងគុណភាព នៅកំឡុងពេលថត និង ពេលថតចប់
– ការជ្រើសរើសតួ ដែលសមនឹងសាច់រឿង ហើយនិងការដឹកនាំតួ សម្តែង
– មានឆន្ទៈជាសិល្បករ បង្ហាញភាពច្នៃប្រឌិត សម្រាប់ស្នាដៃ របស់ខ្លួន។ នេះបើតាមការឲ្យដឹងរបស់គណកម្មាការជ្រើសររើសភាពយន្តក្នុងស្រុកនៃមហោស្រពភាពយន្តខ្លី ចតុមុខ។
ភាពយន្តក្នុងស្រុកដែលត្រូវយកមកចាក់បញ្ចាំងទាំង ៨រឿង៖

ស្របពេលជាមួយគ្នានេះដែរ លោក ផាត់ ច័ន្ទហាក់ ជាម្ចាស់ស្នាដៃរឿង «គ្រាន់តែមើល» ឬក៏ «Just Watch» ជាអ្នកដឹកនាំរឿងមួយក្នុងចំណោមរឿងទាំងប្រាំមួយ បានលើកឡើងថា៖ «ខ្ញុំពិតមាន អារម្មណ៍រំភើបយ៉ាងខ្លាំងក្រោយពីទទួលបានដំណឹងពីមហោស្រពភាពយន្តខ្លីចតុមុខថា រឿងរបស់ខ្ញុំត្រូវបានជ្រើសរើស មកប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដែលដំណឹងមួយនេះលើសពីការរំពឹងទុករបស់ខ្ញុំ»។ សមិទ្ធករភាពយន្តវ័យក្មេងរូបនេះបានពោលឡើងថា « ខ្ញុំសង្ឃឹមថា ទស្សនិជននឹងរីករាយបូករួមនឹងទទួលបានអ្វីដែលថ្មីពីខ្សែភាពយន្តរបស់ខ្លួនក៏ដូចសមិទ្ធករជាច្រើនរូបទៀត ដែលនឹងចាក់បញ្ចាំងនៅតាមរោងភាពយន្តនៅថ្ងៃខាងមុខនេះ»។
មហោស្រពភាពយន្តខ្លីចតុមុខរបស់យើង នឹងរៀបចំឡើងទៅ ពីថ្ងៃទី២៧ ដល់ទី៣០ ខែតុលាឆ្នាំនេះ រយៈពេលសរុបមានចំនួន ៤ថ្ងៃជាប់ៗគ្នា ដែលក្នុងនោះមានកម្មវិធីបើកនិងបិទមហោស្រពផងដែរ។ ទស្សនិកជនដែលចង់លើកទឹកចិត្តយុវសមិទ្ធករ និងចង់មានចូលចិត្តភាពយន្តខ្មែរក៏ដូចជាបរទេស អាចសាធារណៈជនអាចមកចូលរួមទស្សនារាល់រឿងខ្លីជាប់ជម្រើសទាំងអស់ នៅតាមរោង ភាពយន្ត ដូចជា Legend Cinema – Olympia Mall, K-Mall, SenSok Mega Mall, Major Cineplex – Sorya និង Cine Hub។
អ្វីដែលប្លែកនៅក្នុងឆ្នាំ២០២៣ នេះ CSFF ត្រូវបានគាំទ្រជាផ្លូវការក្រៅពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ហើយក៏មានការគាំទ្រជាថវិកា ដោយអង្គការសិល្បៈខ្មែរអមតៈ តាមរយៈមូលនិធិ «ដាំដុះ» និងអង្គការមូលនិធិកម្ពុជា។ នៅក្នុងនោះយើងក៏មានដៃគូព័ត៌មានដូចជា Everything About Cambodia (ភាសាអង់គ្លេស) និងApsara Media Services (ភាសាខ្មែរ) រោងភាពយន្ត Legend Cinema និង រោងភាពយន្ត Major Cineplex by Smart គាំទ្រដោយផ្តល់ជាទីតាំងសម្រាប់រៀបចំកម្មវិធី និង ចាក់បញ្ចាំងភាពយន្ត និងដៃគូសហគមន៍ជាច្រើន ផងដែរ។
ជាមួយគ្នានេះដែរមហោស្រពភាពយន្តខ្លីចតុមុខCSFFក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីរៀបចំកម្មវិធី និងរបស់របរផ្សព្វផ្សាយដល់សមិទ្ធករ សិស្សនិស្សិត និងមហាជន ក៏ដូចជាទំនុកបម្រុងដល់ក្រុមការងារមហោស្រព ដើម្បីឱ្យសក្តិសមនឹងទំនុកចិត្តទស្សនិកជនផង និង ភាគីពាក់ព័ន្ធផ្សេងៗផង។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័រដូចខាងក្រោម៖
- Website: Chaktomuk Short Film Festival
- Facebook Page: Chaktomuk Short Film Festival – Home | Facebook
- Telegram: https://t.me/csffkh
- YouTube: https://www.youtube.com/c/ChaktomukShortFilmFestival/
- TikTok: https://www.tiktok.com/@chaktomukshortfest

























Account
Security
Favourite Content